យន្តហោះ​ខ្នាត​តូច​ ១៦​គ្រឿង​នឹង​មក​ដល់​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃ​ទី ២៥​ខែ​មេសា​នេះ ដើម្បី​ត្រៀម​ហោះ​ហើរ​សម្ដែង​នៅ​តាម​បណ្ដោយ​ឆ្នេរ​​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ទី​​២៦ និង​២៧ ខែ​មេសា​។ 

លោក ឡុង ឌីម៉ង់ អភរិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យដឹង​ថា ទស្សនិកជន​ដែល​ចង់​ទៅ​មើល​ការ​សម្ដែង​នេះ​អាច​រង់ចាំ​មើល​ទស្សនីយភាព​នេះ​​នៅ​ពយ​តាមូង ឬ ទីលាន​តេជោ ក្បែរ​សណ្ឋាគារ​សុខា ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ចាប់​ពីម៉ោង​ ៤​រសៀល​សម្រាប់​ព្រឹត្តិការណ៍​​ទាំង​ពីរ​ថ្ងៃ។​

កម្មវិធី «ហោះ​ហើរ​មិត្តភាព​កម្ពុជា-ថៃ​ឆ្នាំ២០២៤»​នេះ​រៀបចំ​ឡើង​ដើម្បី​​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស នៅ​​តំបន់​មាត់​សមុទ្រ ក៏ដូចជា​វិស័យ​ធុរកិច្ច​រវាង​ប្រទេស​កម្ពុជា​និង​ថៃ តាម​គោលការណ៍ «បើក​ចំហរ​ជើង​មេឃ» របស់​រដ្ឋាភិបាល។

លោក​ថ្លែងដូច្នេះ​ថា៖ «ការ​សម្ដែង​នេះ​មិន​មែន​ជា​ព្រឹត្តិការណ៍​ធុរកិច្ច​ទេ។ មែនទែន​ទៅ​សមាគម​នេះ​ឈ្មោះ​ថា សមាគម​ហោះហើរ​ថៃ ដែល​ជា​បណ្ដុំ​អ្នក​មាន​យន្តហោះ​ផ្ទាល់​ខ្លួន​ប្រភេទ​ទេសចរណ៍​ដែល​នឹង​ហោះ​ហើរ​មក​ខេត្ត​ព្រះសីហនុ ហើយ​យើង​ក៏​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង»។ 

ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ចូលរួម​រៀបចំ​ដោយ​​សមាគម​ទេសចរណ៍​កម្ពុជា (CATA) ផងដែរ៕