Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - «ផ្ទះ​ម៉ាន​ហ្កា» គួប​ផ្សំ​រឿង​តុក្កតា​ជប៉ុន ជាមួយ​នឹង​រចនាបថ​ខ្មែរ

Content image - Phnom Penh Post
ហ៊ុយ ស៊ឹង (រូបឆ្វេងបំផុត) ខៀវ សុធីណា (ស្តាំបំផុត) និង​សិល្បៈករ​ម៉ាន់ហ្កា​ដទៃទៀត នៅ​ផ្ទះ​ម៉ាន់ហ្កា។ ហេង ជីវ័ន

«ផ្ទះ​ម៉ាន​ហ្កា» គួប​ផ្សំ​រឿង​តុក្កតា​ជប៉ុន ជាមួយ​នឹង​រចនាបថ​ខ្មែរ

ភ្នំពេញៈ នៅ​ក្នុង​ការិយាល័យ​មួយ​នៅ​ជាន់​ទីបួន​នៃ​អគារ​ខ្ពស់​មួយ​លើ​ផ្លូវ ២៧១ យុវជន ខៀវ សុធីណា កំពុង​តែ​ធ្វើ​ការងារ​បង្ហើយ​ជាមួយ​នឹង​ប៊ិច​អេឡិចត្រូនិក​របស់​គេ​ទៅ​លើ​វគ្គ​ថ្មី​នៃ​រឿង បច្ចុប្បន្ន​របស់​មនុស្ស​ស្រី​អតីត​កាល ជា​សៀវភៅ​តុក្កតា​ «ម៉ាន់ហ្កា» ដែល​ជា​រចនាបថ​សៀវភៅ​តុក្កតា (Comic Book) ឬ​ប្រលោម​លោក​ដោយ​រូបភាព​មួយ​ប្រភេទ​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ ជប៉ុន។

សុធីណា ត្រូវ​បាន​ហ៊ុម​ព័ទ្ធទៅ​ដោយ​របស់​ក្មេង​លេង​ជា​ច្រើន​ព្រម​ទាំង​ផ្ទាំង​រូបភាព​នៃ​តួអង្គ​គំនូរ​ជីវចល​នានា ព្រម​ទាំង​ធ្នើរ​ដាក់​សៀវភៅ​ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​ម៉ាន់ហ្កា ​ជា​ច្រើន។ នៅ​ពេល​ដែល​គេ​ធ្វើ​ការ​ពិនិត្យ​ចប់​សព្វគ្រប់​ទៅ​លើ​វគ្គ​ថ្មី​នេះ វា​នឹង​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​ទំព័រ​ហ្វេសបុក​របស់​ពួក​គេ សម្រាប់​ឲ្យ​អាន​ដោយ​មិន​គិត​ប្រាក់។

យុវជន​វ័យ ២៨ ឆ្នាំ មក​ពី​ខេត្ត​ បាត់ដំបង ​​និង​រៀន​ចប់​ពី​សាលា​សិល្បៈ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​រូប​នេះ​បាន​និយាយ​ថា៖ «យើង​មិន​បាន​ទទួល​ប្រាក់​ចំណេញ​អ្វី​ពី​វា​នោះ​ទេ តែ​យើង​ចង់​ចែក​រម្លែក​ជា​មួយ​អ្នក​ទាំង​អស់​គ្នា»។

Content image - Phnom Penh Post
ទំព័រ​មួយ​នៃ​សៀវភៅម៉ាន់ហ្ការឿង បច្ចុបន្នកាល​របស់ក្មេងស្រីអតីតកាល។ សហការី

បច្ចុប្បន្ន​របស់​មនុស្ស​ស្រី​អតីត​កាល និទាន​ពី​សាច់រឿង​របស់​ក្មេង​ស្រី​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា​ពី​អតីត​កាល​មួយ​រូប ដែល​ព្យាយាម​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ប្រទេស​ កម្ពុជា​ទំនើប ក៏​ដូចជា​ទំនាក់​ទំនង​មនោសញ្ចេតនា​របស់​នាង​ជាមួយ​នឹង​យុវជន​ម្នាក់​នៅ​បច្ចុប្បន្ន​កាល។ រឿង​នេះ​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការ​ចូល​អាន និង​ចុច Like រាប់​ពាន​ពី​បណ្តា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។

