ទីក្រុង​បុ​ម​បៃ​របស់​ប្រទេសឥណ្ឌា ​ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌា បាន​យកឈ្នះ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយ​ការ​​ក្លាយជា​រដ្ឋធានី​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ​នៅ​តំបន់​អាស៊ី។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ហ៊ូ​រុន (Hurun) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។ 

ទីក្រុង​បុ​ម​បៃ​មាន​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ខ្ទង់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ចំនួន ៩២ នាក់ ​តាម​ពីក្រោយ​ទីក្រុង​ញូវយ៉ក​ចំនួន ១១៩ នាក់ និង​ទីក្រុង​ឡុង​ដ៍​មាន​ចំនួន ៩៧ នាក់។

ឥណ្ឌា​ជា​ប្រទេស​ដែល​នាំមុខ​ដោយ​មហាសេដ្ឋីធំៗ ដូចជា​លោក មូ​កេស អាំ​បា​នី (Mukesh Ambani) ដែលជា​ប្រធាន​ក្រុមហ៊ុន ​Reliance Industries និង​លោក ហ្គោ​តាំ អា​ដា​នី(Gautam Adani)ដែលជា​ប្រធាន​ក្រុមហ៊ុន​Adani Group។

ឥណ្ឌា​មាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ពោលគឺ​កើនឡើង ៧,៥% ក្នុង​ឆ្នាំ ២០២៣ ហើយ​ចំនួន​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ខ្ទង់​ប៊ី​លាន​ដុល្លារ​បាន​កើនឡើង ៩៤នាក់​ឈានដល់​ចំនួន​សរុប ២៧១នៅ​ទូទាំងប្រទេស។ នេះ​ជា​ចំនួន​កើនឡើង​ខ្ពស់បំផុត​របស់​ប្រទេស​ឥណ្ឌា គិត​ចាប់តាំងពី​ឆ្នាំ ២០១៣ មក។

លោក រូ​ផឺត ហ៊ូ​ហ្កេ​វ៉េ​ហ្វ (Rupert Hoogewerf) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ហ៊ូ​រុន​ក៏បាន​បង្ហាញ​ពី​ទំនុកចិត្ត​របស់លោក ទៅលើ​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ថា​នឹង​បន្ត​កើនឡើង​ទៀត។ យ៉ាងណាមិញ ចិន​នៅតែ​បន្ត​នាំមុខគេ ក្នុងនាម​ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ ពោល​គឺមាន​ចំនួន ៨១៤ នាក់ បន្ទាប់ពី​ធ្លាក់ចុះ​ចំនួន ១៥៥ នាក់​ ក្នុង​ឆ្នាំ ២០២៣ ដោយសារតែ​ជួប​វិបត្តិ​ក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​ថាមពល​កកើត​ឡើងវិញ។

ដោយឡែក​នៅ​ឆ្នាំ ២០២៣ សហរដ្ឋអាមេរិក​មាន​កំណើន​មហាសេដ្ឋី​ចំនួន ១០៩ នាក់ ឈានដល់​ចំនួន​សរុប ៨០០ នាក់ ដែល​តួលេខ​នេះ​បាន​ខិត​ទៅជិត​ទៅរក​ប្រទេស​ចិន ហើយ​អាច​នឹងមាន​សក្តានុពល​យកឈ្នះ​ចិន​នៅ​ថ្ងៃ​ខាងមុខ។

លោក អាំ​បា​នី​ បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ជា​អ្នកមាន​បំផុត​របស់​ឥណ្ឌា ដែលមាន​ទ្រព្យសម្បត្តិ​ចំនួន ១១៥ ប៊ី​លាន​ដុល្លារ បន្ទាប់មក លោក អា​ដា​នី ដែលមាន​ទ្រព្យសម្បត្តិ​ចំនួន ៨៦ ពាន់​​លាន​ដុល្លារ។ នៅក្នុង​ប្រទេស​ចិន​វិញ លោក ចុង សាន​សាន (Zhong Shanshan) ប្រធាន​ក្រុមហ៊ុន​ Nongfu Spring នៅតែ​ស្ថិតក្នុង​បញ្ជី​អ្នកមាន​បំផុត​នៅ​ប្រទេស​ចិន ​ក្នុង​រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយ​លោក​មានទ្រព្យ​សម្បត្តិ ៦៣ ពាន់​​លាន​ដុល្លារ។ 

យ៉ាងណាក៏ដោយ លោក ខូលីន ហួង (Colin Huang)ដែលជា​ស្ថាបនិក​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក Pinduoduoទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ដោយសារតែ​លោក​បាន​យកឈ្នះ​លោក ផូ​នី ម៉ា (Pony Ma)ប្រធាន​ក្រុមហ៊ុន Tencent Holdings ដោយ​ដណ្តើម​តំណែង​លេខ​រៀង​ទី ២ បន្ទាប់ពី​លោក ចុង សាន​សាន។

