Headlines:

នីហ្សេរីយ៉ា​និយាយ​ថាក្រុម​សកម្ម​ប្រយុទ្ធ​២០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា

120814_19d
ស្នាម​ឈាម​ដាម​លើ​ថ្នល់ ក្បែរកន្លែង​ប្រ​យុទ្ធ​គ្នា​នៅ​ក្រុង​ម៉ៃ​ឌូ​ហ្គូ​រី​។ Reuters

ក្រុង​ម៉ៃឌូហ្គូរី: មន្ត្រី​សន្តិសុខ​មួយ​រូប​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​នីហ្សេរីយ៉ា​ បាន​សម្លាប់​សកម្ម​ប្រយុទ្ធ​សង្ស័យ​និកាយ​បូកូហា រ៉ាម​២០​នាក់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ពួក​គេ​បាន​វាយ​ឆ្មក់​លើ​ទីតាំង​ លាក់​ខ្លួន​អ៊ិស្លាម​និយម​មួយ​កន្លែង នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា ទាហាន​ម្នាក់​ ក៏​ត្រូវ​គេ​សម្លាប់​ផង​ដែរ​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ក្រុង​ម៉ៃឌូហ្គូរី នៃ​រដ្ឋ​បូរណូ​។

លោក​វរសេនីយ៍​ឯក​ វិចទ័រ អេបហាឡេម៉េ​ មន្ត្រី​ប្រតិបត្តិការ​មូលដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​រួម​(JTF)យោធា​និង​ប៉ូលិស ​នៅ​ក្នុង​រដ្ឋ​បូរណូ​បាន​និយាយ​ថា ​កម្លាំង​សន្តិសុខ​មាន​ព័ត៌មាន​ចារកម្ម​ថា សមាជិក​ខ្លះ​នៃ​ក្រុម​នេះ​ កំពុង​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​ឯ​ទីតាំង​មួយ នៅ​ក្នុង​ក្រុង​ម៉ៃ​ឌូហ្គូរី​។ លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​យើង​បាន​ចូល​ជិត​ទីកន្លែង​នៃ​ចំណុច​ជួប​ជុំ​របស់​ពួក គេ​ ក្រុម​ភេរវករ​នោះ បាន​បើក​ការ​បាញ់​រះលើ​ក្រុម​ JTF ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​ភេរវករ​ចំនួន​២០​នាក់​ រីឯ​យើង​បាន​បាត់​បង់​ទាហាន​ម្នាក់​ ហើយ​ពីរ​នាក់​ទៀត ​បាន​រង​របួស​»។

ក្រុម​បូកូហារ៉ាំ​មិន​បាន​ធ្វើ​អធិប្បាយ​ទេ ហើយ​គេ​ក៏​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​នេះ ដោយ​ឯករាជ្យ​ដែរ​។ បូកូ​ហារ៉ាម​ជា​ក្រុម​អ៊ិស្លាម​និយម​មួយ​ដែល​យក​ស្ទីល​តាម​ក្រុម​តាលីបង់ កំពុង​តែ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ ជាមួយ​ទស្សនៈ​ចង់​បង្កើត​រដ្ឋ​អ៊ិស្លាម​មួយ នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដែល​មាន​ពលរដ្ឋ​ជាង​១៦០​លាន​នាក់ ដែល​បែក​បាក់​គ្នា​ជា​ពីរ រវាង​ក្រុម​គ្រិស្តសាសនិក និង​ក្រុម​មូស្លីម​។

ក្រុម​អ៊ិស្លាម​និយម​ បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ ដោយ​កាំភ្លើង​ និង​គ្រាប់​បែក​នៅ​នីហ្សេរីយ៉ា ជា​ប្រទេស​ផលិត​ថាមពល​កំពូល​របស់​អាហ្វ្រិក​ចាប់​តាំង​ពី​ពួក​គេ​បាន​ចាប់ ផ្ដើម​ធ្វើ​ការ​បះបោរ​ក្នុង​ឆ្នាំ​២០១២។

អំពើ​ហិង្សា​បាន​ផ្ដោត​ទៅ​លើ​រដ្ឋ​បូរណូ និង​តំបន់​ជាច្រើន​ទៀត​ដែល​មាន​មូស្លីម​ដ៏​ច្រើន​លើស​លប់​នៅ​ភាគ​ខាង​ជើង៕ PN