​​ប្រទេស​ឥណ្ឌា​ គ្រោង​នឹង​ចំណាយ​ប្រាក់​ជិត​ ៣,៧ ពាន់​លាន​ដុល្លារ​ ដើម្បី​ធ្វើ​របង​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា​ ដែល​មាន​ប្រវែង​​ ១ ៦១០ គីឡូម៉ែត្រ​ ​​​ដើម្បី​​ទប់​ស្កាត់​​ការ​រត់​ពន្ធ​ និង​សកម្មភាព​ខុស​ច្បាប់​ឆ្លង​ដែន​ផ្សេង​ទៀត​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​ច្បាស់​ដោយ​ផ្ទាល់​លើ​បញ្ហា​នេះ​។   

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ប្រាប់​រ៉យទ័រ​ថា​ គណៈកម្មាធិការ​រដ្ឋាភិបាល​​ឥណ្ឌា​មួយ​កាល​ពី​ដើម​ខែ​នេះ ​បាន​អនុម័ត​លើ​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​របង​ ​ដែល​ត្រូវ​ការ​ការ​យល់​ព្រម​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក​ ណារ៉េន​ដ្រា​ មូឌី​។ ​

ជុំវិញ​ការណ៍​នេះ​ ក្រសួង​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ មិន​ទាន់​ចេញ​ការ​បក​ស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ខណៈ​មីយ៉ាន់ម៉ា​ ក៏​មិន​ទាន់​លើក​ឡើង​ ១ ​ម៉ាត់​លើ​គោលនយោបាយ​របស់​ឥណ្ឌា​។ 

ប្រភព​ដដែល​ប្រាប់​រ៉យទ័រ​ទៀត​ថា​ ​​គណៈកម្មាធិការ​នៃ​មន្ត្រី​ជាន់​ខ្ពស់​ឥណ្ឌា​ ក៏​បាន​យល់​ព្រម​សាង​សង់​ផ្លូវ​ស្រប​គ្នា​តាម​របង​ និង​ផ្លូវ​ចំណី​ប្រវែង​ ១ ៧០០ គីឡូម៉ែត្រ​ ដែល​​តភ្ជាប់​មូលដ្ឋាន​យោធា​ទៅ​កាន់​ព្រំដែន​ផង​ដែរ​។

កាល​ពី​ដើម​ឆ្នាំ​នេះ​ ឥណ្ឌា​បាន​និយាយ​ថា​ ​​ខ្លួន​នឹង​ធ្វើ​របង​ព្រំដែន​ និង​បញ្ចប់​គោល​នយោបាយ​​​ឆ្លង​ដែន​គ្មាន​ទិដ្ឋាការសម្រាប់​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន ​ជាមួយ​​ប្រទេស​មីយ៉ាន់ម៉ា​ ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​ និង​ដើម្បី​រក្សា​រច​នា​សម្ព័ន្ធ​ប្រជាសាស្រ្ត​នៃ​តំបន់​ភាគ​ឦសាន​របស់​ឥណ្ឌា​។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​ នៅ​​ឆ្នាំ​ ២០២១ ​មក​ ជន​ស៊ីវិល​រាប់​ពាន់​នាក់​ និង​ទាហាន​រាប់​រយ​នាក់​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ទៅ​កាន់​រដ្ឋ​ផ្សេង​ៗ​នៃ​ប្រទេស​ឥណ្ឌា​។ ការណ៍​នេះ​​​ធ្វើ​ឱ្យ​ឥណ្ឌា​ព្រួយ​បារម្ភ​ ដោយ​សារ​តែ​ហានិភ័យ​នៃ​ភាព​តាន​តឹង​សហគមន៍ អាច​​​រីក​រាល​ដាល​ចូល​ដល់​ប្រទេស​ខ្លួន៕