​ព័ត៌មាន​អន្តរជាតិ​ជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ផ្នែក​ជាច្រើន​និង​សម្បូរបែប​របស់​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​​ ជា​ភាសា​ខ្មែរ ឬ​ហៅថា «​ប៉ុស្តិ៍​ខ្មែរ​» ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​និង​ក្រៅប្រទេស អាច​ទទួលបាន​ព័ត៌មាន​ពី​ហេតុការណ៍​កើតឡើង​នានា​ជុំវិញ​ពិភពលោក ដោយ​យោងតាម​ប្រភពព័ត៌មាន​ច្បាស់លាស់ ជឿទុកចិត្ត​បាន​និង​ការថ្លឹងថ្លែង​មុន​ការចេញផ្សាយ ដើម្បី​បញ្ចៀស​ភាពលម្អៀង​ទៅ​ភាគី​ខាង​ណាមួយ​ក្នុង​ជម្លោះ​។​

​ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ត្រឹមតែ​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព​សម្រាប់​ព័ត៌មាន​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​អនុវត្ត​ចំពោះ​ព័ត៌មាន​អន្តរជាតិ​ផងដែរ ដោយ​យើង​មិនបាន​បកប្រែ​ទាំងស្រុង​នោះទេ គឺ​ត្រូវ​រក​ប្រភព​សម្រាប់​ធ្វើឱ្យ​ព័ត៌មាន​នោះ​គ្រប់​ជ្រុ​យ​ជ្រោយ​ជាមុនសិន​មុន​ការចេញផ្សាយ​ទាំង​នៅលើ​ទំព័រ​កាសែត​បោះពុម្ព​និង​តាម​មធ្យោបាយ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​និង​បណ្តាញ​សង្គម​នានា​ដែល​ខ្លួន​មាន​។​

​ឧទាហរណ៍​ជាក់ស្តែង ក្នុង​ជម្លោះ​រវាង​មហា​អំណាច​រុស្ស៊ី​និង​បស្ចិមប្រទេស អ្នកអាន​ខ្លះ​និង​ប្រជាជន​ទូទៅ​តែងតែ​ថា ព័ត៌មាន​ក្នុង​ប្លុក​សេរី​តែង​នៅ​ខាង​សេរី ចំណែកឯ​ព័ត៌មាន​ចេញ​រុស្ស៊ី​ច្បាស់​ជា​កាន់ជើង​រុស្ស៊ី​។ ដើម្បី​បំបាត់​ឬ​កាត់បន្ថយ​នូវ​ការ​បែងចែក​នាំទៅរក​ការប្រកាន់​ម្ខាងៗ ផ្តើមចេញពី​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ យើង​បាន​រក​ប្រភព​ដើម្បី​ធ្វើឱ្យ​ព័ត៌មាន​របស់​យើង​មាន​តុល្យភាព​ជានិច្ច​។​

​មកដល់​ពេល​នៃ​ការបិទ​ការ​បោះពុម្ពផ្សាយ​នៅលើ​ទំព័រ​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​លេខ​ចុង​ក្រោយនេះ អនុញ្ញាតឱ្យ​ខ្ញុំ​បាន​សង្ខេប​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បានរួម​ចំណែក​ផ្សព្វផ្សាយ​ដើម្បី​មិត្ត​អ្នកអាន​និង​អ្នកទស្សនា តាម​វីដេអូ​ក្នុងពេល​កន្លងមក​។​

​ក្នុង​ការនាំយក​ព័ត៌មាន​ពិតជា​ក់លាក់ ទាន់​ហេតុការណ៍ ដើម្បីឱ្យ​អ្នកអាន​ដែល​មិនចេះ​ភាសាបរទេស ឬ​អ្នកចេះ​ភាសាបរទេស​តែ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​អាន និង​គិត​ស៊ីជម្រៅ ឱ្យទទួល​បាន​នូវ​ការវិវត្ត​ថ្មីៗ​របស់​ពិភព​លោក ក្រុមការងារ​ផ្នែក​ព័ត៌មាន​អន្តរជាតិ​របស់​ ភ្នំពេញ ​ប៉ុស្តិ៍ បាន​ផ្តោតលើ​ប្រធានបទ​ជាច្រើន​ដែលជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន​និង​អ្នកទស្សនា​ដ៏​ស្មោះត្រង់​។​

