ទីភ្នាក់ងារ​សារព័ត៌មាន​​ RIA ​របស់​រុស្ស៊ី បាន​ដក​ស្រង់​សម្ដី​ក្រសួង​ការ​បរទេស​រុស្ស៊ី​ ដែល​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​​សកម្មភាព​របស់​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត​ និង​តំបន់​សមុទ្រ​ខ្មៅ​បង្ហាញ​ថា ​ប្លុក​នេះ​កំពុង​រៀប​ចំ​​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ដើម្បី​​ប្រឡូក​ក្នុង​​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​

ក្រសួង​ការបរទេស​រុស្ស៊ី​ចេញ​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​ នៅ​ពេល​លើក​ឡើង​អំពី​​ផែនការ​របស់​ប្រទេស​រ៉ូម៉ានី​ ដែល​ជារដ្ឋ​​សមាជិក​មួយ​របស់​ណាតូ​ ​​ក្នុង​ការ​ពង្រីក​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ក្រុងកុងស្ដង់តា​ ដែល​ស្ថិត​​នៅ​តាម​បណ្ដោយ​ឆ្នេរ​នៃ​​សមុទ្រ​ខ្មៅ​។ 

ក្រសួង​បន្ថែម​ថា​ ​ទង្វើ​របស់​ណាតូ​ កំពុង​តែ​បង្កើត​ហានិភ័យ​បន្ថែម​ទៀត​ សម្រាប់​សន្តិសុខ​របស់​រុស្ស៊ី​។ 
គួរ​គូស​បញ្ជាក់​ថា​ រុស្ស៊ី​តែង​តែ​ចោទ​ប្រកាន់​លោក​ខាង​លិច​ និង​ជា​ពិសេស​ប្លុក​នៃ​អង្គការ​ណាតូ​ ថា​ធ្វើ​សកម្ម​ភាព​បង្ក​ជម្លោះ​ ​ដែល​គំរាម​កំហែង​​ដល់​សន្ដិសុខ​អត្ថិភាព​របស់​ខ្លួន​។ 

កន្លង​មក​ មហា​អំណាច​នុយក្លេអ៊ែរ​មួយ​នេះ​ ​បាន​ទទូច​ថា​ អង្គការ​ណាតូ ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​មេ​ក្លោង​​ កំពុង​តែ​ពង្រីក​ខ្លួន​ទៅ​កាន់​ភាគ​ខាង​កើត​នៃ​អឺរ៉ុប​ ដែល​នេះ​ ត្រូវ​បាន​រុស្ស៊ី​ប្រើ​ជា​លេស​មួយ ​ដើម្បី​បង្ហាញ​ភាព​ត្រឹម​ត្រូវ​លើ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២៕