Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តន្រ្តី​ EDM បង្កើត​ដោយ​យុវជន​ខ្មែរ​ម្នាក់ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​យុវវ័យ

Content image - Phnom Penh Post
យុវជន សៀ​ វុត្ថា​ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី EDM នៅ​ខេត្ត​សៀមរាប។ រូបថត សហការី

តន្រ្តី​ EDM បង្កើត​ដោយ​យុវជន​ខ្មែរ​ម្នាក់ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​យុវវ័យ

ភ្នំពេញៈ ដោយសារ​តែ​កម្ពុជា​ មិន​ដែល​មាន​ការ​ប្រគុំ​តន្រ្តី​ EDM ​ពី​មុន​មក ​យុវជនម្នាក់ និង​អ្នក​ដែល​មាន​រសនិយម​ដូច​គ្នា​នេះ​ក៏​មាន​គំនិត​បង្កើត​ជា​ក្រុម​មួយ​ដាក់​ឈ្មោះ​ថា​ EDM កម្ពុជា កាល​ពី​ឆ្នាំ ២០១៥។

EDM (Electronic Dance Music) គឺ​ជា​តន្រី្ត​ពេញនិយម​សម្រាប់​ការ​រាំ ធ្វើ​ឡើង​ភាគ​ច្រើន​នៅ​ក្នុង​ក្លិប​រាត្រី ​ឬ ​ពិធី​បុណ្យ​ណា​មួយ​។ តន្រ្តី​ EDM មាន​ចង្វាក់​ច្រំដែល​ៗ ​អម​ជាមួយ​បទ​ភ្លេង ដែល​ទូទៅ​បទភ្លេង​ទាំង​នេះ​ចាក់​ដោយ​ ឌីជេ។

សៀ​ វុត្ថា​ ជា​កូន​អ្នក​សៀម​រាប​ ដែល​បាន​មក​រៀន​បន្ត​នៅ​ភ្នំ​ពេញ​តាំង​ពី​អាយុ ​១៧ ​ឆ្នាំ ​នៅ​ឯ​ដេប៉ាតឺមង៍​ភាសា​បរទេស នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញ​ ​មាន​ចំណង់​ចំណូល​ចិត្ត​ខាង​តន្រ្តី​តាំង​ពីតូច រហូត​ដល់​ឆ្នាំ ​២០១៥ ទើប​យុវជន​រូប​នេះ និង​មិត្តភក្តិ​​សម្រេច​ចិត្ត​​បង្កើត​​តន្រ្តី ​EDM នេះ​ឡើង​។

មក​ដល់​សព្វ​ថ្ងៃ​នេះ​ ក្រុម​ EDM កម្ពុជា មាន​សមាជិក​ចំនួន​ ១៤​នាក់​ ដែល​មាន​អ្នកចាត់​ចែង​ខាង​ផ្នែក​ទីផ្សារ ទំនាក់ទំនង ហើយ​នឹង​ការ​សម្របសម្រួល​ទូទៅ​ក្នុង​ក្រុម​។

វុត្ថា ​បាន​និយាយ​ថា​៖​ «​កម្មវិធី​ដំបូង​បង្អស់​របស់​ពួក​យើង គឺ​យើង​គ្មាន​បទពិសោធន៍​ទាល់តែ​សោះ ប៉ុន្តែ​យើង​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​មិត្តភក្តិ ​ហើយ​ពួក​គេ​ក៏​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៀត​តាម​បណ្តាញ​សង្គម​»។

ការ​ប្រគុំ​តន្រ្តី​លើក​ដំបូង​របស់​ EDM កម្ពុជាធ្វើ​នៅ​ឯ​ក្លឹប​រាត្រី Vito។

វុត្ថា ​ក៏​បាន​លើក​ឡើង​ពី​ការ​លក់​សំបុត្រ​ផង​ដែរ​ថា​៖ «ការលក់សំបុត្រវិញ គឺលក់ល្មម​នឹង​អាចរួច​ថ្លៃ​ជួល​ប៉ុណ្ណោះ​។ លទ្ធផល​ដែល​ក្រុម​យើង​ទទួល​បានគឺ​វិជ្ជមាន​លើស​ពី​ការ​រំពឹង​ទុក​។ សំបុត្រ​ចូល​រួម​ត្រូវ​បាន​លក់​ដាច់​អស់​រលីង​​»។