ប្រហែល ៣ ឆ្នាំ​មុន សុធីណា និង​មិត្ត​ ៤ ​រូប​ទៀត ដែល​ហៅ​ខ្លួន​ពួក​គេ​ថា Otaku ជា​ពាក្យ​ក្នុង​ភាសា​ជប៉ុន សំដៅទៅ​លើ​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ម៉ាន់ហ្កា និង អានីមេ ឬ​គំនូរ​ជីវចល​ជប៉ុន បាន​រួមគ្នា​បង្កើត​ក្រុម​មួយ ដោយ​មាន​ក្តី​សង្ឃឹម​ចង់​ចែក​រម្លែក​អ្វី​ដែល​ពួក​គេ​ស្រលាញ់​ជាមួយ​នឹង​យុវជន​កម្ពុជា​ដទៃ​ទៀត ដែល​ភាគច្រើន​មិន​សូវ​ស្គាល់​សិល្បៈ​ប្រភេទ​នេះ។​

ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ក៏​មាន​បំណង​ចង់​បង្កើត​ស្នាដៃ​ចេញ​ពី​ការ​គួប​ផ្សំ​គ្នា​រវាង​សិល្បៈ​គំនូរ​ជីវចល​ជប៉ុន ជាមួយ​នឹង​អត្តសញ្ញាណ​ខ្មែរ​ផង​ដែរ។

យុវជន ហ៊ុយ សឹង វ័យ ២៤ ឆ្នាំ ជា​នាយក​ប្រតិបត្តិ​នៅ​ផ្ទះ​ ម៉ាន់ហ្កា ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ដំបូង​ ពួក​គេ​បាន​រង​សម្ពាធ​ជា​ច្រើន​ ជា​ពិសេស​ពី​សំណាក់​ឪពុក​ម្តាយ​របស់​គេ។

គេ​និយាយថា៖ «ម៉ាក់ប៉ា​យើង​គិត​ថា យើង​កំពុង​តែ​ធ្វើ​រឿង​អត់​ប្រយោជន៍ មិន​ខិត​ខំ​រៀន​សូត្រ។ យើង​ដឹងថា យើង​ត្រូវ​ផ្តោត​ខ្លាំង​លើ​ការ​សិក្សា​របស់​យើង តែ​អ្វី​ដែល​យើង​ស្រលាញ់ ក៏​សំខាន់​ផង​ដែរ ដូច្នេះ​យើង​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ខិតខំ​ឲ្យ​ខ្លាំង​លើ​រឿង​ទាំង​ពីរ»។

ទោះ​បី​ជា​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​បាន​សិក្សា​ពី​សិល្បៈ​មើល​ឃើញ (Visual Artស) និង​ឌីហ្សាញ​ក្រាហ្វិក​យ៉ាង​ណា​ក្តី មិន​មាន​នរណា​ម្នាក់​ធ្លាប់​ឆ្លង​កាត់​ការបណ្តុះ​បណ្តាល​ពី​សិល្បៈ​សៀវភៅ​ម៉ាន់ហ្កា ហើយ​មិន​ទាំង​ធ្លាប់​បាន​ទៅ​ប្រទេស​ជប៉ុន​ផង។ គ្រូ​តែ​មួយ​គត់​របស់​ពួក​គេ​គឺ​អ៊ីនធើណេត និង​គំរូ​សៀវភៅ ម៉ាន់ហ្កា ​ល្បីៗ​ដូចជា Bleach និង One Piece ត្រូវ​បាន​និពន្ធ​រៀង​គ្នា​ដោយ​សិល្បករ Tite Kubo និង Eiichiro Oda។

សៀវភៅ​ទី​មួយ​របស់​ពួក​គេ ដែល​មាន​ឈ្មោះ​ថា Famous 3 ដែល​ជា​រឿង​ ម៉ាន់ហ្កា ​មួយ​ភាគ​ចប់​និយាយ​ពី​កីឡា​បាល់ទាត់ មិន​បាន​ទទួល​ការ​ឆ្លើយតប​ល្អ​ណាស់​ណា​ឡើយ​ពី​ប្រិយ​មិត្ត​កម្ពុជា។ ទោះ​បី​ជា​មាន​ការ​អន់ចិត្ត​បន្តិច​ក្តី ពួក​គេ​បាន​ព្យាយាម​សិក្សា​ពី​យោបល់​សាធារណជន ដើម្បី​ពង្រឹង​ការងារ​របស់​ខ្លួន ដែល​បាន​លេច​រូបរាង​ជា​រឿង បច្ចុប្បន្ន​របស់​មនុស្ស​ស្រី​អតីត​កាល នេះ។

