ភ្នំពេញ ប៉ុស្ដិ៍ | ​តើ​អ្នក​រៀន​ព័ត៌មានវិទ្យា​​ត្រូវ​រៀបចំ​បែប​ណា​ទើប​មាន​ភាព​រីក​ចម្រើន?

តើ​អ្នក​រៀន​ព័ត៌មានវិទ្យា​​ត្រូវ​រៀបចំ​បែប​ណា​ទើប​មាន​ភាព​រីក​ចម្រើន?

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
២៧ ឧសភា ២០១៦ | ១១:១១

អ្នកយកព័ត៌មាន:
វ៉ន ដារ៉ា

ប្រធានបទផ្សេងៗ

បច្ចេក​វិទ្យា​ កំពុង​ដើរ​ទៅ​មុខ​យ៉ាង​លឿង ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ ជា​តម្រូវការ​ចាំបាច់​សម្រាប់​អាជីវកម្ម​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត។​ ជំនាញ​ព័ត៌​មាន​វិទ្យា​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ជា​ច្រើន​ផ្នែក​នៅ​តាម​ស្ថាប័ន​ អង្គការ​ និង​ក្រុមហ៊ុន ដូច​ជា​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​​ដៃគូ ការ​គ្រប់​គ្រង់​ព្រព័ន្ធ​ទិន្នន័យ ការ​ងារ​រដ្ឋ​បាល​​​ និង​ការិយាល័យ ជាដើម​​។ ថ្ងៃ​នេះ​ LIFT បាន​ជួប​សម្ភាសន៍​ជា​មួយ​យុវជន​ដែល​ទទួល​បាន​ជោគជ័យ​ លើ​ជំនាញ​នេះ​ ទាំង​ក្នុង​ការ​ងារ​ និង​ឈាន​ជើង​បង្កើត​ឱកាស បើក​អាជីវកម្ម​​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​ភាព​ជោគជ័យនា​ពេល​កន្លង​មក​។

លោក ស្រេង​ សារ៉ែន​ ​ជាអ្នក​គ្រប់​គ្រង​សាលា​បង្រៀន​ភាសា​និង​កុំព្យូទ័រ​​មួយ​ដែល​ស្ថិត​នៅ​ក្នង​ស្រុក​ ត្រាំ​កក់ ​​ខេត្ដ​តាកែវ​​ ឈ្មោះសាលា​ភាសាពន្លឺ​សាស្រ្ត។ រូបថត វ៉ន ដារ៉ា

ស្រេង​ សារ៉ែន មាន​ដើម​កំណើត​នៅ​ស្រុក​ កោះ​អណ្ដែត​ ខេត្ដ​តាកែវ ជាប់​នឹង​ព្រំ​ប្រទល់​រៀតណាម​ យុវជន​ បាន​ឲ្យ​ដឹង​ថា៖«ចំពោះទីផ្សារ​ការ​ងារ​លើ​ជំនាញ​ ដូច​យើង​ដឹង​ស្រាប់​ហើយ ក្រុម​ហ៊ុន​ណា​ក៏​គេ​ត្រូវ​ការ​អ្នក​មាន​ជំនាញ​នេះ​ដែរ ក្រុម​ណាក៏​ប្រើ​ប្រាស់​អ្នក​បច្ចេក​វិទ្យា​ដែរ ទាំង​អ្នក​ជំនាញ​ កំព្យូទ័រ វ៉េបសាយ និង​អ្ន​ក​គ្រប់​គ្រង​ទិន្នន័យ​ជាដើម»។ យុវជន​បញ្ចប់​បរិញ្ញាបត្រ​លើ​ជំនាញ​ វិទ្យាសាស្រ្ដ​កុំព្យូទ័រ​ និង​កំពុង​បើក​សាលា​បង្រៀន​ភាសា​និង​កុំព្យូទ័រ​​មួយ​ដែល​ស្ថិត​នៅ​ក្នង​ស្រុក​ ត្រាំ​កក់ ​​ខេត្ដ​តាកែវ​​ ឈ្មោះសាលា​ភាសា ពន្លឺ​សាស្រ្ដ រូប​នេះ បន្ដ​ទៀត​ថា៖«ជំនាញ​នេះ​បច្ចុប្បន្ន​មាន​តម្រូវ​ការ​ប៉ុណ្ណឹង បើ​ទៅ​ថ្ងៃ​អនាគត​ហ្នឹង​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​ថែម​ទៀត​ ប៉ុន្ដែ​អ្នក​រៀន​ជំនាញ​នេះ​ក៏​ត្រូវ​រៀន​បន្ថែម​រហូត​ដែរ​ ព្រោះបច្ចេក​វិទ្យា​ដើរ​ទៅ​មុខ​រហូត​»។ លើ​ស​ពី​នេះ​ទៅ​ទៀត​ យុវជន​ វ័យ​២៧​ឆ្នាំ​រូប​នេះ​លើក​ឡើង​ពី​បទ​ពិសោធន៍​ដែល​ធ្លាប់​ឆ្លង​កាត់​កន្លង​មក​ដែរ​ ​ថា អ្នក​មាន​ជំនាញ​នេះ​ មិន​ធ្វើ​ការងារ​ឲ្យ​គេ​ក៏​អាច​រក​ប្រាក់​បាន​ដែរ គ្រាន់​តែ​ធ្វើ​ការ​ងារ​ដោយ​ខ្លួន​ឯង​នៅ​លើ​វ៉េប​សាយ និង​ការ​ងារ​ក្រៅ​ម៉ោង​ខ្លះ​ៗ​ក៏បាន​។

