រដ្ឋមន្ត្រី​​ដឹកជញ្ជូន​របស់រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយថា ខ្លួន​នឹង​ពិចារណា​ពង្រីក​គម្រោង​ផ្លូវដែក​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន​តម្លៃ ១០​ ពាន់​លាន​ដុល្លារ ​ទៅកាន់​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេស​ថៃ ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍។

​ជាផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ផ្លូវដែក​ប្រវែង ៦៦៥ ​គីឡូម៉ែត្រ​ដែល​មាន​តម្លៃ​​ ៥០,២៧​ ពាន​លាន​រីងហ្គីត ឬ​ថា ​​១០,៦៣​ ពាន់​លាន​ដុល្លារ កំពុង​ស្ថិតនៅលើ​ផ្លូវដែក​ ដើម្បី​ត​ភ្ជាប់​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត និង​​ភាគ​ខាងលិច​នៃ​ឧបទ្វីប​ម៉ាឡេស៊ី នៅ​ចុងឆ្នាំ ២០២៦​។

រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក Anthony Loke បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​​ម៉ាឡេស៊ី​បើក​ចំហ​​ចំពោះ​សំណើ​ដើម្បី​ពង្រីក​ផ្លូវ​ទៅកាន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ សម្រាប់​ការធ្វើសមាហរណកម្ម​បន្ថែមទៀត​ទៅក្នុង​បណ្តាញ​ផ្លូវដែក​ដែលមាន​ស្រាប់ ឬ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​អនាគត។

ទោះបី​ជា​យ៉ាង​ណា​ លោករដ្ឋ​មន្ត្រី​​​​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

តាមការ​ដក​ស្រង់សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ​លោក​រដ្ឋមន្ត្រី Loke បាន​ប្រាប់​ព្រឹទ្ធសភា​ម៉ាឡេស៊ី​ថា ៖«នៅពេលដែល​ការតភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ម៉ាឡេស៊ី និង​ថៃ ​ទំនើបកម្មនិងភាព​​ប្រសើរឡើងត្រូវ​បាន​ធ្វើ​​​  ចលនា​នៃ​ទំនិញ និង​អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​លឿន ដូច្នេះ​វា​ជំរុញ​កំណើនសេដ្ឋកិច្ច។

​តំណ​ភ្ជាប់​ផ្លូវដែក​ដើម​ត្រូវ​បានស្នើ​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០១៧​ ហើយ​កំពុង​ត្រូវបាន​សាងសង់​ដោយ​អង្គភាព​ម៉ាឡេស៊ី​នៃ​ក្រុមហ៊ុន China Communications Construction Co Ltd ដែល​វា​ត្រូវ​បានបញ្ចប់ ៦០ ភាគរយ គិត​ត្រឹម​ខែមីនា។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Bernama ។

ប្រទេស​ថៃ​ ក៏មាន​គម្រោង​វិនិយោគ​ក្នុង​គម្រោង​ស្ពាន​​ដ៏​ធំ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ ដើម្បី​ជំរុញ​កំណើន និង​ពាណិជ្ជកម្ម​ពិភពលោក។ ស្ពាន​នេះ​នឹង​ឆ្លងកាត់​ច្រក​សមុទ្រ​ម៉ា​ឡា​កា ដែលជា​ផ្លូវ​សមុទ្រ​តូចចង្អៀត​រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។

លោក Loke បាន​និយាយថា៖ «ប្រសើរ​ជាង​ការប្រកួត​​ប្រជែង​ផលបូកស្មើសូន្យ​ ក្រសួង​ដឹកជញ្ជូន​របស់​ម៉ាឡេស៊ី​មាន​ទំនុកចិត្ត​ថា​ម៉ាឡេស៊ី និង​ថៃ​អាច​ស្វែងរក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​នៅក្នុង​វិស័យ​ដឹកជញ្ជូន និង​ការអភិវឌ្ឍន៍​ជាតិ​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​រយៈពេល​វែង៕​