ទ្រព្យសម្បត្តិ​របស់លោក ហួង បាន​កើនឡើង ៧១% ឈានដល់ ៥៣ ប៊ី​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​របស់លោក​បាន​ដំណើរការ​រីកចម្រើន​លើសពី​ការព្យាករណ៍​របស់​ទីផ្សារ ហើយ​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អន្តរជាតិ​របស់ខ្លួន​ដែលមាន​ឈ្មោះថា​ Temu ក៏​កំពុង​ពង្រីក​ទីផ្សារ​ទៅកាន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ។ ជាទូទៅ ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​នៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ១៥% ទៅ ៤០%។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ហ៊ូ​ហ្កេ​វ៉េ​ហ្វ។ 

លោក​បាន​ពន្យល់ថា៖ «ទ្រព្យសម្បត្តិ​ក្នុងចំណោម​មហាសេដ្ឋី​ចិន​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​ដែល​អាច​ងើប​ឡើងវិញ»។ ជាក់ស្ដែង ទ្រព្យសម្បត្តិ​របស់លោក វ៉ាង ជា​លីន (Wang Jianlin) បាន​ធ្លាក់ចុះ​ពី ១១ ពាន់​លាន​ដុល្លារ​ទៅ  ៤,២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹមតែ​មួយឆ្នាំ។

នៅ​សហរដ្ឋអាមេរិក បញ្ញា​សិប្បនិម្មិត​ជា​កត្តា​ជំរុញ​កំណើន​ទ្រព្យសម្បត្តិ​យ៉ាងសំខាន់។ ជាក់ស្ដែង លោក ចេ​ន​សេន ហួង (Jensen Huang) ដែលជា​ម្ចាស់​ក្រុមហ៊ុន Nvidia បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងចំណោម ៣០ នាក់ ដោយ​លោក​មានទ្រព្យ​សម្បត្តិ​សរុប ៤៨ ពាន់​លាន​ដុល្លារ។ 

មហាសេដ្ឋី​ផ្សេងទៀត​ដែលជា​ស្ថាបនិក ឬ​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន ​Google ក្រុមហ៊ុន Meta និង​ក្រុមហ៊ុន​Microsoft ក៏មាន​ការកើនឡើង​ទ្រព្យសម្បត្តិ​គួរឱ្យកត់សម្គាល់​ផងដែរ។

ក្រៅពី​មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា តារាចម្រៀង Taylor Swift ក៏​ជា​មហាសេដ្ឋី​មួយរូប​ផងដែរ ដោយ​តារា​រូបនេះ​មានទ្រព្យ​សម្បត្តិ​ចំនួន ១,២ ពាន់​លាន​ដុល្លារ។ ជាង​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​របស់​នាង​គឺ​បានមកពី​ថ្លៃ​សួយសារអាករ និង​ដំណើរ​កម្សាន្ត ដែល​ក្នុងនោះ​រួមមាន ១៩០ លាន​ដុល្លារ​បានមកពី​ដំណើរ​ទេសចរណ៍ និង ៣៥ លាន​ដុល្លារ​បាន​ពី​ខ្សែភាពយន្ត​ប្រគុំ​តន្ត្រី។ ទ្រព្យសម្បត្តិ​ផ្សេងទៀត​គឺ​បានមកពី​ការលក់​អាល់​ប៊ុ​ម​ចំនួន ៦ ដំបូង​របស់​នាង​ក្នុងតម្លៃ ៣០០ លាន​ដុល្លារ​​កាល​ឆ្នាំមុន​។​

ក្នុងចំណោម​មហាសេដ្ឋី​សរុប ៣ ២៧៩ នាក់​មកពី ៧៣ ប្រទេស​នៅក្នុង​បញ្ជី​អ្នកមាន​ពិភពលោក មហាសេដ្ឋី​អាមេរិក​មាន​ចំនួន ៣៧% ដោយ​ជា​មធ្យម ចំនួន​មហាសេដ្ឋី​នៅ​សហរដ្ឋអាមេរិក​កើនឡើង ៥%ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ​កើនឡើង ៩%។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ហ៊ូ​រុន បានធ្វើការ​វាយតម្លៃ​ទៅលើ​ចំនួន​ភាគហ៊ុន​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​គិត​ត្រឹម​ថ្ងៃទី ១៥ ខែមករា។ សម្រាប់​ក្រុមហ៊ុន​ឯកជន ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវបាន​គណនា​ដោយ​ការប្រៀបធៀប​ជាមួយនឹង​ក្រុមហ៊ុន​ចុះបញ្ជីស្រដៀងៗគ្នា៕