​យោងតាម​ការសិក្សា​កាល​ពី​ពេល​ថ្មីៗ នៅ​ប្រទេស​ជប៉ុន​បាន​បង្ហាញថា ជិត ​៤០​ ភាគរយ​នៃ​ជនជាតិ​ជប៉ុន​ដែល​រៀបការ​ហើយ​ក្នុង​វ័យ ​៣០ ​ឆ្នាំ​មិនសូវ​បានរួម​ដំណេក​ជាមួយគ្នា​ឡើយ បើទោះបីជា​ពួកគេ​ចង់បាន​កូន​ក៏ដោយ​។ ការណ៍​នេះ​បាន​ក្លាយជា​បញ្ហា​ប្រឈម​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​អត្រាកំណើត​។​ ​ការសិក្សា​នេះ​បាន​រកឃើញថា ដៃគូ​ជាច្រើន​មាន​ទំនាក់ទំនង​ផ្លូវភេទ​ទាប​ខ្លាំង ហើយ​ដៃគូ​ខ្លះ​គឺ​គ្មាន​ការរួម​ភេទ​សោះតែ​ម្ដង​។​

​យោងតាម​សមាគម​វិទ្យាសាស្ត្រ​ផ្លូវភេទ​របស់​ប្រទេស​ជប៉ុន បានឱ្យដឹងថា ភាព​គ្មាន​ការរួម​ភេទ គឺ​សំដៅ​ដល់​គូស្នេហ៍​មួយគូ​ដែល​មិនបាន​រួមភេទ​លើសពី​មួយខែ​។ លោកស្រី​ យ៉ូ​ស៊ី ម៉ូ​រី​គី (Yoshie Moriki) សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​គ្រី​ស្ទា​ន​អន្តរជាតិ​និង​អ្នកស្រាវជ្រាវ​ផ្សេងទៀត បាន​ចងក្រង​ឯកសារ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០២២ តាមរយៈ​ការវិភាគ​ទិន្នន័យ​ពី​ការស្ទង់មតិ​នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំ ២០១០ ​ទៅលើ​បុរស និង​ស្ត្រី​ចំនួន ៩ ០០០​ នាក់ ​ដែលមាន​អាយុ​ពី ២០​ ទៅ ៥៩ ​ឆ្នាំ​ ដើម្បី​សិក្សា​អំពី​សកម្មភាព​ផ្លូវភេទ​ក្នុងចំណោម​គូ​ស្វាមីភរិយា​ដែល​រៀបការ​រួច​។​

​ជា​លទ្ធផល ស្ទើរតែ​ពាក់កណ្តាល​នៃ​អ្នក​ឆ្លើយតប​ទាំង ៩ ០០០ បាន​រួមភេទ​តិចជាង​ម្តង​ក្នុង​មួយខែ​។ ក្នុងចំណោម​អ្នក​ដែល​ចង់​បានកូន អត្រា​គ្មាន​ការរួម​ភេទ​មាន​ចំនួន ២២ ​ភាគរយ​ក្នុង​វ័យ​ ២០ ​ឆ្នាំ ៣៧​ ភាគរយ ក្នុង​វ័យ​ ៣០ ​ឆ្នាំ​និង​កើនឡើង​ដល់​ ៥០ ​ភាគរយ​ក្នុង​វ័យ​ ៤០​ ឆ្នាំ​។​

​អ្នក​ដែល​ចង់បាន​កូន​ទី​២ ​បាន​ប្រឈម​មុខ​នឹង​អត្រា​មិន​រួមភេទ​ខ្ពស់ជាង​នេះ ពោលគឺ​ ៤០​ ភាគរយ​ក្នុង​វ័យ​ ២០​ ឆ្នាំ ៤៨ ​ភាគរយ​ក្នុង​វ័យ ​៣០ ​ឆ្នាំ និង ៦៧​ ភាគរយ​ក្នុង​វ័យ ៤០​ ឆ្នាំ​។ លោកស្រី ម៉ូ​រី​គី បាន​លើកឡើងថា នៅក្នុង​វប្បធម៌​របស់​ជប៉ុន សុភមង្គល​គ្រួសារ​ជាការ​រស់នៅ​ផ្តោតលើ​កូនៗ ជាង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​។​

​លោកស្រី​បាន​និយាយថា​៖ «​គូស្នេហ៍​មួយចំនួន​រវល់​ខ្លាំង​ជាមួយ​ការងារ ដូច្នេះ​ពួកគេ​មិនមាន​ពេលវេលា និង​កម្លាំង​សម្រាប់​រួមភេទ​នោះទេ​»​។​

