Headlines:

ក្រុម​សកម្ម​ប្រយុទ្ធ​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ធំ​ប៉ាគីស្ថាន សម្លាប់​៩​នាក់

120817_17a
ឆ្មាំទាហាន​ប៉ារ៉ាប៉ាគីស្ថាន ឈរ​ជើង​នៅពី​មុខ​ច្រកចូលធំនៃបន្ទាយ​មីន​ហាស់នៅទី​ប្រ​ជុំ​ជនកាម​រ៉ា នៅក្នុង​ខេត្ត​ពុន​ចាប់ បន្ទាប់​ពី​ការ​វាយ​ប្រហារកាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍។ Reuters

ក្រុង​កាមរ៉ាៈ កម្លាំង​ទ័ព​អាកាស បាន​និយាយ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​ប្រដាប់​ដោយ​គ្រាប់​បេ និង​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ជា​ច្រើន​ដើម បាន​បាញ់​បើក​ផ្លូវ​ចូល​ទៅ​ក្នុង​មូលដ្ឋាន​ទ័ពអាកាស​ធំ​បំផុត​មួយ​របស់ ​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ ក្នុង ​ការ​ប្រឈម​ដ៏​ព្រហើន​ទៅ​នឹង​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ។

អ្នក​នាំ​ពាក្យ​ទ័ព​អាកាស​ម្នាក់ បាន​និយាយ​ថា មាន​តែ​យន្ត​ហោះ​មួយ​គ្រឿង​គត់​ដែល​បាន​រង​ការ​ខូច​ខាត ដោយ​លោក​បន្ថែម​ថា​ មូលដ្ឋាន​អាកាស​មីនហាស់​ នៅ​ក្រុង​កាមរ៉ា កណ្តាល​ខេត្ត​ពុនចាប់ មិន​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ទេ​។ លោក​បាន​ថ្លែងថា៖«ពុំ​មាន​មូលដ្ឋាន​អាកាស​ ជា​មូលដ្ឋាន​នុយក្លែអ៊ែរ​ទេ​នៅ​ប៉ាគីស្ថានេ​»​។

ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​មួយ បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ម៉ោង បន្ទាប់​ពី​ការ​វាយ​ប្រហារ បាន​ចាប់​ផ្តើម​។ កង​កុម្ម៉ង់ដូ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ដើម្បី​ពង្រឹង​កម្លាំង ហើយ​គេ អាច​ឃើញ​រថពាស​ដែក​ប៉ូលិស​ជា​ច្រើន​គ្រឿង​ចូល​ក្នុង​បន្ទាយ​នេះ​។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់​ថា ជន​សកម្ម​ប្រយុទ្ធ​៨​នាក់ និង​ទាហាន​ម្នាក់ ត្រូវ​បាន​ស្លាប់​។​ ក្រុម​អ្នក​វាយ​ប្រហារ​ បាន​ចល័ត​ឆ្លង​កាត់​តាម​ភូមិ​មួយ​នៅ​ក្បែរ​នោះ​ក្រោម​ភាព​ងងឹត ហើយ​បាន​តោង​ឡើង​ជញ្ជាំង​២,៧​ម៉ែត្រ​ ដែល​ព័ទ្ធ​ដោយ​លួស​បន្លា​ ដើម្បី​បំបែក​ចូល​ក្នុង​មូលដ្ឋាន​នេះ​។ ​អ្នក​ខ្លះ​មាន​ប្រើ ឯក​សណ្ឋាន​យោធា​។

ការ​វាយ​ប្រហារ​នេះ បាន​បង្ក​ក្តី មន្ទិល​ជុំវិញ​ការ​អះអាង​ជា​ផ្លូវ​ការ​ដែល​ថា ​ប្រតិបត្តិការ​យោធា បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ខ្លាំង​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​ធ្វើ​យុទ្ធនាការ​ហិង្សា​ ដើម្បី​ផ្តួល​រំលំ​​រដ្ឋា​ភិបាល​ដែល​គាំទ្រ​ដោយ​អាមេរិក និង​ដាក់​ច្បាប់​អ៊ិស្លាម​តឹងរ៉ឹង​ឲ្យ​ប្រើ។

អ្នក​នាំ​ពាក្យ​ទ័ព​អាកាស​រូប​នេះ បាន​អះអាង​ថា កម្លាំង​សន្តិ​សុខ បាន​បើក​ការ​វាយ​ប្រហារ​ នៅ​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​អាវ​កាក់​គ្រាប់​បែក​អត្តឃាត​ជាប់ ខ្លួន បាន​ដើរ​ទៅ​ជិត​រោង​ផ្ទុក​យន្ត​ហោះ​ ដោយ​ញ៉ាំង​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​ផ្សេង​ទៀត បាញ់​គ្រាប់​បេ​ពី​ខាង​ក្រៅ​ជញ្ជាំង​បន្ទាយ​នេះ​។

លោក​អនុ​សេនីយ៍ឯក តារីក ម៉ះមូដ បាន​និយាយ​ថា ឧត្តមនាវី​ត្រី​នៃ​កង​កុម្ម៉ង់ដូ​ទ័ព​អាកាស​ ម៉ូហាម៉ាត់ អាហ្សាម ​ដែល​ដឹក​នាំ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​អ្នក​វាយ​ប្រហារ​នេះ ត្រូវ​គេ​បាញ់​ចំស្មា ប៉ុន្តែ​មិន​ប៉ះពាល់​ជីវិត​ទេ។

គេ​មិន​បាន​ដឹង​ភ្លាមៗ​ទេ​ថា​ការ​វាយ​ប្រហារ​នេះ​បាន​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​អ្នក​យក​ព័ត៌​មាន​រ៉យទ័រ​ដែល​បាន​ទៅ​ដល់​បន្ទាយ​កាមរ៉ា​នៅ​ពេល​ ព្រឹក មិន​បាន​ឮ​កាំភ្លើង​ទេ ប៉ុន្តែ​កំពុង​ប្រតិបត្តិ​បោស​សម្អាត​៕ NR