យុវជន អ៊ិត ចាន់ណារ៉េត ជា​អ្នកគូរ​គំនូរ​ក្នុង​សៀវភៅ ម៉ាន់ហ្កា នៅ​ក្នុង​ស្ទូឌីយ៉ោ ផ្ទះ​ម៉ាន់ហ្កា ជាមួយ​នឹង​ជំនួយ​ការ​ពីរ​រូប បាន​និយាយ​ថា រចនាបថ​សៀវ​ភៅ​តុក្កតា​ជប៉ុន​មាន​ចំណុច​ខុស​គ្នា​ជា​ច្រើន​ធៀប​នឹង​សៀវភៅ​តុក្កតា​របស់​បច្ចឹម​ប្រទេស ដែល​ត្រូវ​បាន​នាំ​យក​មក​ប្រទេស​កម្ពុជា​ដោយ​អាណាព្យាបាល​បារាំង​នៅ​អំឡុង​ឆ្នាំ ១៩៥០ ជា​ពិសេស​ផ្នែក​ការ​វិវត្ត​នៃសាច់​រឿង និង​រូប​រាង​របស់​តួអង្គណារ៉េត និយាយ​ថា ខណៈ​សៀវភៅតុក្កតា​បច្ចឹម​ប្រទេស​ច្រើន​តែ​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​ការ​វិវត្ត​នៃ​ដំណើរ​រឿង សៀវភៅ​ម៉ាន់ហ្កា​របស់​ជប៉ុន​សង្កត់​លើ​ប្រធាន​បទ​ជា​ច្រើន ហើយ​លើក​ឡើង​ពី​ព័ត៌មាន​លម្អិត​ជា​ច្រើន​ដែល​ទាក់ទង​នឹង​សាច់​រឿង។

គេ​បន្តថា៖ «បន្ថែម​ទៅ​លើ​នេះ​ទៀត តួអង្គ​ក្នុង​សៀវភៅ ម៉ាន់ហ្កា​ មាន​រូបរាង​ប្លែក​ដូច​ជា​សក់​បាស់​ឡើង​លើ​ស្រួចៗ និង​ចង្ការ​ស្រួច​ខ្លាំង។ សម្រាប់​យើង​ នោះ​គឺ​ជា​សម្រស់ និង​ភាព​ទាក់ទាញ​មួយ»។

ក្រៅ​ពី​សៀវភៅ​ម៉ាន់ហ្កា ស្ទួឌីយ៉ូ ផ្ទះម៉ាន់ហ្កា ក៏​បាន​ផលិត​វីដេអូ​គំនូរ​ជីវចល​អប់រំ និង​ចម្រៀង​ខ្លីៗ​ផង​ដែរ។ ហ៊ុយ ស៊ឹង នាយក​ប្រតិបត្តិ បាន​ឲ្យដឹងថា នៅ​ពេល​ឆាប់ៗ​នេះ​ស្ទូឌីយ៉ូ​របស់​គេ​នឹង​ចេញ​ផ្សាយ​នូវ​ភាពយន្តភាគគំនូរជីវចលមួយ​ដែល​មាន​ចំណង​ជើង​ថា «My Brothers» ដែល​តម្រង់​លើក​កម្ពស់​ភាព​ស្អាត​ក្នុង​បរិស្ថាន​មនុស្ស។