​មាតិកា​ព័ត៌មាន​អន្តរជាតិ​ផ្តោតលើ​ទំនាក់ទំនង​ការទូត ការ​​ប្រជែង​ឥ​ទិ្ធ​ពល​យោធា​រវាង​ប្លុក​សេរី​និង​ប្លុក​កុម្មុយនីស្ត ស្ថាន​ភាព​សេដ្ឋកិច្ច​សកល​និង​ក្នុង​តំបន់ ការ​ប្រជែង​ពាណិជ្ជកម្ម ការអភិវឌ្ឍ​បច្ចេកវិទ្យា ស្ថាន​ភាព​សុខាភិបាល​សកល និង​អសន្តិសុខ​តាម​តំបន់ និង​តាម​ប្រទេស​ផ្សេងៗ គឺជា​អ្វីដែល​ក្រុមការងារ​យើង​យកចិត្តទុកដាក់​។​

នៅមុន​សង្គ្រាម​ផ្ទុះឡើង​នៅ​អ៊ុយ​ក្រែ​ន​ដែលជា​សង្គ្រាម​ធំ​បំផុត​ក្រោយ​ការបង្កើត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​ ​១៩៤៨ ប្រទេស​មហាអំណាច​ធំៗ​និង​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជឿនលឿន​បាន​ប្រឹង​ប្រជែង​គ្នា​លើ​វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ និង​ការ​ចងក្រង​គ្នា​ជា​ក្រុម​សម្រាប់​បម្រើឱ្យ​វិស័យ​ពាណិជ្ជកម្ម ដោយ​រក​វិធី​កាត់​​បន្ថយ​ការ​សាយភាយ​អាវុធ​។​

​ប៉ុន្តែ​ក្រោយ​ការផ្ទុះអាវុធ​រវាង​មហាអំណាច​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​ចោទថា​ជា​កូនអុក​របស់​បស្ចិមប្រទេស​នោះ គឺជា​ពេល​វេលា​ដើរ​ថយក្រោយ​របស់​ពិភព​លោក​ទាំងមូល​ដែល​រកឃើញ​សន្តិភាព​សកល​ ៧៤ ​ឆ្នាំ ដោយ​មហាអំណាច​ងាក​ទៅរក​ការ​​ពង្រឹង​ការផលិត​អាវុធ​ឡើងវិញ ហើយ​តួនាទី​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចុះខ្សោយ​។​

​ភ្នំពេញ​ ប៉ុស្តិ៍ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្ត​នៃ​សង្គ្រាម​នេះ ព្រោះ​វា​ជាការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​ដែល​ចៀស​មិន​ផុត កម្ពុ​ជាមាន​រង​ឥទ្ធិពល​ពី​សង្គ្រាម​នេះ​។  

​នៅមុន​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន ព័ត៌មាន​អន្តរជាតិ​បានផ្តល់​អាទិភាព​លើ​ការប្រកួត​ប្រជែង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក និង​មហាអំណាច​ចិន​ដែល​កាលនោះ​ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់​ ត្រាំ នយោបាយ​ដំឡើង​ពន្ធ​របស់លោក បាន​បង្កជម្លោះ​ពាណិជ្ជ​​កម្ម​នៅ​ជុំវិញ​ពិភពលោក​សូម្បី​ជាមួយ​ដៃគូ​របស់ខ្លួន​ដូចជា​សហ​​ភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​។​

​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ ​១៩​ ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា មិន​ត្រឹមតែ​បង្កជម្លោះ​ផ្នែក​ការ​ទូត​នោះទេ ប៉ុន្តែ​ថែមទាំង​បង្ក​ការ​វិនាសកម្ម​ទៅដល់​វិស័យសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់​ជួបប្រទះ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ខែកុម្ភៈ​ថ្មីៗ​នេះ​បានឱ្យដឹងថា អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ដែល​បាន​ចុះ​ក្នុង​ប្រព័ន្ធ​មាន​ ៧​ លាន​នាក់ ប៉ុន្តែ​អង្គការ​នេះ​បាន​ជឿជាក់ថា ចំនួន​អ្នកស្លាប់​អាច​កើន​លើស​នេះ ​៣​ ដង​រហូតដល់ ​២១​ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ឥទ្ធិពល​របស់​ជំងឺ​កូ​វីដ​ ១៩​ ដែល​នាំទៅដល់​ការដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​ឆ្លើយ​តប​ក្នុងន័យ​ទប់​សង្គម​របស់ខ្លួន​ឱ្យមាន​លំនឹង​។​