យុវតី មាស មល្លិកា និស្សិត​កំពុង​រៀន​ជំនាញ​ព័ត៌​មាន​នៃ​សាកលវិទ្យា AUPP។​ រូបថត វ៉ន ដារ៉ា

យុវតី មាស មល្លិកា និស្សិត​កំពុង​រៀន​ជំនាញ​ព័ត៌​មាន​នៃ​សាកលវិទ្យា AUPP បាន​ឲ្យ​ដឹង​ដែរ​ថា មូល​ហេតុ​ដែល​ នាង​ចាប់​យក​ជំនាញ​នេះ ព្រោះ​យល់​ឃើញ​ថា មាន​ឱ​កាស​ច្រើន​ក្នុង​ទីផ្សារ​ ទំាង​ការ​ងារ និង​អាជីវកម្ម​ខ្លួន​ឯង​។ មល្លិកា លើក​ឡើង​ថា៖​«​ពិត​ប្រាកដ​ណាស់ ថ្វី​ត្បិត​ខ្ញុំ​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​នេះ​ តែ​ខ្ញុំ​ជឿជាក់ នឹង​បាន​ជំនះ​សិក្សា​លើ​ជំនាញ​នេះ​ ទោះ​ខាង​ឳពុក​ម្ដាយ​ខ្ញុំ​មិន​សូវជា​ចង់​ឲ្យ​ខ្ញុំ​រៀន​ជំនាញ​នេះ​ក៏​ដោយ​»។​