ជាមួយ​នឹង​ប្រជាប្រិយភាព​កើន​ឡើង​យ៉ាង​ខ្លាំង ក្រុមសិល្បករ​វ័យ​ក្មេង​ទាំង​នេះ​បាន​មើលឃើញ​នូវ​ឱកាស​អាជីវកម្ម​នៅក្នុង​ការ​ស្រលាញ់​របស់​ខ្លួន។ នៅ​ឆ្នាំ​នេះ​ ពួក​គេ​បាន​ប្រែ​ក្លាយ​ក្រុម​របស់​ពួក​គេពី​ក្រុម​ដែល​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​មិន​ស្វែង​ប្រាក់​ចំណេញ មក​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​ត្រឹមត្រូវ ដោយ​ទទួល​ផលិត​ភាព​យន្ត​ឬ​រូបភាព​គំនូរ​ជីវចល​ផ្សព្វផ្សាយ​ផលិត​ផល ឬអប់រំ​ សម្រាប់​ក្រុមហ៊ុន ឬ​អង្គការ​នានា។ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​បង្កើត​សៀវភៅ ម៉ាន់ហ្កា និង​អានីមេ សម្រាប់​សាធារណជន​អាន​ដដែល។

តាម​ការ​ឲ្យដឹងរបស់ ស៊ឹង គោលដៅ​ធំ​របស់​ពួក​គេ​គឺ ការ​នាំចេញ​សៀវភៅ​ម៉ាន់ហ្កា និង​តុក្កតាអានីមេ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដូច​ដែល​ត្រូវ​បាន​គេ​ធ្វើ​នៅ​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ដូចជា ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

ស៊ឹង និយាយថា៖ «ពួក​គេ​អាច​ធ្វើ​វា​បាន និង​ទទួល​ជោគជ័យ ចុះ​ហេតុអ្វី​យើង​មិន​អាច​ធ្វើ​បាន? ទោះ​បី​យើង​បាន​គំនិត​ដើម​ពី​ប្រទេស​ជប៉ុន តែ​ព័ត៌មាន ដែល​យើង​ប្រើប្រាស់​ក្នុង​ការ​កសាង​ស្នាដៃ​របស់​យើង​ឡើង​ពឹង​ផ្អែក​ស្ទើ​តែ​ទាំង​ស្រុង​លើ​ប្រទេស និង​ប្រជាជន​របស់​យើង ហើយ​មាន​តម្លៃ​អប់រំ​ពិត​ប្រាកដ»។

ទីផ្សារ​សម្រាប់​ម៉ាន់ហ្កា និង​អានីមេ​កាល​ពី​ឆ្នាំទៅ​ត្រូវ​បាន​គេ​រំពឹង​ថា មាន​រហូត​ដល់ទៅ ៤ ពាន់​លាន​ដុល្លារ គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​តែ​មួយ និងថែម​ទាំង​​មាន​តម្រូវការ​នៅ​ជុំវិញ​ពិភព​លោក​ថែម​ទៀត​ផង។

ឧបសគ្គ​របស់​ ផ្ទះ​ម៉ាន់ហ្កា នៅ​ពេល​នេះ​អាច​នឹង​ជា​ការ​រិះគន់​ពី​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ដែល​មាន​គំនិត​អភិរក្ស។ មនុស្ស​ជា​ច្រើន ជា​ពិសេស​មនុស្ស​ចាស់ បាន​រិះគន់​ក្រុម​ពួក​គេថា បាន​នាំ​យក «ឥទ្ធិពល​បរទេស» ចូល​មក​ក្នុង​ប្រទេស ក៏ប៉ុន្តែ​ ស៊ឹង​បាន​លើក​ឡើងប្រជា​ជន​កម្ពុជា​កំពុង​តែក្រេប​យក​ឥទ្ធិពល​នេះ​សន្សឹមៗ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​ប្រទេស។

គេ​និយាយថា៖ «ប្រជាជន​យើង​បាន​ទទួល​យក​រចនាបថ​សៀវភៅ​តុក្កតា​បច្ចឹម​ប្រទេស ហើយ​ក៏​បាន​បង្កើត​សៀវភៅ​តុក្កតា​របស់​ខ្លួន​តាំង​ពី​យូរ​មក​ហើយ។ កូនសោ​នៃ​សេចក្តី​រីករាយ​ពិត​ប្រាកដ​មិន​មែន​មោទនភាព​នោះ​ឡើយ​តែគឺ​ការ​ធ្វើអ្វី​ដែល​យើង​ស្រលាញ់ ហើយ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ដែល​យើង​ស្រលាញ់ វា​លែងជា​ការងារ​ហើយ តែ​ជា​រឿង​សប្បាយទៅ​វិញ»៕

0

Comments

Please, login or register to post a comment