ប៉ៃលិន៖ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ដែល​ល្បីល្បាញ​ផ្លែ​មៀន​ប៉ៃលិន លោក វួច ធុច ជា​សិប្បករ​ក្នុងស្រុក​ដែល​បាន​ផលិត​ស្រា​មៀន​ប៉ៃលិន​ ​កំពុង​ផ្សងព្រេង​អាជីវកម្ម​​ថ្មី​ដោយ​បង្កើត​ស្រា​ស្វាយកែវរមៀត។

គំនិត​ផ្តួចផ្តើម​នេះ​មិន​គ្រាន់តែ​និយាយ​អំពី​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​និយាយ​អំពី​ការ​ដោះស្រាយ​​បញ្ហា​​ខ្ជះខ្ជាយ​​ផ្លែស្វាយ​ដែល​ត្រូវ​បាន​​បោះ​ចោល​ផងដែរ។

ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​មៀន​ប៉ៃលិន លោក ធុច បាន​ចាប់ផ្ដើម​បង្កើត​យីហោ​ផលិតផល​ថ្មី​របស់​លោក គឺ​ស្រាស្វាយ​កែវ​រមៀត​ ជា​កសិផល ដែល​ប្រជាជន​ជាច្រើន​ត្អូញត្អែរ​លក់​លែង​ចេញ និង​ទុក​ឱ្យ​ទុំចោល​ជ្រុះ​ពេញ​ដើម​។ 

ការ​កែច្នៃ​ផលិតផល​ស្រាស្វាយ​របស់​លោក ធុច បាន​ចាប់​ផ្ដើម​កាលពី​ចុង​ខែមីនា​នេះ ហើយ​គ្រោង​ដាក់​លក់​នៅ​លើ​ទីផ្សារ​អំឡុង​ខែ​តុលា បន្ទាប់​ពី​ត្រូវ​បាន​អប់​រយៈពេល​យ៉ាង​តិច ៤ ទៅ ៥ ខែ​។ 

លោក ធុច បាន​និយាយថា​៖ «ពេល​​ចាប់ផ្ដើម​ដំបូង​​នេះ ​​ខ្ញុំផលិត​ស្រាស្វាយ​ប្រមាណ ២ ពាន់​ដប ដោយ​​ប្រើស្វាយ​កែវរមៀត​ប្រហែល ២ តោន​។ ដោយសារ​ការកែច្នៃ​ផ្លែស្វាយ​ងាយស្រួល​ជាង​ផ្លែ​មៀន​ និង​មាន​រយៈពេល​ខ្លី នៅ​សីហា​នេះ យើង​អាច​ច្រោះ​​ឱ្យ​បាន​ស្អាត និង​ផ្អាប់​ទុក​រយៈពេល​មួយ​ខែ ទៅមួយ​ខែកន្លះ​ទៀត​​ ទើប​ច្រក​ចូល​ដប​»។ 

នេះ​ជា​ឱកាស​មួយ បើ​ទោះ​បី​ជា​ផ្លែស្វាយ​ទុំ​មាន​ទីផ្សារ​យ៉ាង​ណា​ក៏ដោយ ពីព្រោះ​ការ​ផលិត​ស្រា​ស្វាយ​មិន​ទាមទារ​ស្វាយ​ប្រភេទល្អៗ​នោះទេ ឱ្យ​តែជា​ស្វាយ​ទុំ និងមាន​សាច់​ល្អ​។ 

អំឡុង​ពេល​ស្វាយ​មិន​សូវ​មាន​ទីផ្សារ​ល្អ​នេះ ម្ចាស់​សិប្បកម្ម​ស្រា​មៀន​ប៉ៃលិន និង​ស្រា​ស្វាយ​កែវរមៀត អាយុ ៣៩ ឆ្នាំរូប​នេះ បាន​និយាយថា៖ «បើ​មាន​ទីផ្សារ​ល្អ យើង​ទិញយក​ស្វាយ​ប្រភេទ​អន់សម្បុរ តូចៗ​សម្រាប់​កែច្នៃ​បាន​។ ប៉ុន្ដែ​ដោយសារ​ទីផ្សារស្វាយ​សព្វថ្ងៃ​មិន​ល្អ យើង​អាច​យក​ស្វាយ​ធំល្អៗ​ ដែលមានតម្លៃ​ថោក​»។ 

