ផ្ទះ​ចំនួន​កន្លែង​ដែលជា​កម្មសិទ្ធិ​រប​ស់​តារា​រ៉េ​ប​អាមេរិក​គឺ​លោក Sean Diddy Combs នៅ​រដ្ឋ Los Angeles និង​ Miami ពេលនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​សហព័ន្ធ​ទីក្រុង​ញូវយ៉ក​ជុំវិញ​ករណី​ជួញដូរ​ផ្លូវភេទ។

បើតាម​អាជ្ញាធរ​ក្នុង​តំបន់ គឺមាន​ការអនុវត្ត​ច្បាប់ភ្លាមៗបន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ការជួញដូរ​ផ្លូវភេទ​ដើម្បី​បន្ត​ការស៊ើបអង្កេត​ទៅដល់​ឬ​សគល់​នៃ​អ្នកពាក់ព័ន្ធ។

ប៉ុន្តែ​យ៉ាងណា​នៅ​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​ការជាប់​ពាក់ព័ន្ធ​របស់ លោក Sean Diddy Combs (Diddy) ទៅក្នុង​ការជួញដូរ​ផ្លូវភេទ​នេះ​នៅឡើយ​ទេ។ ទន្ទឹមនឹងនេះ មេធាវី និង​អ្នកតំណាង​ផ្សេងទៀត​របស់ តារា​រ៉េ​ប​រូបនេះ ក៏​មិនទាន់​ចេញ​ប្រតិកម្ម​តបត​អ្វី​ដែរ។

មិនទាន់មាន​ការបញ្ជា​ក់ ក៏​មានន័យថា​លោក Diddy មិនទាន់​ទទួលបាន​ភាព​ស្អាតស្អំ នៅឡើយ​ទេ។ លើសពីនេះទៅទៀត នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ អាជ្ញាធរ​ទទួលបាន​ពាក្យបណ្ដឹង​ជា ច្រើន​ទៅលើ​លោក Diddy ទាក់ទង​នឹង​សំណុំរឿង​រំលោភបំពាន​ផ្លូវភេទ។

កាលពី​ចុងឆ្នាំ២០២៣ កន្លងទៅ​អតីត​មិត្តស្រី​របស់លោក  Diddy បានដាក់​ពាក្យបណ្ដឹង ដោយ​ចោទប្រកាន់​មិត្ត​ប្រុស​ពីបទ​រំលោភបំពាន​ផ្លូវភេទ​ខ្លួន​ជាច្រើន​ឆ្នាំ។ អតីត​មិត្តស្រី​របស់​តា​រ៉ា​រ៉េ​ប​រូបនេះ​ក៏​អះអាង​ពី​ការបង្ខិតបង្ខំ​នាង​ឱ្យ​រួមភេទ​ជាមួយ​បុរស​រកស៊ី​ផ្លូវភេទ ខណៈដែល​លោក Diddy ជា​អ្នក​ថត​វីដេអូ​ទុក។

កាលពី​ខែកុម្ភៈ​កន្លងទៅ​ផងដែរ ផលិតករ​តន្ត្រី​ម្នាក់​បានដាក់​ពាក្យបណ្ដឹង​ដោយ​ចោទប្រកាន់​លោក Diddy ថា​បាន​បង្ខិតបង្ខំ​រូបគេ​ឱ្យ​រក​ស្ត្រី​ដែល​បម្រើ​សេវាកម្ម​ផ្លូវភេទ និង​បង្ខំ​លោក​ឱ្យ​រួមភេទ​ជាមួយ​ស្ត្រី​ទាំងនោះ។ ប៉ុន្តែ​មេធាវី​របស់លោក Diddy នាពេល​នោះបាន​ចេញមក​បដិសេដ និង​អះអាងថា​នោះ​ជាការ​កុហក​ទាំងស្រុង។

ក្រៅពីនោះ​ក៏មាន​ស្ត្រី​មួយរូប​ទៀត​ដែល​បានដាក់​ពាក្យបណ្ដឹង​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយ​ចោទប្រកាន់ថា​លោក Diddy បាន​រំលោភបំពាន​ផ្លូវភេទ​តាំងតែ​ពី​ពេលដែល​នាង​មាន​អាយុ ១៧ឆ្នាំ។

ក្រោយ​ការចោទប្រកាន់​ជា​បន្តបន្ទាប់​នេះ លោក Diddy បាន​ចេញមុខ​បដិសេដ​ជា​ផ្លូវការ​និង​ថា​លោក​មិន​ប្រព្រឹត្តិ​អំពើ​ដ៏​អាក្រក់​ទាំងឡាយ​ដូចដែល​គេ​ចោទប្រកាន់​នោះទេ។

លោក Diddy គឺជា​ផលិតករ​តន្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុងចំណោម​អ្នក​ផលិត​តន្ត្រី​ហ៊ី​ប​ហប (Hip Hop) ក្នុង​រយៈពេល ៣ ទសវត្សរ៍​កន្លងមក​នេះ។ លោក​ក៏​ជា​ស្ថាបនិក​នៃ​ផលិតកម្ម Bad Boy Records និង​បានឈ្នះ​ពានរង្វាន់ Grammy ចំនួន​បី​ដង ថែមទាំង​ធ្លាប់​ធ្វើការ​ជាមួយ​សិល្បករ​លំដាប់កំពូលៗជាច្រើន​នាក់​ទៀត៕