​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន ដែល​ឡើងកាន់​អំណាច​កាលពី​ខែសីហា ឆ្នាំមុន និង​ដែល​ទើប​ប្រកាស​ផ្អាក​ដើរទៅ​ក្រៅប្រទេស បានចាត់ទុក​ក្របី​ទឹក​ថា​ជា «​អំណាច​ទន់​» ថ្មី​របស់​ប្រទេស ដោយ​ប្រើប្រាស់​វា​ក្នុងការ​ផ្សព្វផ្សាយ​ផ្សេងៗ​ជា​អន្តរជាតិ ដែល​អាចជា​ប្រភព​នៃ​ការបង្កើន​ចំណូល​ជាតិ​។​

​លោក សេដ្ឋា បានអនុម័ត​គំនិត​នេះ​ភ្លាមៗ​នៅពេលដែល​តំណាង​សមាគម​អ្នក​ចិញ្ចឹម​ក្របី​ថៃ ស្នើ​ទៅកាន់​លោក​នៅ​វិមាន​រដ្ឋាភិបាល​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

ក្នុងជំនួប​នោះ តំណាង​សមាគម​ថែមទាំង​បាន​នាំយក​ក្របី​ឈ្មោះ Ko Muang Phet ដែល​សារព័ត៌មាន​ថៃ​ចាត់ទុកថា ​ជា «​តារា​ក្របី​»​​ ទៅ​ជួប​លោក សេដ្ឋា ទៀតផង​។ ការណ៍​នេះ ធ្វើឡើង​ដើម្បី​ជួយ​ជំរុញ​ការលើកកម្ពស់​សត្វ​ក្របី​ថៃ ជា​និមិត្តរូប​នៃ​អំណាច​ទន់​ដែលជា​វិធីសាស្ត្រ​ទាក់ទាញ​គេ​ឱ្យចូល​ចិត្ត​ខ្លួន​តាមរយៈ​ការ​បង្ហាញ​វប្បធម៌​ជាដើម​។​

​លោក Jittanart Limthongkul ដែលជា​ម្ចាស់​របស់ Ko Muang Phet និង​កសិដ្ឋាន​ Vanasuwan Farm Co បាន​និយាយថា លោក​ចង់ឱ្យ​រដ្ឋា​ភិ​បាល​ប្រើប្រាស់​ក្របី​ថៃ ក្នុងការ​បង្ហាញ​អំណាច​ទន់​។​

​លោក​បាន​និយាយថា កាលពី​ថ្ងៃ​អង្គារ លោក​បាន​បណ្ដើរ​បង្ហាញ​ខ្លួន Ko Muang Phet នៅលើ​ផ្លូវ Phra Athit ក្នុង​ទីក្រុង​បាងកក ហើយ​ធ្វើឱ្យ​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកទេសចរ​ជាច្រើន​។​

​ជាមួយគ្នានេះ​ផងដែរ លោក​គ្រោង​នឹង​នាំយក​ក្របី​ធំៗ​ជា​ច្រើន​ក្បាល រួមទាំង​ Ko Muang Phet ទៅ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​នៅ​ផ្លូវ​ Khao San នៅ​ថ្ងៃទី​ ១៣ និង​ ១៤ ខែមេសា​។​

​យ៉ាងណាមិញ លោក​បាន​និយាយថា លោកនាយក​រដ្ឋ​មន្ត្រី​បាន​ណែនាំ​ឱ្យ​លោក​ធានា​សុវត្ថិភាព​សាធារណៈ ទោះបី​វា​ជា​គំនិតល្អ​ក៏ដោយ​។ លោក ​Jittanart បន្តថា ក្របី​ទឹក​មិន​ក្អេង​ក្អាង​ទេ ហើយ​វា​ចូលចិត្ត​ទឹក​។​

​ចំណែកឯ​លោក​ សេដ្ឋា វិញ បាន​ថ្លែងថា លោក​នឹង​ផ្សព្វផ្សាយ​ក្របី​ថៃ​ជា​អំណាច​ទន់ ហើយ​លោក​ប្រាកដថា អ្នកទេសចរ​នឹង​រំភើបចិត្ត​ពេល​ឃើញ​សត្វ​នេះ​មាន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នា​ខែក្រោយ​។​

​លោក​បាន​បញ្ជា​ឱ្យ​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម និង​សហករណ៍ ធ្វើ​កម្មវិធី​បង្ហាញ​ក្របី​ថៃ នៅ​ចិន​ក្នុង​ខែឧសភា​ខាងមុខ ខណៈ​ថៃ​កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​ច្រើន​៕