លោក​ សុខ សុភមង្គល​ ប្រធានក្រុម​ហ៊ុន​ Codingate។​ រូបថត វ៉ន ដារ៉ា

លោក​ សុខ សុភមង្គល​ ជា​យុវជន​​បញ្ចប់​បរិញាប័ត្រ​លើ​ជំនាញ​​វិទ្យាសាស្រ្ត​គ្រប់​គ្រង​ព័ត៌មាន​ពី​សាកលវិទ្យា​ល័យ​ Hradec Králové​ នៃសាធារណរដ្ឋ​ឆេក បាន​លើក​ឡើង​ដែរ​ថា៖​«ដោយ​សារ​ជំនាញ​ព័ត៌មាន​វិទ្យា​នេះ​ ខ្ញុំ​បាន​ផ្លាស់​​ប្ដូរទម្លាប់ស្វែង​រក​ការងារ​ធ្វើរ​បស់​និសិ្សត ជាទូទៅ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​ព័ត៌មាន​វិទ្យា​ ​មិន​បាន​ខ្វល់​ខ្វាយ​ពី​ការ​ងារ​ដែល​ពួក​គេ​ទទួល​បាន​នោះ​ជា​ការ​ងារ​ត្រូវ​ជំ​នាញ​ឬ​ក៏​អត់​នោះ​ទេ ឲ្យ​តែ​បាន​ការ​ងារ​ធ្វើ​គឺ​សប្បាយ​ចិត្ត​។ ប៉ុន្ដែ​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ឱ្យ​មក​ជា​ឱកាស​ដល់​ពួក​គេ​ដោយ​ឲ្យ​ពួក​គេ​បាន​ការ​ងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​ដោយ​បាន​បង្កើត​ក្រុម​ហ៊ុន​ Codingate នេះ​ឡើង​ ដែល​សព្វ​ថ្ងៃ​មាន​បុគ្គលិក​សរុប​​ ២២​ នាក់»​​។ ​ ជា​គ្រូ​បង្រៀន ជា​អ្នក​អប់រំ​ណែ​នាំ​ និង​ជា​វាគ្មិន​​វ័យ​ក្មេង​ម្នាក់​ ធ្លាប់​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ស្តីពី​ការ​គ្រប់​គ្រង់​ព័ត៌មាន រៀបចំ​​រចនា​គេហទំព័រ និង​ ការ​អភិវឌ្ឍ​ដំណោះ​ស្រាយ​នូវ​ចំពោះបញ្ហា​នានា​ លោក​បាន​ចាត់ទុក​ មូលដ្ឋាន​គ្រឹះ​ ជា​ធាតុ​ដ៏​សំខាន់​គឺ​នៅ​ក្នុង​ពេល​កំពុង​សិក្សា។
លោក ស គីណាល់ ជានាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Aplus Consulting បាន​លើក​ឡើង​ថា អ្នក​សិក្សា​ព័ត៌មានវិទ្យា​ភាគ​ច្រើន កំពុង​ប្រឈម​នឹង​បញ្ហា​មួយ គឺ​កង្វះ​ខាត​ជំនាញ​ទន់។ លោក បន្ដ​ថា​​៖ «អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា មាន​តែ​ជំនាញ​រឹង ខ្វះ​ជំនាញ​ទន់ ប្រៀប​ដូច​មនុស្ស​យន្ត​អីចឹង»។ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង នាយក​គ្រប់​គ្រង​រូប​នេះ ចាត់​ទុក​ជំនាញ​ទន់ គឺ​ជា​កត្តា​សំខាន់​ដើម្បី​ឈាន​ទៅ​ភាព​ជោគ​ជ័យ​នៅ​ក្នុង​វិជ្ជា​ជីវៈ​ព័ត៌មាន​វិទ្យា។
​លោក រុន សារឹម ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ស្វែង​រក​ជំនួយ នៃ​អង្គការ​ Passerelles Numerci Cambodia (PNC) បាន​ចាត់​ទុក​ស្វ័យ​សិក្សា​គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់​ទទួល​បាន​ភាគ​ជោគ​ជ័យ​ទាំង​ការ​សិក្សា និង​ការងារ។ ដោយ​បាន​ណែនាំ​ឲ្យ​យុវជន​កម្ពុជា​ចេះ​ជ្រើស​រើស​បុគ្គល​ល្បីៗ​ធ្វើ​ជា​គំរូ លោក​បន្ថែមថា​៖ «ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ អាច​ឲ្យ​យើង​ស្វែង​យល់​ពី​មជ្ឈ​ដ្ឋាន​ជុំ​វិញ និង​អាច​ទទួល​បាន​អ្វី​ថ្មីៗ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ទាំង​នៅ​សាលារៀន និង​ការងារ»។
​លោក ស្រេង ចំរើន ធាន​ផ្នែក​ធន​ធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ិនធឺណិត EZECOM បាន​ប្រាប់​ឲ្យ​យុវជន​ដែល​រៀន​ជំនាញ ​ IT កម្ពុជា ឲ្យ​ស្វែង​យល់​ពី​ដំណើរ​វិវត្តន៍​ទាំង​នៅ​លើ​ពិភព​លោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​និយាយ​ថា​៖ «ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​អាជីព​ព័ត៌មាន​វិទ្យា និស្សិត​គួរ​សិក្សា​បន្ថែម​ទៅ​លើ​តម្រូវការ​ជាក់​ស្ដែង​របស់​ពិភព​លោក និង​តម្រូវការ​ក្នុង​ស្រុក»៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com