កីឡាករ​ប្រដាល់​គុនខ្មែរ​ល្បីៗ​នឹង​ប្រឈម​មុខ​តទល់​ជាមួយ​ក្រុម​​តារា​ល្បីៗ​នៅ​សប្ដាហ៍​ក្រោយ​នេះ​​ ប៉ុន្តែ​មិន​មែន​ដើម្បី​ប្រយុទ្ធ​គ្នា​នៅ​លើ​សង្វៀន​ប្រដាល់​ទេ គឺ​ប្រកួត​​បាល់​ទាត់​ដែល​រៀបចំ​ឡើង​ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​​ដើម្បី​អប់រំ​អំពី​បញ្ហា​គ្រឿង​ញៀន។

ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី១ ខែឧសភា នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ក្រោម​ប្រធានទប «​រួមគ្នា​ដើម្បី​មនុស្ស​ធម៌​និង​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន»។

ធឿន​ ធារ៉ា ដែល​មាន​រហសនាម​ថា​ជា​​អ្នក​លេង​ពូថៅដៃ និង​ឈឿង ល្វៃ ដែល​សុទ្ធសឹង​ជា​កីឡាករ​ជួរ​មុខ​ក្នុង​វិស័យ​កីឡា​ប្រដាល់​នឹង​ត្រូវ​​លេង​ក្នុង​តួនាទី​ជាខ្សែ​ការពារ រួម​ជាមួយ​នឹង​កីឡាករ យ៉េន ឌីណា និង មឿន សុខហុច។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ខូវ ឆាយ ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា។

លោក ខូវ ឆាយ​ បាន​ឲ្យ​ដឹង​ថា រូប​លោក​ផ្ទាល់​ក៏​នឹង​លេង​ជា​ខ្សែ​បម្រើផងដែរ​​រួម​ជាមួយ​នឹង​កីឡាករ ឃឹម ឌីមា, និង ម៉ឺន មេឃា។ ចំណែក​ខ្សែ​ប្រយុទ្ធ​នឹង​មាន​កីឡាករ ព្រំ សំណាង, រឿង សុភ័ណ្ឌ, កាន់ មេងហុង, អេ អាំរិនភូថង។

ចំណែក​អ្នក​ចាំទី​រួម​មាន ធន់ រិទ្ធី, ម៉ានូ សិល្បៈ(Emmanuel Onyedikachi) និង​ សែន ចន្ទ​រិទ្ធិគុន (Thiago Teixeira)។

លោក ខូវ ឆាយ និយាយ​ថា​៖ «យើង​ប្រើ​ប្រាស់​កីឡាករ​ជួរ​មុខ​ទាំង​អស់ ហើយ​យើង​មិន​សូវ​គិត​ពី​លទ្ធផល​នៃ​ការប្រកួត​ប៉ុន្មាន​ទេ។ អ្វីដែល​សំខាន់​គឺ​ដើម្បី​ឲ្យមាន​ការ​គាំទ្រ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​អាយដូល​របស់​គាត់​ដែល​ធ្លាប់​តែ​ឃើញ​នៅ​លើ​ការ​ប្រដាល់​គុន​ខ្មែរ ឥឡូវ​នេះ​គាត់​ឃើញ​គាត់​ប្រកួត​នៅ​លើ​ទីលាន​បាល់​ទាត់​ដើម្បី​បំផុស​ឲ្យ​មាន​ការ​លេង​កីឡា​ទាំង​អស់​គ្នា»។

លោក​បន្ត​ថា៖ «ការប្រកួត​ថ្ងៃ​១​ ឧសភានេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​បង​ប្អូន​យើង​ជួយ​ទ្រទ្រង់​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដែល​ជា​មន្ទីរ​ពេទ្យ​មួយ​ជួយ​ព្យាបាល​កុមារ​កម្ពុជា​យើង​ច្រើន ហើយ​យើង​ចង់​ឲ្យ​មន្ទីរ​ពេទ្យ​នេះ​ដំណើរ​ការ​តទៅ​មុខ​ទៀត​យូរ​អង្វែង​ដើម្បី​កុមារ​កម្ពុជា»។

