Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - និស្សិត​បញ្ចប់​ជំនាញ​ផ្នែក​​ច្បាប់​ម្នាក់​ ចែក​រំលែក​ចំណេះ​ដឹង​ស្តី​ពី «​មន្ទីរ​សារការី»

Content image - Phnom Penh Post
លោក ប៉ាន់ វាសនា សហស្ថាបនិក មន្ទីរសារការីមេគង្គនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

និស្សិត​បញ្ចប់​ជំនាញ​ផ្នែក​​ច្បាប់​ម្នាក់​ ចែក​រំលែក​ចំណេះ​ដឹង​ស្តី​ពី «​មន្ទីរ​សារការី»

ភ្នំពេញៈ លោក ប៉ាន់ ​វាសនា និស្សិត​បញ្ចប់​ការ​សិក្សា​មាន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ច្បាប់ ​នៅ​សាលា​ភូមិន្ទ​សារការី ​នៃរាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលា និងជា​សហស្ថាបនិក​ម្នាក់ ក្នុង​ចំណោម​ស្ថាបនិក​ ៤ នាក់ សហការ​គ្នា​បង្កើត​មន្ទីរ​សារការី​មេគង្គ​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បាន​ចែក​រំលែក​ចំណេះ​ដឹង​ពី​ពាក្យ «មន្ទីរ​សារការី» ជាមួយ LIFT កាល​ពី​ម្សិល​មិញ។

​លោកថ្លែង​​ថា៖ ​«សេវា​សារការី ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ ស្រប​តាម​កាលា​នុវត្ត​ភាព​លើ​វិស័យ​វិនិ​យោគ​ និង ​ធុរកិច្ច ​ព្រម​ទាំង​ការ​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​យុត្តិ​ធម៌​ និង​កសាង​ទំនុក​ចិត្ត​ដល់​អ្នក​វិនិ​យោគ​បរទេស និង​ក្នុង​ស្រុក​ ដោយ​សារ​វិជ្ជាជីវៈ​នេះ​ដើរ​តួនាទី​ដ៏សំខាន់​ ក្នុង​កិច្ច​ការពារ​សុវត្ថិ​ភាព​គតិ​យុត្តិ​តាម​រយៈ​ជួយ​កាត់​បន្ថយ​ទំនាស់​នៃ​បុគ្គល​ ឯកជន​ និង​បុគ្គល​ឯកជន​ក្នុង​ក្របខណ្ឌ​នៃ​ការចាត់​ចែង​ទ្រព្យ​សម្បត្តិ​ និង​សិទ្ធិ​កម្ម​សិទ្ធិ»​។

លោក​​បន្ដ​​​ថា «ចំពោះ​តម្លៃ​នៃ​លិខិត​សារការី​ លិខិត​ដែល​ធ្វើ​ដោយ​សារ​ការី​មាន​តម្លៃ​ផ្លូវច្បាប់​ជាលិខិត​យថាភូត​ដែល​មិន​អាច​ជំទាស់​ប្រឆាំង​បាន​ លើក​លែង​មាន​បណ្តឹង​អំពី​ការ​ក្លែង​នៃ​លិខិត ​ថា​មាន​តម្លៃ​សម្រាប់​អនុវត្ត​ដោយ​ជាក់​លាក់​។ ក្នុង​ន័យ​នេះ​កិច្ច​សន្យា​ ឬ​លិខិត​គតិ​យុត្ត​ដែល​ចែង​ពីកាតព្វ​កិច្ច​ដែលមាន​គោល​បំណង​ឲ្យ​សង​ជា​ប្រាក់​រួម​ជា​មួយ​នឹង​សេច​ក្តី​ការណ៍​ដ៏ជាក់​លាក់​របស់​កូន​បំណុល​ថា​ខ្លួន​យល់​ព្រម​ទទួល​យក​ការ​អនុវត្ត​ដោយ​បង្ខំ​ភ្លាម​កាល​បើ​ខ្លួន​គ្មាន​លទ្ធ​ភាព​សង​បំណុល​ដោយ​អនុ​លោម​តាម​មាត្រា​ ៣៥០​ នៃ​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​កម្ពុជា​ មាន​តម្លៃ​អនុវត្ត​ដូច​សាល​ក្រម​ស្ថាពរ​របស់​អង្គ​តុលាការ» ។

លោក វាសនា បាន​ពន្យល់ថា​ «មន្ត្រី​សាធារណៈ​នៅ​ក្នុង​មន្ទីរ​សារការី​មិន​មែន​ជា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ឡើយ ប៉ុន្តែ​ជា​អ្នក​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​ទទួល​បាន​ប្រតិភូកម្ម​អំណាច​ពីរដ្ឋ​ដើម្បី​បំពេញ​មុខងារ​ក្នុង​ក្រប​ខណ្ឌ​នៃ​មុខងារ​មន្ទីរ​សារការី​មួយនៅក្រោម​លក្ខខណ្ឌ​ជា​អ្នក​វិជ្ជាជីវៈ​សេរីដែល​ត្រូវ​ទទួលខុសត្រូវនិង​ធានា​ប្រសិទ្ធ​ភាព​ការងារដោយ​ខ្លួនឯង​ផ្ទាល់​»។

សារការី​មាន​តួនាទី​ត្រូវ​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ភាគី​ទាំង​អស់​នៃ​លិខិត​ ដោយ​ឈរលើ​គោល​ការណ៍​ឯក​រាជ្យ​ និង​ស្មោះត្រង់​មិន​លំអៀង​គោរព​ច្បាប់​ គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ហេតុ​នេះ​ហើយ​ទើប​រាល់​លិខិត​និង​កិច្ច​សន្យា​ធ្វើ​ឡើយ​ដោយ​សារការី ត្រូវ​ចាត់​ទុក​ថា ​ជា​លិខិត​យថា​ភូត​ដែល​មាន​តម្លៃ​ជា​ភស្តុតាង​ខ្ពស់​និង​មាន​កាល​បរិច្ឆេទ​ស្ថាពរ​។

លោកបន្ថែមថា សារការី​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បំភ្លឺ​ អំពី​គន្លឹះ​ច្បាប់​នានា ​ក៏ដូច​ជា ផល​វិបាក​នានា​ដែល​ជា​បញ្ហា​ប្រឈម​នៅ​ពេល​ចុះហត្ថ​លេខា​ ឬ ផ្តឹត​ស្នាម​មេដៃ​លើ​លិខិត​ណាមួយ ។

សូមបញ្ជាក់ថា «មន្ទីរ​សារការី ​មេគង្គ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា» ​ត្រូវ​​បង្កើត​ឡើង​ តាម​រយៈ​អនុក្រឹត​លេខ ២០៣ ​អ.នក្រ.បក ​ចុះ​ថ្ងៃទី​២៨ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​និង​បាន​តំកល់​ប្រាក់​ធានា​តម្រូវ​តាម​ច្បាប់​នៅ​ធនាគារ​ជាតិ​នៃកម្ពុជា ដើម្បី​បម្រើ​អតិថិ​ជន​ និង​សាធារណ​ជន​លើ​ការ​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម​ការ​វិនិយោគ​ការ​បែង​ចែក​ទ្រព្យ​សម្បតិ​គ្រួសារ​វិស័យ​អចលន​ទ្រព្យ​ធនាគារ​ និង​ការតាក់​តែង​កិច្ច​សន្យា​ លិខិត​បណ្តាំ​មរតក​បញ្ជាក់​កិច្ច​សន្យា​ឯកសារ​លិខិត​ស្នាម​ផ្សេងៗ​ជាដើម​៕

0

Comments

Please, login or register to post a comment