ភ្នំពេញ ប៉ុស្ដិ៍ | ​ទស្សនៈ​យុវជន​៖​​ យុវជន​ និង​កម្ដៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​

ទស្សនៈ​យុវជន​៖​​ យុវជន​ និង​កម្ដៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
០៤ ឧសភា ២០១៦ | ១៧:៥៥

អ្នកយកព័ត៌មាន:
វ៉ន ដារ៉ា

ប្រធានបទផ្សេងៗ

លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ពេល​កន្លង​មក​។ រូបថត VICTORIA

កម្ដៅ​នយោបាយ​កំពុង​មាន​កម្ដៅ​ខ្លាំង​ នេះ​បើ​តាម​ការ​ប្រតិកម្ម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណៈ​បក្ស​ឆាំង​មួយ​ចំនួន​នាពេល​ថ្មី​ៗ​នេះ​ ខណៈ​ដែល​គណៈបក្ស​កាន់​អំណាច​បាន​បក​ស្រាយ​ផ្ទុយ​ទៅ​វិញ​ថា បរិយាកាស​នា​ពេល​នេះ ​គ្រាន់​តែ​ជា​ការ​អនុវត្ដន៍​​តាម​ផ្លូវ​ច្បាប់ប៉ុណ្ណោះ មិន​មានការ​កើន​​ឡើង​កម្ដៅ​នយោបាយ​អ្វី​​ឡើយ​ ​។ ដោយ​ឃើញ​និន្នាការពីរ​មាន​ភាព​ផ្ទុយ​​គ្នា​ដូច្នេះ​ ថ្ងៃ​នេះ​ LIFT បាន​ជួប​សម្ភាសន៍​ជា​មួយ​នឹង​យុវជន មួយ​ចំនួន​ដែល​ជា​និស្សិត​កុំ​ពុង​សិក្សា​ និង​ធ្វើ​ការ​ងារ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ អំពី​ទស្សនៈ ​​ ចំពោះ​កម្ដៅ​នយោបាយ​នាពេល​​នេះ​ ថា​តើ​ការ​យល់​ឃើញ​ជាក់​ស្ដែងនៃ​​ក្រុម​យុវជន​យ៉ាង​ណាដែរ​ចំពោះ​រឿង​នេះ​? តើ​ការ​យល់​ដឹង​អំពី​និន្នា​នយោបាយ​របស់​ពួក​គេ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណាហើយ​​ បើ​ធៀប​ទៅ​អតីត​កាល​​? តើ​ការ​ចង់​បាន​ពិត​ប្រាកដ​របស់​ពួក​គេ​ ពី​នយោ​បាយ​គឺ​ជា​អ្វី​ ?

យុវតី រស់​ ធារះ និស្សិត​នៅ​សាកលវិទ្យាល័យ UC

យុវតី រស់​ ធារះ និស្សិត​នៅ​សាកលវិទ្យាល័យ UC ​យល់​ឃើញ​ចំពោះ​រឿង​នេះ​ថា៖ «យើង​អាច​និយាយ​បាន​ថា​ វា​អាច​ឡើង​កម្ដៅ​មួយ​ផ្នែក​ និង​មួយ​ផ្នែក​ទៀត​វា​ស្ថិត​នៅ​ធម្ម​តា ដោយ​សា​តែ​ខាង​គណបក្ស​ប្រឆាំង​ពួក​គាត់​កំពុង​តែ​មាន​បញ្ហា​ ទាក់​ទង​នៅ​នឹង​បណ្ដឹង​នៃ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ គឺ​​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​លើក​យក​​មក​និយាយ​ជា​មួយ​នយោបាយ​ទេ។ ព្រោះ​ខ្ញុំ​គិត​ថាធម្ម​តា​មនុស្ស​យើង​ម្នាក់ៗ​​តែង​តែ​មាន​សិទ្ធ​ក្នុង​ការ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង»​។ ធារះ បន្ដថា៖ «ការ​ឡើង​កម្ដៅ​នេះ​ ទោះ​មើល​ទៅ​ដូច​ជា​មាន​កម្ដៅ​ខ្លាំង​ ប៉ុន្ដែ​បើ​មិន​ទាន់​មាន​ការ​ធ្វើ​បាតុកម្ម​ ដូច​កាល​​កន្លង​មក ខ្ញុំ​គិត​ថា កម្ដៅ​នេះ​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​ការ​សិក្សា និង​ការ​ងារ​របស់​ក្រុម​យុវជន និង​និស្សិត​នោះ​ទេ»។ ក្នុង​នាម​ជា​យុវតី​មួយ​រូប​នៅ​ក្នុង​សង្គម ធារះ​ បាន​យល់​ឃើញ​ថា នាពេល​បច្ចុប្បន្ន​នេះ​ក្រុម​យុវជន​ ពួក​គាត់​មាន​ការ​ផុស​ផុល​ជាង​មុន​ចំពោះ​រឿង​នយោបាយ​ បើ​ធៀប​ទៅ​កាល​ពី​ប៉ុន្នាន​ឆ្នាំ​មុន ព្រោះ​យុវជន​នាំ​គ្នា​ស្វែង​យល់​ ពី​ព័ត៌មាន និង​ចំណេះ​ដឹង​នៃ​នយោបាយ​នេះ​កាន់​តែ​ខ្លាំង​​។

