Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កំណើន​បច្ចេកវិទ្យា ទាមទារ​ឲ្យ​មាន​ការ​សម្រប​ខ្លួន​នឹង​ ទីផ្សារ​ការងារនៅ​កម្ពុជា

Content image - Phnom Penh Post
សិស្ស-និស្សិត​ចូល​រួម​សាកសួរ​ព័ត៌មាន​នៅ​តាម​ស្តង់ពិព័រណ៍​​ក្នុង​វេទិកា​សន្និបាត​បញ្ញាវន្ត​ពិភព​លោក កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ហុង មិនា

កំណើន​បច្ចេកវិទ្យា ទាមទារ​ឲ្យ​មាន​ការ​សម្រប​ខ្លួន​នឹង​ ទីផ្សារ​ការងារនៅ​កម្ពុជា

ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម ​បាន​ដាស់​តឿន​ឲ្យ​យុវជន​កម្ពុជាត្រៀម​សម្រប​ខ្លួន​ទៅ​នឹង ​ការ​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ​ការងារ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​យ៉ាង​លឿន​នៃ​វិស័យ​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា ជា​ពិសេស ព័ត៌មាន​វិទ្យា នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​វេទិការ​ពិភាក្សា​ពាណិជ្ជកម្ម នៃ​សន្និបាត​បញ្ញាវន្ត​ពិភព​លោក កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នកស្រី​ អ៊ិម សុភាព ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Digital Divide Data ជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​​ផ្តល់​សេវា​ព័ត៌មាន ឌីជីថល ទិន្នន័យ និង ស្រាវជ្រាវ បាន​ថ្លែង​ថា កំណើន​យ៉ាង​គំហុក​នៃ​បច្ចេកវិទ្យា​ទំនើប​នៅ​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​នេះ ទាម​ទារ​ចាំ​បាច់​នូវ​បុគ្គលិក​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា។

អ្នក​ស្រី​និយាយ​ថា៖ «ការ​កើត​ឡើង​នៃ​បច្ចេក​វិទ្យា​ថ្មីៗ បាន​កែប្រែ​ដំណើរ​នៃ​ការ​ងារ​ពាណិជ្ជកម្ម ក្នុង​លក្ខណៈ​មួយ​លឿន និង​ងាយ​ស្រួល​ជាង​មុន។ បច្ចេក​វិទ្យា​នេះ​បាន​បង្កើត​មុខងារ​ជា​ច្រើន ដែល​ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ការ​អ្នក​ចេះ​ប្រើ​ប្រាស់»។

អ្នក​ស្រី​បាន​លើក​ឧទាហរណ៍ កាល​ពី​ប្រមាណ ១០ ទៅ ២០ ឆ្នាំ​មុន ក្រុមហ៊ុន​ភាគ​ច្រើន​ត្រូវ​ការ​បុគ្គលិក​ដែល​ចេះ​ត្រឹម​តែ​ជំនាញ​ការងារ​ការិយា​ល័យ​ជា​ទូទៅ ក៏ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​តម្រូវ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ចេះ​បន្ថែម​ទៀតនូវ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​នានា ដូច​ជា​ទៅ​លើ​ការ​បញ្ជូន​ទិន្នន័យ​ឬសាច់​ប្រាក់ បណ្តាញ​សង្គម ឬ​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ជា​ដើម ដែល​ស្រប​ទៅ​តាម​ដំណើរ​សាកលភាវូបនីយកម្ម និង​ការ​ទាម​ទារ​របស់​អតិថិជន។

អ្នកស្រី​បន្ត​ថា យុវជន​ត្រូវ​តែ​ខិតខំ​សិក្សា​ជំនាញ​ទាំង​នេះ ដើម្បី​ពង្រឹង​ឱកាស​ទទួល​បាន​ការងារ។

នៅ​លើ​វេទិការ​នេះ​ដែរ លោក Pily Wong ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចែក​ចាយ​ម្ហូប​អាហារ និង​ផលិតផល​កសិកម្ម Hung Hiep បាន​បន្ថែម​ថា នៅ​ពេល​អនាគតខាង​មុខ ការងារជា​ច្រើននៅ​កម្ពុជា​នឹង​ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ប្រព័ន្ធ ឌីជីថល និង​ខួរ​ក្បាល​អេឡិក​ត្រូនិក។

Content image - Phnom Penh Post
សិស្ស-និស្សិត​ចូល​រួម​សាកសួរ​ព័ត៌មាន​នៅ​តាម​ស្តង់ពិព័រណ៍​​ក្នុង​វេទិកា​សន្និបាត​បញ្ញាវន្ត​ពិភព​លោក កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ហុង មិនា

លោក​និយាយថា៖ «ក្រុម​អ្នក​វិទ្យាសាស្រ្ត​លើ​ពិភព​លោក​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ខ្លាំងទៅ​លើ​ស្វ័យ​ប្រវត្ថិភាព​នៃ​ខួរ​ក្បាល​អេឡិក​ត្រូនិក ហើយ​បន្តិច​ម្តងៗ គ្រឿង​ម៉ាស៊ីន​កំពុង​តែ​ឈាន​ទៅ​រក​សមត្ថភាព​ធ្វើ​ការ​កាន់​តែ​ខ្ពស់​ទៅៗ»។

លោក​បន្ត​ថា នៅ​ដំណាក់​កាលដំបូង​នេះ ការងារ​ដែល​ងាយ​នឹង​ប្រឈម​នឹង​ការ​ជំនួស​ដោយ​គ្រឿង​ម៉ាស៊ីន​ជាង​គេស្ថិត​នៅ​ក្នុង​ផ្នែក​ផ្តល់​ព័ត៌មាន និង​ទំនាក់​ទំនង​ ជាដើម។ ជាមួយ​គ្នា​នោះ​ដែរ កំណើន​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិកត្រូនិក​នឹង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​បុគ្គលិកលក់ ​និង​ការ​ធ្វើ​ដំណើរ។ លោក Pily បាន​ទាយ​ទុក​ថា នៅ​ថ្ងៃ​អនាគត ខួរ​ក្បាល​អេឡិក​ត្រូនិក​នឹង​ជំរុញ​បង្កើត​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង ដែល​ច្រាន​ចោល​នូវ​ការ​ប្រើ​ប្រាស់​តៃ​កុង​បើក​បរ។

លោក Pillly បាន​ផ្តល់​យោបល់​ថា ទោះជា​យ៉ាង​នេះ​ក្តី យុវជន​អាច​បង្កើន​ឱកាស​ការងារ​ ព្រម​ទាំងរក​ចំណូល​បាន​ច្រើន​ផង​ដែរ តាម​រយៈ​ការ​សិក្សា​ជំនាញ​វិទ្យាសាស្រ្ត ឬវិស្វកម្ម​ដែល​សង្កត់​ធ្ងន់​ទៅ​លើ​ការ​បង្កើត គ្រប់​គ្រង ថែទាំ និង​សម្រប​សម្រួល​បច្ចេកវិទ្យា​ទាំង​នេះ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុន Gallup នៅ​សហរដ្ឋ​អាមេរិកបាន​ឲ្យដឹងថា ៣៧ ភាគ​រយ​នៃ​ក្រុម​មនុស្ស​ដែលកើត​នៅ​អំឡុង​ឆ្នាំ ២០០០ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ដែល​ការងារ​របស់​ពួក​គេ​ត្រូវ​បាន​ជំនួស​ដោយ​គ្រឿង​ម៉ាស៊ីន៕

0

Comments

Please, login or register to post a comment