លោក​បាន​លើកឡើង​ថា ដោយសារតែ​ទុន​តិច​តួច លោក ធុច មាន​លទ្ធភាព​ទិញ​ស្វាយ​ត្រឹម​ ២ តោន​សម្រាប់​ផលិត​ស្រាស្វាយ​ប្រមាណ ២ ពាន់​ដប​ដំបូង​។ 

អ្នក​ខេត្ដ​ប៉ៃលិន​រូបនេះ បាន​ឱ្យដឹងថា ការផលិត​ស្រាស្វាយ​ចាយ​ដើម​ទុន​តិច​ជាង​ស្រាមៀន​ប៉ៃលិន​ ដោយសារ​តែ​ស្វាយ​សម្បូរ​សាច់​ ងាយ​ស្រួល​ចិត​សំបក​ ដែល​ផ្ដល់​ទិន្នផល​ច្រើន​ផង​ដែរ។ 

លោក​បាន​និយាយថា៖ «ថ្វីដ្បិតតែ​វាជា​សិប្បកម្ម​គ្រួសារ​យ៉ាងណាក៏ដោយ ក៏​យើង​មាន​បុគ្គលិក​ជួយ​ផលិត​ពី​ការ​លាង ចិត និងរៀបចំ​ផ្សេងៗ ៤ ទៅ ៥ នាក់​»។ 

ជាមួយ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ជា​សិប្បកម្ម SKH ក្នុង​ការ​ផលិត​ស្រាមៀន​ លោក​ ធុច បាន​អះអាង​ថា សិប្បកម្ម​របស់​លោក​អាច​ផលិត​ស្រាផ្លែឈើ និង​ភេសជ្ជៈ​ចម្រាញ់​ជាផ្លែឈើ​បាន​ទៀត។ 

លោកបានបង្ហើប​ប្រាប់ថា ផ្លែស្វាយ​នា​ពេលបច្ចុប្បន្ន​នេះមាន​តម្លៃ​ថោក​ខ្លាំង​មែន​ទែន ដោយ​មួយ​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី ២០០ ទៅ ៣០០ រៀល​ប៉ុណ្ណោះ​។ 

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​កសិករ​នៅ​ប្រទេស​ជិត​ខាង​កែច្នៃ​ចេញ​ជា​ផលិតផល​ច្រើន​មុខ​។ ដូច្នេះ យើង​គួរ​តែ​កែច្នៃ​ឱ្យ​អស់​សក្ដានុពល​ដែរ។ ជាក់ស្ដែង ខ្ញុំ​មាន​គម្រោង​កែច្នៃ​ទៅជា​ភេសជ្ជៈ​ទឹក​ស្វាយ​ និង​ទឹក​មៀន​ តែ​ដោយ​សារ​ខ្ញុំ​មាន​ទុន​តិច ខ្ញុំ​ធ្វើ​លក្ខណៈ​គ្រួសារ​»។ 

សិប្បករ​ដែល​ចាប់ផ្ដើម​ផលិត​ស្រា​ផ្លែឈើ​ដំបូង​ក្នុង​ឆ្នាំ​២០០៨ បាន​លើក​ទឹកចិត្ដ​កសិករ​ទាំង​​អស់​ចេះ​កែច្នៃ​ផ្លែ​ស្វាយ​របស់​ពួកគេ​ទៅជា​ផលិតផល​ផ្សេង​ជាជាង​ការ​ទុក​ចោល​ឱ្យ​ទុំ​ជ្រុះពេញ​ដើម ឬ​ថត​បង្ហោះ​រិះ​គន់​នៅលើ​បណ្ដាញ​សង្គម។ 