យុវជន​ ពូ នាង​ រស់នៅ​ម្ដុំ​ទួល​សង្កែ និង​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ Design

យុវជន​ ពូ នាង​ រស់នៅ​ម្ដុំ​ទួល​សង្កែ និង​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ Design ​ ​ដែល​កុំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ក្នុង​ទីក្រុង​ភ្នំ​ពេញ យល់​ឃើញចំ​ពោះ​និន្នា​ការ​នយោ​បាយ​នា​ពេល​នេះ​ថា​៖​«​តាម​ពិត​អ្វី​ដែល​ពួក​យើង​បាន​មើល​ឃើញ​ គឺ​ជា​ការ​ពិត​ ប៉ុន្ដែ​អ្នក​ផ្សេង​គេ​ចាត់​ទុក​ដូច​ជា​រឿង​ធម្មតា​ទៅ​វិញ នេះ​បើ​និយាយ​ចំពោះ​ស្ថានការណ៍​នយោបាយ​នាពេល​នេះ​»។​ លោក​បន្ដ​ថា៖«​បើ​និយាយ​ចំពោះ​បញ្ហានៃ​កម្ដៅ​នយោបាយ​​ ​ ​ចំពោះ​យុវជន​វិញ ពិត​ប្រាកដ​ណាស់ វា​ពិត​ជា​មាន​ផល​ប៉ះ​ពាល់​​តាំង​ពី​សុវត្ថិភាព​ និង​រឿង​ផ្សេង​ៗ​ គឺ​ត្រូវ​គិត​ម៉ាចប់​តែ​ម្ដង​! មាន​ក្រុម​យុវជន​ខ្លះ​ ដោយ​សា​កម្ដៅ​នេះ​ អាច​បណ្ដាល​ឲ្យ​ពួក​គាត់​ខ្លាច​ លែង​ហ៊ាន​និយាយ លែង​ហ៊ានឆ្លើយ​​ក៏​មាន​ ដូច​កូន​ខ្អាត់​អញ្ចឹង ហ៊ាន​តែ​អ៊ើត​ករ មិន​បាន​»។

​យុវនិស្សិត គា រដ្ឋា ​ កំពុង​សិក្សា​នៅ​សាកលវិទ្យា ភូមិន្ទ​និតិ​សាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋ​កិច្ច​

