មណ្ឌលគិរី៖ ព្រៃឈើទំហំជាង ៩ម៉ឺនហិកតានៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរក្នុងខេត្តមណ្ឌលគិរី អាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃរហូតដល់ ១៥០តោន ដែលអាចផ្តល់ជាចំណូលរហូតដល់ទៅ ៣,៦លានដុល្លារអាមេរិកសម្រាប់សហគមន៍មូលដ្ឋានក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការ WWF-កម្ពុជា។
អង្គការ WWF-កម្ពុជាបានលើកឡើងថា ព្រៃឈើធម្មជាតិនៅដែនជម្រកសត្វព្រៃភ្នំព្រិច និង ដែនជម្រកសត្វព្រៃស្រែពក ដែលគ្របដណ្តប់លើផ្ទៃដី ៩២ ៣៩៥ហិកតា គឺមានសក្តានុពលដល់ការប្រមូលទឹកឃ្មុំព្រៃ។ ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។
អង្គការបានបញ្ជាក់ថា៖ «ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានពី ២,៧ ទៅ ៣,៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។ អង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព»។
អង្គការអភិរក្សមួយនេះក៏បានចាត់ទុកទឹកឃ្មុំព្រៃថា ជាកំណប់ធម្មជាតិ ដែលអាចប្រែក្លាយទៅជាប្រភពចំណូលមួយដ៏សំខាន់សម្រាប់គាំទ្រជីវភាពដល់សហគមន៍ ក៏ដូចជាការគាំទ្រការងារអភិរក្សផងដែរ។
លោក ស្រើញ ស៊ីនួន ជនជាតិដើមភាគតិចព្នង ដែលជាអ្នករកឃ្មុំព្រៃម្នាក់ អាយុ ៤១ឆ្នាំ ក្នុងខេត្តមណ្ឌលគិរីក៏បានយល់ឃើញផងដែរថា ការប្រមូលផលទឹកឃ្មុំព្រៃគឺពិតជាបានចូលរួមចំណែកក្នុងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាសហគមន៍ បើទោះបីជាវាជាមុខរបរបន្ទាប់បន្សំមួយយ៉ាងណាក៏ដោយ។
លោកបាននិយាយថា៖ «ទឹកឃ្មុំ ជាប្រភពចំណូលមួយរបស់សហគមន៍។ ឆ្នាំនេះយើងរកឃ្មុំព្រៃបានច្រើនគួរសមជាងឆ្នាំមុន»។
លោកបានឱ្យដឹងថា ការរកឃ្មុំព្រៃធ្វើឡើងតែក្នុងខែប្រាំងប៉ុណ្ណោះ ដែលអាចចាប់ផ្តើមពីខែមីនា រហូតដល់ខែមិថុនា។ក្នុងអំឡុងពេលនេះ អ្នកភូមិស្ទើរគ្រប់ផ្ទះតែងតែចេញទៅរកឃ្មុំ លើកលែងតែមនុស្សចាស់។
ទោះយ៉ាងណា លោក ស៊ីនួន បានអះអាងថា ការចេញទៅរកឃ្មុំម្តងៗមិនប្រាកដថាទទួលបានផលច្រើនដូចការរំពឹងទុកនោះទេ។ ម្យ៉ាងវិញទៀត អ្នករកឃ្មុំព្រៃត្រូវដើររកជាក្រុមៗ ដែលក្រុមតូចមានគ្នាពី ៣ ទៅ ៤នាក់ ព្រោះថា នៅក្នុងព្រៃជ្រៅឆ្ងាយពីផ្ទះ គឺពួកគេប្រឈមនឹងបញ្ហាច្រើន ដូចជា ការរអិលធ្លាក់ពីលើដើមឈើ និង អាចជួបនឹងគ្រោះថ្នាក់ផ្សេងៗទៀតក៏មាន។
លោកថា ចំពោះក្រុមលោកអាចរកបានរកទឹកឃ្មុំព្រៃប្រមាណជា ៤ ទៅ ៥ កាន (១កាន់ចំណុះ៣០លីត្រ) នៅក្នុងជិតមួយរដូវនេះ។ ទឹកឃ្មុំខែចែត្រ លក់បានតម្លៃពី ៦ ទៅ ៧ ម៉ឺនរៀលក្នុង១លីត្រ ព្រោះក្នុងរដូវប្រាំងទឹកឃ្មុំវាខាប់ល្អ តែបើក្រោយពីមានភ្លៀងធ្លាក់ខ្លះហើយ តម្លៃបានធ្លាក់ចុះបន្តិចមកនៅប្រមាណជាជាង ៥ម៉ឺនរៀលក្នុង ១លីត្រ ដោយសារតែទឹកឃ្មុំរាងរាវបន្តិច។
លោកបាននិយាយថា៖ «លូវព្រៃនៅឆ្ងាយៗពីផ្ទះ យើងជិះម៉ូតូកន្លះថ្ងៃ ឬមួយថ្ងៃទំរាំដល់ព្រៃរកឃ្មុំ។ ព្រៃឈើជាជម្រកសំបុកឃ្មុំដ៏សំខាន់។ បើបាត់បង់ព្រៃឈើក៏វាបណ្តាលឱ្យប៉ះពាល់ដល់ការរកឃ្មុំ រកចំណូលយើង ឬការប្រែប្រួលអាកាសធាតុដែរ ព្រោះពលរដ្ឋរស់ដោយពឹងលើព្រៃឈើ»៕