Headlines:

ក្រុម​កីឡា​វាយ​សី​ ក្រសួង​មហាផ្ទៃ នឹង​ចេញ​ទៅ​ប្រកួត​នៅ​ខេត្ត​ដុងថាប់ ប្រទេស​វៀតណាម

120809_25a
លោក ស៊ិន ប៊ុន​ថន និងក្រុម​កីឡាករវាយ​សី​របស់​ក្រសួង​មហា​ផ្ទៃ នាព្រឹត្តិការណ៍​ដណ្តើម​ជើង​ឯក​​កន្លងមក​។ យឺន ពន្លក

ភ្នំពេញៈ សមាគម​កីឡា​វាយ​សី​ក្រសួង​មហាផ្ទៃ​បាន​ត្រៀម​កីឡាករ​-ការិនី​ដើម្បី​ទៅ​ ចូល​រួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​សហព័ន្ធ​កីឡា​វាយ​សី​វៀតណាម នៅ​ខេត្ត​ដុង​ថាប់​ ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦ ខែ​សីហា ខណៈ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ​មុន​ការ​ប្រកួត​មួយ​ថ្ងៃ។

ព្រឹត្តិការណ៍​នេះ មាន​ការ​ចូល​រួម​ពី​ភូមិភាគ​និង​ខេត្ត​ជាង​២០​នៃ​ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​​កីឡាករ-ការិនី​ប្រមាណ​៥០០​នាក់ លើ​ប្រភេទ​វិញ្ញាសា​ជាច្រើន។ វា​ជា​លើក​ទីពីរ​ហើយ ខណៈ​កីឡា​វាយ​សី​កម្ពុជា​ដែល​តំណាង​ដោយ​ក្រុម​ ក្រសួង​មហាផ្ទៃ នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​។

លោក គាវ សុវណ្ណធី​ អនុ​ប្រធាន​សមាគម​កីឡា​វាយ​សី​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​ប្រតិភូ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖​ «សហព័ន្ធ​កីឡា​វាយ​សី​វៀតណាម និងកីឡា​វាយ​សី​ក្រសួង​មហាផ្ទៃ តែង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្នុង​រយៈ​ពេល​កន្លង​មក​ ហេតុ​នេះ ​គេ​មិន​ចាំបាច់​អញ្ជើញ​តាម​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​នោះ​ឡើយ»​។

លោក​បាន​បន្ត​ថា​៖ «យើង​ត្រៀម​កីឡាករ-ការិនី​ចំនួន​សរុប​២០​នាក់​ និង​ប្រតិភូ​ដឹក​នាំ​ចំនួន​៣​នាក់​ ដែល​នឹង​ចេញ​ដំណើរ​តាម​រថយន្ត​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ»​។

លោក ជា ប៊ុនហេង​ ប្រធាន​លេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​កីឡា​នគរបាលជាតិ និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ចូល​រួម​ប្រកួត​ច្រើន​វិញ្ញាសា ហើយ​ក៏​មាន​វត្តមាន​កីឡាការិនី​ពីរ​នាក់​មក​ពី​ខេត្ត​ស្វាយរៀង​ផង​ដែរ។

លោក​បន្ត​ឲ្យ​ដឹង​ថា​៖​ «កីឡាករ​វ័យ​ចាស់​របស់​យើង​ភាគ​ច្រើន​ជា​មន្ត្រី​រាជ​ការ​ និង​ថ្នាក់​ដឹក​នាំ​ដែល​តែង​មក​ហ្វឹកហាត់​រៀង​រាល់​ល្ងាច​។​ វិញាសា​ដែល​យើង​សម្រាំង​ទៅ​ប្រកួត​មាន​ប្រភេទ​អាយុ​៥៦​ឆ្នាំ​ឡើង​ អាយុ​ពី​៥០​ទៅ​៥៥​ឆ្នាំ​ អាយុ​ពី​៤០​ទៅ​៤៩​ឆ្នាំ និង​អាយុ​៣០​ឆ្នាំ​ចុះ​ដោយ​មាន​វាយ​គូ​បុរស នារី​ និង​វាយ​ចម្រុះ»។

លោក​ ជា ប៊ុនហេង បាន​លើក​ឡើង​ថា កន្លង​មក​កីឡា​វាយ​សី​កម្ពុជា​មិន​ដែល​មាន​ប្រវត្តិ​ដណ្តើម​បាន​មេដាយ ឬ​ជ័យលាភី​អ្វី​ពី​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ​ឡើយ ជា​ពិសេស​ចាប់​ពី​ឆ្នាំ​១៩៧៩​មក។

ប៉ុន្តែ​របត់​ថ្មី​នៃ​កីឡា​របស់​សមាគម​ក្រសួង​មហាផ្ទៃ​ដែល​ធ្វើ​សកម្មភាព​ឬ ចេញ​ទៅ​ប្រកួត​ដោយ​មិន​បាន​ចំណាយ​ថវិកា​រដ្ឋ​នោះ​ បាន​ធ្វើ​ឲ្យ​ក្រុម​កីឡា​វាយ​សី​   ក្រសួង​មហា​ផ្ទៃ ទទួល​បាន​មេ​ដាយ​សំរឹទ្ធ​២​ពី​ព្រឹត្តិការណ៍​ពាន​រង្វាន់​ទូរទស្សន៍​កាន់ ធ័រ​របស់​វៀតណាម​កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ​២០១២​កន្លង​មក​ថ្មីៗ​នេះ​ ។ ​សម្រាប់​ការ​ចេញ​ទៅ​ប្រ​កួត​នេះ​ លោក​សង្ឃឹ​ម​ថា ​នឹង​ទទួល​បាន​មេដាយ​ជា​មិន​ខាន។​

ជុំវិញ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ពី​សហព័ន្ធ​វាយ​សី​កម្ពុជា​ដែល​ចេញ​លិខិត ​ទៅ​សមាគម​ក្រសួង​មហាផ្ទៃ​ បន្ទាប់​ពី​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​វាយ​សី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សខេង​លើក​ទី៨ ដោយ​ចង់​ឲ្យ​សមាគម​វាយ​សី​មហាផ្ទៃ​ធ្វើ​សកម្មភាព​ក្រោម​ការ​គ្រប់​គ្រង​ របស់​សហព័ន្ធ​វាយ​សី​កម្ពុជា​នោះ​ លោក ​ជា​ប៊ុនហេង​ បាន​បក​ស្រាយ​ថា ការ​ប្រកួត​ថ្នាក់​ជាតិ​ឬ​អន្តរជាតិ​ជា​លក្ខណៈ​មិត្តភាព ឬ​ពាន​រង្វាន់​ដែល​គេ​ហៅ​ថា​ OPEN ​គឺជា​ការ​បើក​ទូលាយ​ដល់​ក្រុម​ ឬ​បុគ្គល​ក្នុង​ការ​ចូល​រួម​ទៅ​តាម​ការ​អញ្ជើញ។

លោក​បាន​បញ្ជាក់​ជារួម​ថា ក្រុម​ ឬ​បុគ្គល​ដែល​អាច​មាន​លទ្ធ​ភាព​ចេញ​សោហ៊ុយ​ធ្វើ​ដំណើរ ថ្លៃ​ហូប​ចុក និង​ការ​ស្នាក់​នៅ​ដោយ​ខ្លួន​ឯង អាច​ទៅ​ចូល​រួម​តាម​ការ​អញ្ជើញ​បាន​ព្រោះ​វា​មិន​មែន​ជា​ការ​ចាយ​វាយ​ថវិកា​ រដ្ឋ​នោះ​ឡើយ៕