ភ្នំពេញៈ មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ធធ្វើរាល់ឆ្នាំអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ បានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» បានបើកកម្មវិធីរបស់ខ្លួនលើកទី ៤ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា។
លោក ហាប់ ទួច ជាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងត្រួសៗអំពីកម្មវិធីមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៤ ឆ្នាំ ២០១៨ នេះថា៖ «នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ នៅសាលសន្និសីទចតុមុខ មានការប្រារព្ធពិធីបើកនៃមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៤ ជាផ្លូវការ នៅក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មហោស្រពនេះ នឹងដំណើរការចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ទី ៣ ខែមីនា ឆ្នាំ ២០១៨ ខាងមុខ។ ដោយឡែកចំពោះប្រធានបទដ៏សំខាន់ដែលថា យុវជនដើម្បីវប្បធម៌ជាតិ នៅតែមានគុណតម្លៃសម្រាប់កម្មវិធីយើងតាំងពីចាប់ផ្តើមរៀបចំលើកដំបូងមក ហើយវាក៏ទំនងជាមានតម្លៃតទៅមុខផងដែរ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទួច បន្តឲ្យដឹងទៀតថា៖ «ដើម្បីជួយជាកម្លាំងចិត្ត សម្រាប់ការចូលរួមនៅឆ្នាំនេះ មានក្រុមយុវជនសិល្បករ ដែលមកពីចំនួន ២៥ ខេត្ត-ក្រុងនោះគឺមាន ២៥ ស្នាដៃ ហើយសាកលវិទ្យាល័យមានចំនួន ១១ ស្នាដៃ និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៩ ស្នាដៃ ដោយសរុបទៅមានចំនួន ៤៥ ស្នាដៃនៃទម្រង់សិល្បៈ។ ចំពោះពេលវេលានៃការសម្តែងប្រភេទទម្រង់សិល្បៈក៏មានច្រើនផងដែរ មានរាល់ថ្ងៃគឺសម្តែងព្រឹក ២ រឿង រសៀល ១ រឿង លើកលែងថ្ងៃអាទិត្យមិនមានការសម្តែងឡើយ»។
គួរបញ្ជាក់ថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ នៅឆ្នាំនេះ នឹងបើកទូលាយឲ្យបងប្អូនទស្សនិកជនអាចចូលរួមទស្សនាការសម្តែងសិល្បៈនានាបានដោយសេរី នៅឯសាលមហោស្រពចតុមុខ ផ្ទាល់តែម្តង៕