មែនឆេស្ទ័រៈ ក្តីសុបិនរបស់ប្រេស៊ីលនៃការឈ្នះមេដាយមាសអូឡាំពិកមួយក្នុងការ ប្រកួតកីឡាបាល់ទាត់ កំពុងបោះជំហានកាន់តែកៀកនៅពេលដែលពួកគេបានបំបាក់ក្រុមកូរ៉េ ខាងត្បូងយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃអង្គារ។
ជ័យជម្នះនេះ នាំឲ្យពួកគេត្រូវឈានទៅជួបក្រុមម៉ិកស៊ិកក្នុងវគ្គផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋាន Wembley នាថ្ងៃសៅរ៍ ខណៈដែលម៉ិកស៊ិកបានទទួលជ័យជម្នះលើក្រុមជប៉ុន ៣-១។
ប្រេស៊ីល ដែលក្តីស្រមៃនៃការឈ្នះមេដាយមាសរបស់ពួកគេ ត្រូវបានប្រជែងដោយប៉ុន្មានប្រទេសផ្សេងទៀតនោះ បានទទួលជ័យជម្នះជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីនៅក្នុងតង់ ទី២របស់ខ្សែប្រយុទ្ធ Leandro Damiao ដែលបច្ចុប្បន្នគឺជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេប្រចាំ យុទ្ធនាការនេះជាមួយនឹង៦គ្រាប់ ក្រោយពីមានគ្រាប់បាល់បើកឆាកក្នុងនាទី ទី៣៨ពីកីឡាករ Romulo នៅពីមុខអ្នកទស្សនាចំនួន៦៩.៣៨៩នាក់។
Damiao បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ ខណៈដែលយើងបានបង្កើតនូវការខិតខំប្រឹងប្រែងដ៏ធំដើម្បីឈានទៅ វគ្គផ្តាច់ព្រ័ត្រ។ យើងមកទីនេះដើម្បីឈ្នះមេដាយមាស ហើយវាជាការប្រកួតដ៏ស្វិតស្វាញ ប៉ុន្តែយើងគឺជាក្រុមដ៏អស្ចារ្យ។ យើងគឺជាក្រុមប្រេស៊ីល ហើយមកទីនេះដើម្បីឈ្នះមេដាយមាស»។
ខ្សែការពារ Rafael ដែលលេងឲ្យក្លិប Manchester United បានបន្ថែមថា៖ «វាគឺជាអារម្មណ៍ដ៏អស្ចារ្យមួយក្នុងការលេងឲ្យប្រេស៊ីលនៅលើទឹក ដីរបស់ខ្ញុំ។ យើងមានការជឿជាក់ ខណៈគ្រូបង្វឹកក៏មានការជឿជាក់ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងមានលក្ខណៈខុសគ្នាចំពោះរាល់ ការប្រកួតផ្សេងទៀតដែលយើងបានប្រកួត»។
ក្រុមត្រូវបានចាត់ថា មានក្តីសង្ឃឹមក្នុងការឈ្នះមេដាយមួយនេះ ដែលកំពុងតែខិតខំព្យាយាមក្នុងការឈ្នះពានរង្វាន់អូឡាំពិកជា លើកទី១សម្រាប់រយៈពេល៦០ឆ្នាំ និងដែលបានខិតយ៉ាងប្រកៀកជាមួយនឹងការឈ្នះមេដាយប្រាក់ក្នុងឆ្នាំ ១៩៨៤ និង១៩៨៨នោះ បច្ចុប្បន្នទទួលជ័យជម្នះទាំង៥ប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងឡុងដ៍ ដោយបានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ក្នុងការប្រកួតនីមួយៗ និងរកគ្រាប់បាល់សរុបចំនួន១៥ទល់នឹង៥គ្រាប់។
កូរ៉េខាងត្បូងបានធ្វើឲ្យពួកគេជួបបញ្ហាច្រើននៅក្នុងដើមតង់ និងបានធ្វើការទាមទារសម្រាប់បាល់ប៉េណាល់ទី ប៉ុន្តែត្រូវបានច្រានចោល នៅពេលជើងរបស់កីឡាករ Juan Jesus បានប៉ះនឹងផ្ទៃមុខរបស់ខ្សែប្រយុទ្ធ Ji Dong-won នៅក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែក្រៅពីឱកាសបី ទៅបួនពី Ji ពួកគេមិនដែលបានធ្វើការគំរាមយ៉ាងពិតប្រាកដដល់ប្រេស៊ីលឡើយ។
កូរ៉េខាងត្បូងនឹងត្រូវជួបជាមួយជប៉ុនដែលអាចនឹងក្លាយជាការ ប្រកួតដ៏រស់រវើកមួយសម្រាប់ការដណ្តើមមេដាយសំរឹទ្ធនៅឯកីឡដ្ឋាន Millennium ក្នុងទីក្រុង Cardiff នៅថ្ងៃសុក្រ ខណៈប្រេស៊ីលសង្ឃឹមថា នឹងក្លាយជាម្ចាស់ជើងឯកអូឡាំពិកក្រោយពេលជួបម៉ិកស៊ិកនៅថ្ងៃ សៅរ៍៕ IS
ភ្នំពេញ ប៉ុស្តិ៍