​ក្នុងអំឡុងពេល​នៃ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ ១៩ ហេតុការណ៍​ជាច្រើន​បានកើត​ឡើង​ដែល​បង្ហាញ​ពី​វិបត្តិ​របស់​មនុស្សជាតិ​។ ការដួលរលំ​នៃ​ក្រុមហ៊ុន​នានា ដែល​កើតឡើង​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន​បម្រើសេវា​ទេសចរណ៍ ការដួលរលំ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ការ​​ប្រែប្រួល​ប្រព័ន្ធ​ហិរញ្ញវត្ថុ ការ​​កាត់ផ្តាច់​ប្រព័ន្ធ​ដឹកជញ្ជូន និង​បញ្ហា​អតិផរណា​កើតឡើង​នៅ​ទូទាំង​សកលលោក​។​ ​ពិភពលោក​បាន​ភ្លេច​ទាំង​ស្រុង​នូវ​ជំងឺ​កូ​វីដ​ ១៩ ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ​២៤​ ខែកុម្ភៈ​ឆ្នាំ​ ២០២២​។​

​ក្នុង​សង្គ្រាម​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​បែងចែក​ពិភពលោក​ជាថ្មី ហើយ​រុស្ស៊ី​ដែល​លើកទ័ព​ចូលលុកលុយ​អ៊ុយ​ក្រែ​ន​បាន​មើលឃើញ​ភាព​ឯកោ​យ៉ាងខ្លាំង​ក្នុង​វិស័យ​ការទូត​។​

​អន្តរជាតិ​ថ្កោលទោស​រុស្ស៊ី ហើយ​ប្រទេស​ស្ទើរ​ទាំងអស់​ជុំវិញ​សកលលោក​តាម​យន្តការ​របស់​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​រុស្ស៊ី ដាក់​​ទណ្ឌកម្មសេដ្ឋកិច្ច​រុស្ស៊ី ប៉ុន្តែ​លើកលែង​មហាអំណាច​ចិន និង​ប្រទេស​តូចៗ​ខ្លះទៀត​បន្ត​គាំទ្រ​រុស្ស៊ី​ដោយ​ឥត​ងាក​រ៉េ​។​

​ខណៈ​អ៊ុយ​ក្រែ​ន​មាន​កម្លាំងចិត្ត​យ៉ាងខ្លាំង​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ក្រោម​ជំនួយ​ឧបត្ថម្ភ​ធំ​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ជឿនលឿន​នៅ​អឺរ៉ុប​ឬ​អាច​ហៅថា​អឺរ៉ុប​ទាំងមូល ធ្វើឱ្យ​រុស្ស៊ី​ស្ទើរតែ​ចាញ់​សង្គ្រាម​ និង​បន្ទន់​ជំហរ​ទៅរក​ការចរចា​ទៅហើយនោះ រឿង​ដែល​នឹកស្មាន​មិន​ដល់​គឺថា ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន​ ដែលជា​សត្រូវ​ប្រវត្តិសាស្ត្រ​ជាមួយ​អ៊ី​ស្រា​អែល​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​វាយ​ឆ្មក់​ចូល​ទឹកដីអ៊ី​ស្រា​អែល​ កាល​ថ្ងៃទី ​៧ ​​តុលា​ ២០២៣ ដោយ​សម្លាប់​មនុស្ស​ប្រមាណ​ ១ ២០០​ នាក់​ និង​ចាប់​ចំណាប់ខ្មាំង​ ២៤០​ នាក់ ធ្វើឱ្យ​អ៊ី​ស្រា​អែល​ដែល​ប្រកាសសង្គ្រាម​សងសឹក បោស​សម្អាត​ក្រុម​ហា​ម៉ាស់​ហើយ​សង្គ្រាម​អូសបន្លាយ​រហូតដល់​ពេល​នេះ​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​ជម្រក ភាពអត់ឃ្លាន វិបត្តិ​មនុស្សធម៌ និង​ជម្លោះ​កើត​កាន់តែ​ធំ​ឡើង​។​

​ក្នុងដំណាក់កាល​ក្រោយនេះ ក្រោយ​សង្គ្រាម​នេះ​ផ្ទុះឡើង​រុស្ស៊ី​មាន​លំនឹង​លើ​អន្តរជាតិ​ជាថ្មី​ដោយសារ​ប្រទេស​តំបន់​អារ៉ាប់​ងាក​ទៅរក​រុស្ស៊ី ហើយ​អាមេរិក​លែង​ផ្តល់​អាទិភាព​លើ​ការជួយ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ចិន​ ពង្រីក​វិស័យ​ការទូត​កាន់តែខ្លាំង និង​គាប​តៃវ៉ាន់​យ៉ាង​ណែន​៕