ភ្នំពេញៈ សិស្សគុនក្លិប អេ ភូថងកីឡា អ៊ី ប៊ុនថា បានធ្វើឲ្យការអះអាងរបស់អតីតអ្នកប្រដាល់គ្មានគូប្រៀប អេ ភូថង ដែលជាគ្រូបង្វឹករបស់ខ្លួន ប្រែក្លាយជាសាបសូន្យ ខណៈរូបគេមិនអាចយកឈ្នះ ខុន ស៊ីចន សម្រាប់ការជួបគ្នាជាលើកដំបូងនៅលើសង្វៀនប៉ុស្តិ៍លេខ៣ កាលពីថ្ងៃសៅរ៍កន្លងមក ប៉ុន្តែការម៉ាត់ចូលពេញៗរបស់ ប៊ុនថា បានបន្សល់ស្នាមពក និងបែកនៅលើផ្ទៃមុខ ស៊ីចន គួរឲ្យព្រឺព្រួច។
ឈានចូលទឹកទី២ ប៊ុនថា បានបង្កើនការម៉ាត់ទៅលើផ្ទៃមុខ ស៊ីចន ប៉ុន្តែស្របពេលជាមួយគ្នានេះ ស៊ីចន បានគេចចេញយ៉ាងលឿន រួចស្ទុះចូលបុកជង្គង់ចូលពេញៗ។ ការបុកជង្គង់ដ៏ល្អរបស់គេបានបង្ខំឲ្យ ប៊ុនថា ប្រឹងប្រែងប្តូរជង្គង់សងវិញ បន្ថែមលើជំនាញម៉ាត់របស់ខ្លួន ហើយនេះក៏ជាស្នៀតដើម្បីរំដោះខ្លួន និងទប់ស្កាត់ការតាមបុកជង្គង់ជាបន្តបន្ទាប់របស់សិស្សគុនក្លិបកង ពលធំអន្តរាគមន៍លេខ៣ ស៊ីចន ផងដែរ។
ភាពមានប្រៀបផ្នែកការប្រើជង្គង់ បានជំរុញឲ្យ ស៊ីចន កាន់តែមានទំនុកចិត្តក្នុងការចូលវាយលុកទៅលើ ប៊ុនថា នៅក្នុងទឹកទី៣ ប៉ុន្តែរូបគេមិនទទួលបានភាពចំណេញដូចទឹកមុនៗនោះទេ។ ផ្ទុយទៅវិញការម៉ាត់ស្កាត់ចូលផ្ទៃមុខពេញៗពីសំណាក់ អ៊ី ប៊ុនថា បានធ្វើឲ្យ ស៊ីចន ទន់ជ្រាយយ៉ាងខ្លាំង រីឯ ប៊ុនថា ក៏មានបញ្ហាផ្នែកថាមពល ក្រោមការវាយលុកមិនដកថយរបស់ ស៊ីចន ផងដែរ។
ដោយមើលឃើញថា ស៊ីចន កំពុងតែថមថយកម្លាំងនោះ ប៊ុនថា មិនបង្អង់យូរឡើយ។ គ្រាន់តែសំឡេងស្នូរជួងទឹកទី៤បានបន្លឺឡើង គេបានស្ទុះចូលម៉ាត់សន្ធាប់ទៅលើពោះ និងផ្ទៃមុខរបស់ ស៊ីចន ខ្លាំងៗ ហើយទម្ងន់ដៃទាំងនោះស្ទើរតែបណ្តាលឲ្យ ស៊ីចន ចង់គាំងម្តងៗទៅហើយ។ តែទោះបីជាយ៉ាងណា ការឈ្មុសឈ្មុលតាមបុកជង្គង់ និងម៉ាត់សងទាំងត្រដាបត្រដួសរបស់ ស៊ីចន នៅតែជួយឲ្យការប្រកួតរបស់គេមានលំនឹង និងរកបានពិន្ទុប្រកៀកប្រកិតជាមួយ ប៊ុនថា ដដែល។
នាការប្រកួតកាត់សេចក្តីនៅទឹកទី៥ ប៊ុនថា នៅតែធ្វើបានល្អនៅដើមទឹក តាមរយៈការម៉ាត់ចូលផ្ទៃមុខ ស៊ីចន ពេញៗ ហើយទម្ងន់ដៃរបស់គេមិនត្រឹមតែបានបន្សល់ស្នាមពកនៅលើផ្ទៃមុខ ស៊ីចន ប៉ុណ្ណោះទេ វាក៏បានធ្វើឲ្យស្បែកមុខដ៏ក្រាស់របស់ ស៊ីចន ត្រូវបែកហូរឈាមចេញពីថ្ពាល់ខាងស្តាំទៀតផង។
តំណក់ឈាមដ៏តិចតួចនេះ ស៊ីចន មិនបានធ្វើឲ្យ ស៊ីចន បាក់ស្មារតីនោះឡើយ។ ផ្ទុយទៅវិញគេបានព្យាយាមប្រើប្រាស់ថាមពលចុងក្រោយតាមបុកជង្គង់ និងម៉ាត់សងទៅលើ ប៊ុនថា យ៉ាងអំណត់។ ថ្វីបើកណ្តាប់ដៃរបស់ ប៊ុនថា នៅតែអាចធ្វើឲ្យរូបគេជួបការលំបាកយ៉ាងណាក្តី ប៉ុន្តែការតាមបុកជង្គង់ និងការម៉ាត់សងរបស់ ស៊ីចន នៅតែជួយឲ្យរូបគេឈ្នះពិន្ទុលើ ប៊ុនថា ដដែលដោយក្នុងនោះចៅក្រម៣នាក់បានផ្តល់ជ័យជម្នះឲ្យរូបគេខណៈ២ រូបផ្សេងទៀតបានផ្តល់ពិន្ទុឲ្យ ប៊ុនថា ជាអ្នកឈ្នះ៕
ភ្នំពេញ ប៉ុស្តិ៍