លោក ខូវ ឆាយ អំពាវ​នាវ​​ឲ្យ​យុវជន​ទាំង​អស់​ចៀស​ផុត​ពី​ការ​ពាក់​ព័ន្ធ​នឹង​រឿង​គ្រឿង​ញៀន និង​​ត្រូវ​រួម​គ្នា​កម្ចាត់​គ្រឿង​ញៀន​ឲ្យ​អស់​ពី​កម្ពុជា​ និង​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ទាំង​អស់​គ្នា។

លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់ការប្រកួត។ SHS

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ដោយ​លោក​នឹង​ធ្វើ​ជា​ប្រធាន​កិត្តិយស​សម្រាប់​ក្រុម​សិល្បៈករ។ លោក​ថា លោក​នឹង​ប្រើ​ទម្រង់​ ៣.៤.៣។ លោក​ក៏បាន​ប្រកាស​បរិច្ចាគ​ថវិកា​​ ២០០លាន​រៀល (៥ម៉ឺនដុល្លារ) ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ផងដែរ។

លោកបាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៥ មេសា​ថា៖ « សូម​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជំរុញ​ចលនា​មនុស្ស​ធម៌​និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ សូម​អំពាវនាវ​សប្បុរសជន​ចូល​រួម​ជួយ​ថវិកា​​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ត្រូវ​ការ​សម្រាប់​ព្យាបាល​ដល់​កុមារ​កម្ពុជា»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និយាយ​ថា​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​មិត្តភាព និង​សាមគ្គីភាព ដើម្បី​បង្ក​ការ​សប្បាយ​ដល់​អ្នក​គាំទ្រ​កីឡា​និង​ក្រុម​តារា​ចម្រៀង និង​តារា​កំប្លែង​ជាដើម​ដែល​សុទ្ធ​សឹង​ជា​អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

លោក​ថ្លែង​ថា៖ «យើង​សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ចំណែក​ក្នុង​ព្រឹត្តិការណ៍​នេះ។ ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​គ្រឿង​ញៀន​នឹង​ត្រូវ​ធ្វើ​ជាប់​រហូត​ ពេល​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម និង​ជា​ការ​ដាស់​ស្មារតី​ឲ្យ​បញ្ចូល​បំបាត់​គ្រឿង​ញៀន»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា​ បាន​ថ្លែង​ថា​លោក​សាទរ​ចំពោះ​ការ​ផ្ដួច​ផ្ដើម​​និង​គោល​បំណង​ទាំង​នេះ ដោយហេតុ​ថា​ព្រឹត្តិការណ៍​នេះ​ក៏​អាច​ជួយ​លើក​កម្ពស់​ដល់​វិស័យ​បាល់​ទាត់​កម្ពុជា និង​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​​យុទ្ធនាការ​បញ្ចៀស​ពី​គ្រឿង​ញៀន​ក្នុង​ចំណោម​យុវជន​ផងដែរ។

លោក​ ចន្ទរឿន​ ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ ព្រោះ​វា​ជា​យុទ្ធនាការ​មួយ​ដែល​គួរ​តែ​ធ្វើ​ឲ្យ​បាន​ញឹក​ញាប់​ មិនត្រឹម​តែ​នៅ​ភ្នំពេញ​ទេ អាច​ពង្រីក​វិសាល​ភាព​ទៅ​តាម​ខេត្ត​ផង។ កម្មវិធី​នេះ​បណ្ដុះ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កីឡាករ និង​អ្នក​សិល្បៈ​យើង»។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ត្រូវការ​ថិកា​សម្រាប់​ប្រតិបត្តិការ​ប្រមាណ​​​៤០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ មន្ទីរ​ពេទ្យ​នេះ​ពិនិត្យ​និង​ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃរាប់ម៉ឺន​នាក់​ក្នុង​​មួយ​ឆ្នាំៗ៕