ភ្នំពេញ៖ ក្រសួង​ទេសចរណ៍​កម្ពុជា​ត្រៀម​រៀបចំ​ព្រឹត្ដិការណ៍​វប្បធម៌​ដ៏ធំ​មួយ​នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ក្នុង​ខេត្ដ​សៀមរាប ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ។

«ពិព័រណ៍​ទេសចរណ៍​វប្បធម៌​កម្ពុជា​-​ចិន ២០២៤» នឹង​បង្ហាញ​អំពី​ «ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍​សម្ដែង​ក្បាច់គុន​សាវលីញ និង​គុន​ល្បុក្កតោ​នៅ​អង្គរ»។

យោងតាម​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ឱ្យ​ដឹង​ថា៖​ «ព្រឹត្ដិការណ៍​នេះជា​ផ្នែក​មួយ​នៃ​ «ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» ហើយ​វា​ជា​ការ​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ខេត្ដ​សៀមរាប​របស់​កម្ពុជា និង​ខេត្ដ​ហេណាន់ របស់​ចិន»។

ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា និង​ចិន​នេះ នឹង​ចាប់​ផ្ដើម​​វេលា​ម៉ោង ៧:៣០​ ​ព្រឹក ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា​ជាមួយ​ការសម្ដែង​ក្បាច់គុន​សាវលីញ និង​ក្បាច់គុន​ល្បុក្កតោ។

ព្រឹត្តិការណ៍​នេះ​នឹងមាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​-​ចិន សមាគម​ទេសចរណ៍ អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ជាង ៥០០ ​នាក់​។​

ការ​សម្តែង​រួមគ្នា​នេះ​មាន​គោល​បំណង​ពង្រឹង​ចំណង​វប្បធម៌ និង បង្ហាញ​ពី​ភាព​ទាក់ទាញ​ទេសចរណ៍​តែ​មួយគត់ ដែល​បង្ហាញ​ពី​បេតិកភណ្ឌ​សិល្បៈ​ក្បាច់គុន​ដ៏​សម្បូរបែប​នៃ​ប្រទេស​ទាំងពីរ។

លោក តុប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា  «ពិព័រណ៍​ទេសចរណ៍​វប្បធម៌​កម្ពុជា-ចិន ២០២៤»​ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ សុខ សូកេន ដែលជា​ផ្នែក​មួយ​នៃ​«ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» រួមជាមួយ​រដ្ឋបាល​ខេត្ដ​ហេណាន់ របស់​ចិន​ ក៏ដូចជា​រដ្ឋបាល​ខេត្ដ​សៀមរាប​។

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «វាក៏ជា​ព្រឹត្ដិការណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត​ និង​ជាការ​ផ្សព្វ​ផ្សាយ​សក្ដានុពល​វប្បធម៌​ទេសចរណ៍​កម្ពុជា​យើង ដោយ​យើង​មាន​ធ្វើ​ការ​តាំង​ពិព័រណ៍​ផលិតផល​​វប្បធម៌ និង​ទេសចរណ៍ នៃ​ភាគី​ចិន និង​កម្ពុជា​»។

លោក សុភ័ក បាន​បញ្ជាក់​ថា កាលពីឆ្នាំ ២០២៣ កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ៥៤ ម៉ឺន​នាក់​ ហើយ​ឆ្នាំ​២០២៤ នេះ កម្ពុជា​រំពឹងថា​នឹង​ទទួល​ភ្ញៀវ​ទេសចរចិន​ប្រមាណ ១​លាន​នាក់​។

ថ្នាក់​​​ដឹកនាំ និង​អ្នកលេង​ក្បាច់គុន​សាវលីញ​ ដែល​មាន​ប្រភព​មកពី​ខេត្ដ ហេណាន់​នោះ ក៏នឹង​បង្ហាញ​ក្បាច់​គុន​ប្រចាំ​តំបន់​របស់​ខ្លួន ខណៈ​កម្ពុជា​ក៏​នឹង​បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ​ដែល​ពួកគេ​មកពី​សមាគមន៍​ក្បាច់​គុន​ល្បុក្កតោ​កម្ពុជា។ 

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរា បាន​ឱ្យដឹងថា ការ​បង្កើត​ព្រឹត្ដិការណ៍​នេះ​ពិត​ជា​ល្អ ដើម្បី​ស្វែងយល់​អំពី​វប្បធម៌​រវាង​គ្នា និង​គ្នា​។ មួយវិញទៀត វាជាការ​បង្កើន​ទំនាក់ទំនង​ល្អ​ ការ​យល់​គ្នា​ទៅវិញ​ទៅមក ដែល​បន្ដ​ជំរុញ​ទៅដល់​កិច្ច​សហការ​ផ្សេងៗ។

លោក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ចំពោះ​ការ​ជំរុញ​វិស័យ​ទេសចរណ៍​ ពិតណាស់ វប្បធម៌​ជា​ផ្នែក​ស្នូល​មួយ​យ៉ាង​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ពីព្រោះ​ការ​យល់​គ្នា និង​ការ​ដឹង​អំពី​គ្នា កាន់តែ​ធ្វើ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​កាន់តែ​ល្អ​។ សង្ឃឹម​ថា ការ​រៀបចំ​ព្រឹត្ដិការណ៍​នានា​​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ខេត្ដ​សៀមរាប​ទទួល​បាន​ចំនួន​ភ្ញៀវ​កាន់តែ​ច្រើន និង​រយៈពេល​កាន់តែ​យូរ​»។ 

ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ទេសចរណ៍​វប្បធម៌​លើឆាក​អន្ដរជាតិ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​​ជូនដំណឹង​ដល់​​សមាគមទេសចរណ៍ ប្រតិបត្តិ​ករ​​ទេសចរណ៍ ផ្នែក​ឯកជន អ្នក​​សារព័ត៌មាន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ សាធារណជន និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ដ។ 

ព្រឹត្តិការណ៍​នេះ​មិន​គ្រាន់តែ​ជាការ​តាំង​ពិ​ព័រណ៍​​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​វេទិកា​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ចិន​កាន់​តែច្រើន ដោយ​រួមចំណែក​យ៉ាងសំខាន់​ដល់​គំនិត​ផ្តួចផ្តើម «​ទស្សនា​ខេត្តសៀមរាប​ឆ្នាំ ២០២៤»​។​

​កិច្ចសហការ​នេះ​បង្ហាញ​ពី​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ដោយ​សន្យាថា​នឹង​បង្កើត​ទំព័រ​ថ្មី​មួយ​នៅក្នុង​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់​ពួកគេ​។​​ ​វា​ជាការ​ប្រារព្ធ​ពិធី​នៃ​ប្រពៃណី​ចែករំលែក និង​ការបង្រួបបង្រួម​សម្ព័ន្ធភាព​ថ្មី​តាមរយៈ​ភាសា​សកល​នៃ​សិល្បៈ និង​ការសម្តែង​៕