ភ្នំពេញ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បម្រើការ​នៅ​ក្រសួង​ព្រះបរមរាជវាំង ចូលរួម​សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន កម្ពុជា​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​កម្មវិធី​ការ​ប្រកួត​តែង​និពន្ធ​បទ​ចម្រៀង និង​កំណាព្យ នេះ​ឡើង​គឺ​ដើម្បី ចូលរួម «អបអរសាទរ​ព្រះរាជ​ពិធី​ខួប​លើក​ទី​២០ ការយាង​គ្រង​ព្រះ​បរម​សិរីរាជសម្បត្តិ ព្រះ​ករុណា​​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

យោង​តាម​សេចក្ដីប្រកាស​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បម្រើការ​នៅ​ក្រសួង​ព្រះបរមរាជវាំង បានឱ្យ​ដឹង​ថា ក្រោម​ប្រធានបទ «អបអរសាទរ​ព្រះរាជ​ពិធី ខួប​លើក​ទី​២០ ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ​សម្បត្ដិ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ការ​ប្រកួតប្រជែង​បាន​បើក​ទូលាយ​ដល់​កវីនិពន្ធ​ទាំងអស់​ក្នុងការ​បង្ហាញ​ស្នាដៃ និង​ទេពកោសល្យ​របស់​ខ្លួន។

សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹង​ថា៖ «ការ​ប្រកួតប្រជែង​នេះ​ស្វែងរក​បេក្ខជន​ដែល​មាន​ទេពកោសល្យ ក្នុង​គោលបំណង​ផលិត​បទ​ចម្រៀង និង​កំណាព្យ​ដែល​ល្អ​ប្រណិត ដើម្បី​ក្រាប​ថ្វាយ​ព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង»។

បេក្ខជន និង​បេក្ខនារី ដែល​មិន​កំណត់​អាយុ ភេទ សញ្ជាតិ ជា​ក្រុម ឬ ជា​បុគ្គល ត្រូវ​តែង​និពន្ធ​បទ​ចម្រៀង ឬ កំណាព្យ​​ជា​ភាសា​ខ្មែរ លើ​ប្រធានបទ អបអរសាទរ​ព្រះរាជ​ពិធី​ខួប​លើក​ទី​២០ ការយាង​គ្រង​ព្រះ​បរម​សិរី រាជ​សម្បត្តិ​ព្រះមហាក្សត្រ។

ពួកគេ​ត្រូវ​ផ្ញើ​ពាក្យសុំ​ចូលរួម និង​ស្នាដៃ​និពន្ធ​ចម្រៀង​ និង​សាច់ភ្លេង​ថ្មី (Original Melody) ដែល​មិន​ធ្លាប់ ផ្សព្វ​ផ្សាយ ឬ​បង្ហាញ​ជា​សាធារណៈ​ពី​មុន​មក​ មួយ​បទ​ពេញ​លេញជា MP3 ព្រម ទាំង​អត្ថបទ​ចម្រៀង​មក​គណៈកម្មការ​​ដើម្បី​វាយ​តម្លៃ​ជ្រើសរើស ចាប់ពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៤ រហូតដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤។

បេក្ខជន និង​បេក្ខនារី ដែល​ជាប់​ជ័យលាភី​ផ្នែក​ចម្រៀង​​ចំនួន ​០៣​នាក់ ចុងក្រោយ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ដើម្បី​ទទួល​រង្វាន់​ពី​គណៈកម្មការ​ប្រកួត​។​

​ជ័យលាភី​លេខ​១ ទទួលបាន​ទឹកប្រាក់​ចំនួន ៩​លាន​រៀល​ រួមជាមួយរូបសំណាក​មេទ័ព​សម័យ​បុរាណ ចំនួន​០១ និង​សៀវភៅ សម្រង់​រូបភាព​ពណ៌នា​អំពី​ការ ជួសជុល និង​អភិរក្ស​ប្រាសាទ​ចន្ទច្ឆាយា ក្នុង​រជ្ជកាល ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​

​ជ័យលាភី​លេខ ​២ ទទួលបាន​ទឹកប្រាក់​ចំនួន ៧​លាន​រៀល​​ ហើយ ជ័យលាភី​លេខ​៣ ទទួលបាន​ទឹកប្រាក់​ចំនួន ៥​លាន​រៀល និង​រង្វាន់​ដទៃ​ទៀត​។ ​​

​ចំពោះផ្នែក​កំណាព្យ បេក្ខជន និង​បេ​ក្ខ​នារី ​​ត្រូវ​តែង​កំណាព្យ​ជា​ភាសា​ខ្មែរ​ដែល​ស្របតាម​គោលបំណង​ដែល​បាន​រៀបរាប់ ដែលមាន​ចំនួន​១០​ល្បៈ ហើយ​ចំពោះ​ប្រភេទ​បទ​កំណាព្យ​ដ៏​សេរី​។​

​ជ័យលាភី​លេខ​១ ទទួលបាន​ទឹកប្រាក់​ចំនួន ​៤​លាន​រៀល​​ ជ័យលាភី​លេខ​២ ទទួលបាន​ទឹកប្រាក់​ចំនួន ៣​លាន​រៀល​​ និង​ ជ័យលាភី​លេខ ​៣ ទទួលបាន​ទឹកប្រាក់​ចំនួន ២​លាន​រៀល​ រួម​​រូបសំណាក​មេទ័ព​សម័យ​បុរាណ ចំនួន​០១ និង​សៀវភៅ សម្រង់​រូបភាព​ពណ៌នា​អំពី​ការ ជួសជុល និង​អភិរក្ស​ប្រាសាទ​ចន្ទច្ឆាយា ក្នុង​រជ្ជកាល ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​​គួរបញ្ជាក់ថា​ អ្នកចូលរួម​​ត្រូវ​ផ្ញើ​ស្នាដៃ​និពន្ធ​បទ​ប​ម្រៀ​ង និង​កំណាព្យ ដែលមាន​ចំណងជើង និង​ការណែនាំ​ខ្លួន​ទាំង​អត្ថបទ និង MP3 ​​តាមរយៈ​អាសយដ្ឋាន https://www.facebook.com/UYFCRoyalPalace ឬ តាមរយៈ​ប្រព័ន្ធ​តេ​លេ​ក្រាម ០៧៧១ ៨៩៦ ៩៧៥១៕