​លោក យូ​ជី ហ្កេ​ន​ដា (Yuji Genda)​ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូបាន​បង្ហាញថា ការធ្វើការ​ច្រើន​ម៉ោង បានធ្វើឱ្យ​ទំនាក់ទំនង​ផ្លូវភេទ​ថយចុះ​ក្នុងចំណោម​គូ​ស្វាមីភរិយា ជាពិសេស​ស្ត្រី​ដែលមាន​ភាព​តានតឹង​ជាមួយនឹង​ការងារ​ខ្ពស់ ដោយសារ​ម៉ោង​ធ្វើការ​យូរ និង​ទំនួល​ខុសត្រូវ​ក្នុង​គ្រួសារ​ច្រើន​។​

​ពលរដ្ឋ​ជប៉ុន​មាន​ពេលទំនេរ​តិច​បំផុត​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទាំង​ ៧ ឬ​ហៅថា ​(G7)​។ អ្នក​ចិត្តសាស្ត្រ​នៅ​គ្លីនិក​មួយ លោក​សា​យ៉ា​កា តូ​ដា (Sayaka Toda)​ បាន​ពន្យល់ថា ទាំង​បុរស និង​ស្ត្រី ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​នៅ​កន្លែង​ការងារ និង​ការមើល​ថែកូន​របស់​ពួកគេ ដូច្នេះ​ពួកគេ​មាន​ភាពស្និទ្ធស្នាល​ផ្លូវភេទ​តិចជាង​មុន​។ ម្យ៉ាងវិញទៀត កន្លែង​រស់នៅ​ចង្អៀត ក៏​ជា​កត្តា​ធ្វើឱ្យ​គូ​ស្វាមីភរិយា​ដែលមាន​កូន​ដំបូង ពិបាក​ក្នុងការ​រួមភេទ​ផងដែរ​។​

​លោក តូ​ដា បាន​កត់សម្គាល់ថា​៖ «​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មនុស្ស​មួយចំនួន​កំពុង​ជ្រើសរើស​ការ​មានកូន​តាមរយៈ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនួស​ឱ្យ​ការ​មាន​ផ្ទៃពោះ​តាម​ធម្មជាតិ​ដោយ​ការរួម​ភេទ​»​។​

​លោក តូ​ដា បាន​បន្ថែមថា ការធានា​រ៉ាប់​រង​សាធារណៈ​គ្របដណ្តប់​លើ​ការព្យាបាល​ភាព​គ្មាន​កូន​ដែល​បាន​ដាក់ចេញ​នៅ​ឆ្នាំ ២០២២ ​បាន​ជំរុញ​ឱ្យ​ពួកគេ​ធ្វើបែបនេះ​កាន់តែច្រើន​។ យ៉ាងណាក៏ដោយ មិនមែន​គូ​ស្វាមីភរិយា​ទាំងអស់​ជ្រើសរើស​វិធី​បែបនេះ​នោះទេ​។ ម្យ៉ាងទៀត ករណី​ដៃគូ​ដែលមាន​ការរួម​ភេទ​ដែរ ប៉ុន្តែ​មិនអាច​មានកូន​បាន ក៏​កំពុង​កើនឡើង​ផងដែរ​។​

​លោក ស៊ីន អ៊ី​ម៉ៃ (Shin Imai)​​​ ប្រធាន​មជ្ឈមណ្ឌល​បន្ត​ពូជ​នៅ​មន្ទីរពេទ្យ​ខេត្ត​ស៊ី​ស៊ូ​កា (Shizuoka)​ បាន​កត់សម្គាល់ថា ៖«​ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ចំនួន​បុរស​កាន់តែច្រើន​មិនអាច​បញ្ចេញ​ទឹកកាម​នៅ​ខាងក្នុង​ទ្វារមាស​ប្រពន្ធ​របស់​ពួកគេ​បាន​»​។

ប្រហែលជា​ ១០% ​នៃ​ករណី​គ្មាន​កូន​របស់​បុរស​នៅ​មជ្ឈមណ្ឌល​បន្ត​ពូជ​របស់​មន្ទីរពេទ្យ​នេះ​ គឺ​សុទ្ធ​តែមាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ លោក អ៊ីម៉ៃ បាន​បន្ថែមថា នេះ​ជាការ​អនុវត្ត​ការ​រំញោច​ខ្លួនឯង​មិនបាន​ត្រឹមត្រូវ និង​ការអប់រំ​ផ្លូវភេទ​មិនបាន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​ជប៉ុន​៕