Headlines:

Standard Chartered តបត​នឹង​ការ​ចោទ​ប្រកាន់

ក្រុង​ញូវយ៉កៈ ធនាគារ Standard Chartered កាល​ពី​ថ្ងៃ​ពុធ ទទួល​បាន​ការ​គាំទ្រ​ខ្លះ​ពី​ទេសាភិបាល​ធនាគារ​កណ្តាល​របស់​អង់គ្លេស​ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​និយតករ​ធនាគារ​នៅ​ទីក្រុង ​ញូវយ៉ក ដែល​បានចោទ​ប្រកាន់​ថា ធនាគារ​មួយ​នេះ បាន​លាក់​បាំង​ប្រតិបត្តិការ​សាច់​ប្រាក់​ចំនួន ២៥០​ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយ​នេះ បាន​បាត់​បង់​តម្លៃ​ទីផ្សារ​របស់​ខ្លួន​មួយ​ភាគ​បួន​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង បន្ទាប់​ពី​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​របស់​​អាមេរិក​​នៅ​ទីក្រុង​​ញូវយ៉ក បាន​គំរាម​កាល​ពី​ថ្ងៃ​ចន្ទ លុប​ចោល​អាជ្ញាប័ណ្ណ​សាខា​របស់​ធនាគារ​នេះ​នៅ​អាមេរិក ដោយ​ចោទ​ប្រកាន់​ថា​ ធនាគារ​មួយ​នេះ គឺជា​ស្ថាប័ន​មិន​ស្មោះ​ត្រង់ ដែល​បំពាន​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។

ភាគ​ហ៊ុន​របស់​ធនាគារ Standard Chartered បាន​កើន​ឡើង ៨,៣​ភាគរយ​កាល​ពី​ថ្ងៃ​ពុធ ដល់​១៣,៣២​ផោន ពី​តម្លៃ ១០,៩២​ផោន ដែល​ជា​តម្លៃ​ទាប​បំផុត​ក្នុង​រយៈ​ពេល​បី​ឆ្នាំ តែ​តម្លៃ​ភាគ​ហ៊ុន​នេះ នៅ​តែ​ធ្លាក់​ចុះ​ ១៧​ភាគ​រយ ចាប់​ពី​និយតករ​ក្រុង​ញូវយ៉ក បាន​ចោទ​ប្រកាន់​ធនាគារ​នេះ​មក។

មេ​ដឹក​នាំ​កំពូល​របស់​ធនាគារ​នេះ បាន​ស្វែងរក​យុទ្ធសាស្រ្ត​ការពារ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​តវ៉ា​ជំទាស់​រួច​ហើយ​ចំពោះ​តួលេខ​របស់​និយតករ​អាមេរិក។ ធនាគារ​ Standard Chartered បាន​អះអាង​ថា ប្រតិបត្តិការ​សាច់​ប្រាក់​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់ មាន​ចំនួន​តិច​តួច​ណាស់ ពោល​គឺ​មាន​តិច​ជាង​ ១៤​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​លើក​យក​មក​ជជែក​ដេញ​ដោល​ក្រោម​ច្បាប់​ទណ្ឌកម្ម​របស់​អាមេរិក។

លោក​ Mervyn King ទេសាភិបាល​ធនាគារ​កណ្តាល​អង់គ្លេស កាល​ពី​ថ្ងៃ​ពុធ បាន​លើក​ឡើង​ពី​ការ​ប្រៀប​ធៀប​ដោយ​មិន​សម​ហេតុ​ផល​រវាង​ករណី​នេះ និង​ចំណាត់​ការ​របស់​អាមេរិក​ប្រឆាំង​នឹង​ធនាគារ​អង់គ្លេស ដូច​ជា​ការ​ស៊ើប​អង្កេត​លើ​ការ​គ្រប់គ្រង​អត្រា​ការ​ប្រាក់​នៅ​ក្នុង ធនាគារ​ Barclays PLC ជាដើម៕ BP



This content has been locked. You can no longer post any comments.
Show/hide comments
busy