ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ ​KCNA ​បាន​រាយការណ៍​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណៈ​ប្រតិភូ​នៃ​ការិយាល័យ​ចារកម្ម​​បរទេស​​របស់​រុស្ស៊ី​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​​​ព្យុងយ៉ាង​ ​កាល​ពី​​​ចន្លោះ​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​ពុធ​ ហើយ​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ធ្វើ​ចារកម្ម​។​ នេះ​បើ​តាម​ការ​រាយការណ៍​​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

នាយក​ការិយាល័យ​ លោក ​Sergei E. Naryshkin ​និង​រដ្ឋ​មន្ត្រី​សន្តិសុខ​រដ្ឋ​កូរ៉េ​ខាង​ជើង​ លោក ​Ri Chang Dae​បាន​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ស្ថានភាព​អន្តរជាតិ ​និង​តំបន់​ ទាក់​ទង​នឹង​ឧបទ្វីប​កូរ៉េ ​និង​រុស្ស៊ី​។​ ​

KCNA ​បាន​​បន្ថែម​ថា​ ក្នុង​អំឡុង​​ទស្សនកិច្ច​ មន្ត្រី​នៃ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ និង​ក្រសួង​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​​​កម្រិត​ការងារ​ផ្សេង​ៗ​ផង​ដែរ​។​

ភាគី​ទាំង​​ ២​ ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ ដើម្បី​ដោះ​ស្រាយ​ជាមួយ​នឹង​ «​ចលនា​ចារកម្ម​ និង​​​ផែនការ​ដែល​​កំពុង​កើន​ឡើង​ ដោយ​កង​កម្លាំង​អរិភាព​»​។​

ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​​ចំពេល​ដែល​ក្រុង​ព្យុងយ៉ាង​ស្វែង​រក​ការ​ពង្រីក​ទំនាក់​ទំនង​ការ​ទូត​របស់​ខ្លួន​ជា​មួយ​ប្រទេស​ផ្សេង​ៗ​ ក្រោយ​ការ​បិទ​ខ្ទប់​កូវីដ​។​ 

លើស​ពី​នេះ​ទៅ​ទៀត​ គេ​មើល​ឃើញ​ថា​ រុស្ស៊ី​ និង​កូរ៉េខាង​ជើង​ កាន់​តែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ កាន់​តែ​ស្អិត​រមួត​ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ រួម​មាន​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​៕