ភ្នំពេញៈ មន្ត្រីនគរបាលជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃម្នាក់បាននិយាយថា ស្រ្តីថៃម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរគ្រឿង ញៀនកូកាអ៊ីនទម្ងន់ជាងបីគីឡូក្រាមពីសិង្ហបុរីចូលមករាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ។
លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការស្ដីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន(NACD)ក្នុងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឈ្មោះ វ៉ារ៉ាំងក្រាន អាភូមឌី អាយុ ២៩ ឆ្នាំ សញ្ជាតិថៃត្រូវបានកងកម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន ចាប់ខ្លួននៅព្រលានយន្តហោះភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែសីហានៅម៉ោង១១និង៤០នាទី។ គាត់ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលនៅពេលគាត់មកទទួលយក កញ្ចប់អីវ៉ាន់ដែលខាងក្នុងមានបង្កប់គ្រឿងញៀនកូកាអ៊ីនទម្ងន់ ៣៦០៦,៦ក្រាម នៅឯព្រលានយន្តហោះ។
លោកឧត្តមសេនីយ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃម្សិលមិញថា ៖ «គាត់ត្រូវបានកងកម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនរបស់ យើងចាប់ខ្លួន នៅពេលគាត់មកទទួលយកកញ្ចប់អីវ៉ាន់គ្រឿងញៀនទម្ងន់ជាងបីគីឡូ ក្រាម ដែលគេបានផ្ញើពីសិង្ហបុរីមកកម្ពុជានៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ»។
លោកបានបន្ថែមថា៖«គាត់ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនអន្តរជាតិ»។
លោកបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនគាត់ នគរបាលបានរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន៦ ប្រអប់មានទម្ងន់៣៦០៦,៦ក្រាម។ ឥឡូវនេះគាត់កំពុងត្រូវបានឃុំខ្លួននៅក្រសួងមហាផ្ទៃដើម្បីសាក សួរ និងស្រាវជ្រាវបន្ថែមទៀត។
លោកបញ្ជាក់បន្ថែមថា៖«យើងកំពុងខិតខំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ដែលនៅពីក្រោយខ្នងករណីនេះ ឬនៅពីក្រោយខ្នងស្រ្តីជាប់សង្ស័យនេះ»។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា ឈ្មោះ វ៉ារ៉ាំងក្រាន អាភូមឌី នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការចោទ ប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះ។
លោក ខៀវ សាម៉ន បានថ្លែងថា យោងតាមច្បាប់ប្រឆាំងការជួញដូរគ្រឿងញៀនរបស់កម្ពុជា ប្រសិនបើគាត់ត្រូវបានរកឃើញពិតជាមានកំហុសមែន គាត់អាចនឹងជាប់ពន្ធនាគារយ៉ាងតិច២០ឆ្នាំ៕ PN
ភ្នំពេញ ប៉ុស្តិ៍