ដោយ​សារ​តែ​ភាព​ជោគ​ជ័យ​នោះ​ ក្រុម​ EDM កម្ពុជា ​ក៏​ចាប់​ផ្តើម​រៀបចំ​គម្រោង​សម្រាប់​ការ​ប្រគុំ​តន្រី្ត​លើក​ក្រោយ​ទៀត​ ដែល​ការ​ប្រគុំ​តន្រ្តី​ EDM លើក​ទី​ពីរ​គឺ​ក្នុង​ឆ្នាំ ២០១៥ ដដែល​ មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ “After Life” ហើយ​នៅ​ឆ្នាំ​ ២០១៦ គឺ​ជា​ការ​ប្រគុំ​លើក​ទី ៣​ មាន​ឈ្មោះ​ថា “Raveground” ចំ​ថ្ងៃ​ទី ១៦ ខែកក្កដា ដែលធ្វើពិសេសសម្រាប់ថ្ងៃ​​ខួប​របស់​ វុត្ថា ​តែម្តង។ ​

Content image - Phnom Penh Post
សមាជិករៀបចំតន្ត្រី EDM។

ចំនួនអ្នក​ចូលរួម​មាន​ប្រមាណ​ ១៤០០​ នាក់ ហើយ​ការ​ប្រគុំ​លើក​ទី ​៤ បាន​ធ្វើ​ឡើង​ កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៧ នេះ​ផង​ដែរ ដែល​មាន​អ្នក​ចូល​រួម​កើន​ដល់​ ១ ៦០០ ​នាក់​។

វុត្ថា​ បាន​និយាយ​ថា​៖ «​យើង​មាន​មោទនភាព ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​នូវអ្វី​ដែល​យើង​ធ្វើ​ឡើង ហើយ​តែង​គាំទ្រ​យើង​​»។

វុត្ថា​ ក៏​បាន​ចែក​រំលែក​ពី​អារម្មណ៍​ឡើង​ឆាក​ ដើម្បី​ធ្វើ​ជា​ឌីជេ ​លើក​ដំបូង​ថា ​ខ្លួន​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាំង តែ​គ្រាន់​តែ​លឺ​សម្លេង​ហ៊ោ​កញ្ជៀវ​របស់​អ្នក​ទស្សនា​ ក៏​ចាប់ផ្តើម​មាន​ទំនុកចិត្ត​ ហើយ​ប្រាប់​ខ្លួន​គេ​ថា​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​។

ការ​ចេះ​ធ្វើ​តន្រ្តី​ EDM ទាំង​នេះគាត់​មិន​បាន​រៀន​នៅ​សាលា​ណា​នោះ​ទេ យុវជន​រូប​នេះ​បាន​ប្រាប់​ថា ​គាត់​រៀន​តាម​រយៈ​ Youtube​។ ហើយ​គាត់​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា គាត់​បាន​សន្សំ​លុយ​រហូត​គាត់​អាច​ទិញ​ឧបករណ៍​ mix ​ភ្លេង​តូច​មួយ​ខ្លួនឯង​បាន​។

សញ្ជឹង​គិត​មួយ​ស្របក់ វុត្ថា​បាន​រៀបរាប់​ប្រាប់​ថា​គាត់​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​សម្រាប់​គម្រោង​អនាគត​ថា ​ការងារ​អាច​នឹង​ទាក់​ទង​​ទៅ​នឹង​ការ​សិក្សា​រាល់ថ្ងៃឬ​ក៏​ខាង​តន្រ្តី​ ប៉ុន្តែ​ យុវជន​​នេះ​បញ្ជាក់​ថា ​សព្វថ្ងៃ ​គឺ​គាត់​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត ហើយ​អាច​រក​ថវិកា​បាន​សម្រាប់​ផ្គត់ផ្គង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។

យ៉ាងណាមិញ យុវជន​រូប​នេះ​បាន​និយាយ​ថា ​គោលដៅ​ចុង​ក្រោយ​របស់​ខ្លួន​និង​ក្រុម​របស់​គាត់ ​គឺ​ការ​អាច​ឆ្លង​ទៅ​ប្រគុំ​តន្រ្តី​EDM នេះ​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ដូច​ជា​ប្រទេស ​ថៃ ​ជា​ដើម​៕

អត្ថបទដោយ នៅ ស៊ីណា

Content image - Phnom Penh Post
សៀ​ វុត្ថា​ ពេល​ធ្វើ​ឌីជេ។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