ដំណើរ​ការ​ផលិត​ស្រា​ផ្លែឈើនេះ​​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០០៨ ជាមួយនឹង​ផ្លែ​មៀន​ប៉ៃលិន​ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​​អ្នក​ជំនាញ​ជនជាតិ​ស្កុ​ត​ឡេ​ន ​​អំពី​បច្ចេកទេស​ផលិត​ស្រា​ទំពាំង​បាយជូរ ហើយ​លោក​​បាន​កែ​សម្រួល​មក​ផលិត​ជា​ស្រា​​​ផ្លែឈើ​ក្នុងស្រុក​។​

កាល​ពីពេល​ខែ​កក្កដា ឆ្នាំមុន​ សិប្បករ​ស្រា​ផ្លែ​មៀន​​រូប​នេះ បាន​ទទួល​ភ្ញៀវ​ពិសេស​ម្នាក់​ គឺ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក W. Patrick Murphy ដែលបាន​ទៅដល់​​សិប្បកម្មស្រា​មៀន​ប៉ៃលិន​ផ្ទាល់។

លោក ធុច បាន​ប្រាប់ថា លោក Murphy កោត​សរសើរ​ ការ​កែច្នៃ​ផលិតផល​មៀន​ប៉ៃលិន ដែល​ប៉ុន្មាន​ឆ្នាំ​នេះ កម្ពុជា​មាន​វិបត្ដិ​ការ​លក់​កសិផល​នៅលើ​ទីផ្សារ​ និង​ត្រូវបាន​កែច្នៃ​ជា​ផលិតផល​ស្រា​ថ្មី​។

លោក W. Patrick Murphy បាន​សរសេរ​នៅលើ​គណនី​ Twitter របស់​លោក​ថា​៖ «​ខ្ញុំ​បាន​ភ្លក្ស​រសជាតិ​ស្រា​មៀន​ប៉ៃលិន​លើក​ដំបូង​នៅ​ថ្ងៃ​នេះ ​នៅ​ឯ​សិប្បកម្ម​បែប​គ្រួសារ​ PailinLongan Wine Handicraft ។ សូម​អបអរ​ចំពោះ​សហគ្រិន​វ័យ​ក្មេង វួច ធុច សម្រាប់​អាជីវកម្ម​ធុន​តូច​ និង​បន្ដ​ដំណើរ​ការ​»។

ដោយ​បាន​ត្រៀម​ការ​វេចខ្ចប់​ជាប្រភេទ​ដប​ស្រាក្រហម និង​ច្រកប្រអប់​ប្រកប​ដោយ​ភាព​ប្រណិត លោក ធុច បាន​ឱ្យដឹងថា ស្រាស្វាយ​កែវ​រមៀត​ នឹង​ត្រូវ​ដាក់​ក្នុង​តម្លៃ​លក់​រាយ​ ១០ ដុល្លារ។ 

លោក ធុច បាន​បន្ដថា​៖ «សុំ​ឱ្យប្រជាជន​ខ្មែរ​យើង​គ្រប់​រូប​គួរ​តែ​ងាក​មក​ប្រើ​ប្រាស់​ផលិតផល​ខ្មែរ​ ពីព្រោះ​ប្រសិនបើ​សិប្បករ​យើង​ផលិត​ផលិតផល​អ្វីមួយ ​​ទទួល​បាន​ការ​គាំទ្រ យើង​ចេះតែ​បន្ដ​អភិវឌ្ឍ​ទៅមុខ។ ការ​កែច្នៃនេះ​ទាម​ទារ​​ទាំង​ការ​ចំណាយ​ថវិកា និង​កម្លាំង​ចិត្ដ​»។ 

លោកស្នើ​ដល់​ស្ថាប័នពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​​ជួយ​សម្របសម្រួល​ជាមួយ​ធនាគារ​ក្នុង​ការ​បន្ទាប​អត្រា​ការប្រាក់​សម្រាប់​សិប្បករ​ផលិត​ផលិតផល​កែច្នៃ​ពី​កសិផល​ក្នុង​ស្រុក​៕