ចំណែក​យុវនិស្សិត គា រដ្ឋា ​ កំពុង​សិក្សា​នៅ​សាកលវិទ្យា ភូមិន្ទ​និតិ​សាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋ​កិច្ច​ និង​បច្ចុប្បន្ន​ជា​បុគ្គ​លិក​ក្នុង​អង្គការក្រៅ​រដ្ឋា​ភិបាល​​មួយក្នុង​ទីក្រុង​ភ្នំ​ពេញ​​ មាន​ទស្សនៈ​ចំពោះ​រឿងកម្ដៅ​នយោបាយ​​នេះ​ដែរ​ថា៖​«​សម្រាប់​ខ្ញុំ​ យល់​ឃើញ​ថា និន្នា​ការ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​យើង​នាពេល​បច្ចុប្បន្ន​​នេះ​ បាន​បែង​ចែក​ចេញ​ជា​ពីរ ទី១​ក្នុង​ប្រទេស​យើង​សព្វថ្ងៃ​របៀប​ក្នុង​ការ​ដឹង​នាំ​ស្រុក​ទេស​​ គឺ​ហាក់​បី​ដូច​ជា​បែង​ចែក​អំ​ណាច​ធំៗ​ទាំង​បី​មិន​ដាច់​ពី​គ្នា​គឺ​អំ​ណាច​នីតិ​បញ្ញត្ដិ​ នីតិ​ប្រ​តិ​បត្តិ​ និង​អំ​ណាច​តុលា​ការ​។ ព្រោះ​យើង​បាន​ដឹង​ហើយ ​ប្រទេស​កម្ពុជា ក៍​ដូច​ជា​ប្រទេស​ដែល​កាន់​របប​ប្រជា​ធិប្ប​តេយ្យ​ផ្សេង​ទៀត​អំណាច​ធំទាំង​ ៣ គឺ​ត្រូវ​បាន​ចែក​ដាច់​ពី​គ្នា ដោយ​អំ​ណាច​នី​មួយៗ ​អាច​កែ​លម្អ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​យក​តាម​គោល​ការ​ច្បាប់​។ ប៉ុន្ដែ​សព្វ​ថ្ងៃ​អំ​ណាច​ទាំង​បី​នេះ​ហាត់​បី​ដូច​ជា​បែង​ចែក​មិន​ដាច់​ពី​គ្នា​សោះ​ដែល​ធ្វើ​អោយ​អំ​ណាច​និតិ​ប្រតិ​បត្ដិ​អាច​ទាញ​អំ​ណាច​ពីរ​ទៀតគឺ​ (និតិ​បញ្ញត្ដិ​ និង​ តុលាការ​) មក​គាំ​ទ្រ​តែ​អំណាច​​និតិ​ប្រតិ​បត្ដិ​ទៅ​វិញ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ដឹង​នាំ​ស្រុក​ទេស​មិន​សូវ​បាន​ល្អ​។ យុវ​ជន​ រដ្ឋា​ បន្ថែមចំពោះ​ការ​មើល​ឃើញ​រស់​លោក​ទៅ​លើ​ក្រុម​យុវជន​នៃ​ទំនោ​ និង​និន្នា​ការនា​ពេល​នេះ​ដែរ​​​ថា៖«​​យុវជន​របស់​យើង​មួយ​ចំនួន​ នៅ​មាន​និន្នា​ការ​របស់​ខ្លួន​ ចំពោះ​បញ្ហា​នយោ​បាយ​នេះ​ ទៅ​តាម​តែ​គ្នា និង​តាម​ចំនួន​នៃ​សម្លេង​អ្នក​គាំ​ទ្រ​តាម​គណបក្ស​នយោបាយ​នីមួយ​ៗនៅ​ឡើយ​។ ប៉ុន្ដែ​ចំពោះ​ខ្ញុំ​វិញ​ គឺ​គិត​ផ្ទុ​យ​ពី​ពួក​គាត់ បើ​យើង​យក​ខួ​ក្បាល​របស់​យើង​ទៅ​គិត​អំពី​របត់​នយោបាយ​វិញ​នោះ​ យើង​នឹង​ដឹង​កាន់​តែ​ច្បាស់​ថា​តើ​គោល​នយោបាយ​របស់​គណៈ​បក្ស​​មួយ​ណា​ដែល​ល្អ​សម្រាប់​ការ​ដឹក​ប្រទេស​»។ យុវជន​ រដ្ឋា បញ្ជាក់​បន្ថែម​ថា​៖​«យុវជន​គប្បី​នាំ​គ្នា​ ព្យា​យាម​យក​ចិត្ដ​ទុក​ដាក់​ សិក្សា​ស្វែង​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ចំពោះ​បញ្ហា​នយោ​បាយ​ ដោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​ អំពី​ច្បាប់ និង​ចំណេះ​ដឹង​ដែល​ទាក់​ទង​នឹង​នយោ​បាយ​»។ ​
ក្នុង​ពេល​ថ្មី​ៗ​នេះ​អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ​ក៏​បាន​អំ​ពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​បញ្ឈប់​នូវ​ការ​យាយី​ទៅ​លើ​សង្គម​ស៊ី​វិលនា​ផង​ដែរ​។ ​ បើតាម​សារ​ជា​សា​ធារណៈ​របស់​លោក ​ព្រាប ​កុល​ នៅ​ក្នុង​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នូវ​ប្រ​សាសន៍​ របស់​លោក​​ស្រី ​អេលេណា​ ប៉ាន​ហ្វី​ឡូ​វ៉ា​ (Elena​ Panfilova​)​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​របស់​អង្គ​ការ​តម្លា​ភាព​ អន្ត​រជាតិ​ឡើង​ថា៖«​អង្គ​ការ​តម្លា​ភាព​អន្ត​រ​ជាតិ ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​ នូវ​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ និង​ការ​គំរាម​កំហែង​ ដល់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អ្នក​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​។ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​មិន​គួរ​អនុវត្ត​តួនាទី​ខ្លួន​ដើម្បី​យាយី​ និង​ព្យា​យាម​បំ​បិទ​សំ​លេង​ ស​កម្ម​ជន​សង្គម​ស៊ី​វិល​ឡើយ​។ ​ការ​អនុ​វត្ត​បែប​នេះ​បញ្ជូន​នូវ​សារ​អវិជ្ជ​មាន​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ក៏ដូច​ ជា​ពល​រដ្ឋ​នៅទូ​ទាំង​ពិភព​លោក​ផង​ដែរ​។ សង្គមស៊ី​វិល​ត្រូវ​ការ​ ការ​ការ​ពារ​ ដើម្បី​ឱ្យ​ពួក​គេអាច​បំពេញ​ការ​ងារ​ ក្នុង​ការ​ជួយ​គាំ​ពារ​ប្រ​ជា​ពលរដ្ឋ»៕​

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com