Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ហេតុអ្វី​យុវជន​មួយ​ចំនួន ​ធ្វើការ​ខុស​ពីជំនាញ​ដែល​សិក្សា​​នៅ​មហាវិទ្យា​ល័យ?

Content image - Phnom Penh Post
ហេតុអ្វី​យុវជន​មួយ​ចំនួន ​ធ្វើការ​ខុស​ពីជំនាញ​ដែល​សិក្សា​​នៅ​មហាវិទ្យា​ល័យ?

ហេតុអ្វី​យុវជន​មួយ​ចំនួន ​ធ្វើការ​ខុស​ពីជំនាញ​ដែល​សិក្សា​​នៅ​មហាវិទ្យា​ល័យ?

ភ្នំពេញៈ បន្ទាប់​ពីបញ្ចប់​ការសិក្សា​កម្រិត​មធ្យម ឈាន​ជើង​បន្ដ​ការសិក្សា​មហាវិទ្យា​ល័យ​រយៈ​ពេល ៤ឆ្នាំ ដើម្បី​ចាប់​យក​ជំនាញ​មួយ​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត នេះគឺជា​ដំណើរ​នៃ​ការ​សិក្សា​របស់​យុវជន​កម្ពុជា នា​ពេល​បច្ចុប្បន្ន ប៉ុន្ដែ​យុវជន​មួយ​ចំនួន​បែរ​ជា​ទៅ​ធ្វើ​ការងារ ​ផ្ទុយ​ពី​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​ជាង​ ១០ ឆ្នាំ​ទៅ​វិញ​។

លោក អាំង ភារៈ ប្រធាន​មជ្ឈម​ណ្ឌល​ការងារ​រាជាធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់ LIFT ម្សិលមិញ​​ថា យុវជន​​មួយ​ចំនួន​ដែល​ធ្វើ​ការ​មិន​ត្រូវ​តាម​ជំនាញ​ដែល​បាន​សិក្សា​នៅ​មហា​វិទ្យាល័យ​ ក៏​អាស្រ័យ​លើ​យុវជន​ខ្លួន​ឯង តាំង​ពីពេល​ដែល​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​។
លោក​ថា «យុវជន​គួរ​មើល​ខ្លួន​ឯង​ឲ្យ​ច្បាស់ ថា​មាន​ទេព្យ​កោសល្យ​អ្វី ចាំ​បន្ដ​សិក្សា​ជំនាញ​នៅ​មហា​វិទ្យា​ល័យ»។

លោក​បាន​ថ្លែង​ទៀត​ថា «យើង​ត្រូវ​គិត​ពីមុន​ដំបូង​ទៅសិន បើ​យុវជន​រៀន​ទៅ​ខុស​គឺ​ត្រូវ​គិត​ចាប់​ពី​កម្រិត​វិទ្យា​ល័យ​ ព្រោះ​បើ​យើង​ចង់​បន្ដ​សិក្សា​មហា​វិទ្យា​ល័យ​ យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង ​ថា​យើង​មាន​ទេព្យ​កោ​សល្យ​អ្វី ​នឹង​ត្រូវ​ស្វែង​យល់​ពី​ទីផ្សារ​ការ​ងារ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​មុន​នឹង​បន្ដ​សិក្សា​»។

យុវជន​មិន​មែន​គ្រាន់​តែ​ស្វែង​យល់​តែ​ពីទេព​កោសល្យ​ខ្លួន​ឯង​ប៉ុណ្ណោះទេ តែ​ក៏ត្រូវ​ស្រាវ​ជ្រាវ​ពីទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន ​និង​ទៅអនាគត ថាតើ​ទីផ្សារ​ការងារ ​គេត្រូវការ​អ្វី ជំនាញ​ណា​ខ្លះ​ដែល​មាន​ទីផ្សារ​ខ្ពស់។​ ដូច្នេះ​យុវជន​អាច​យក​ព័ត៌មាន​នោះ​មក​ធៀប​ជាមួយ​សមត្ថ​ភាព​ដែល​ខ្លួន​មាន​ដើម្បី​បន្ដ​ចាប់​យក​ជំនាញ នេះ​បើតាម​ការ​លើកឡើង​ពីលោក ភារៈ​។

ចំពោះ​យុវជន​ដែល​បាន​សិក្សា​នៅ​មហា​វិទ្យា​រួចទៅ​ហើយ​ ទើប​ដឹង​ខ្លួន​ថា សិក្សា​មិន​ត្រូវ​នឹង​ទេព្យ​កោ​សល្យ​ និង​ជំនាញ​ខ្លួន​ឯង​នោះ គឺ​ត្រូវ​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ចំពោះ​ការ​ចាប់​យក​ជំនាញ​សិក្សា​បន្ដ ដូច​ជា​អ្នក​ប្រឹក្សា​នៅ​ទីភ្នាក់​ងារ​ជាតិ​ ការងារ និង​មុខរបរ​ជាដើម ។

ទាក់ទិន​ទៅ​នឹង​រឿង​ថា អាច​បណ្ដាល​មក​ពីសាលារៀន​មួយ​ចំនួន​នូវ​មិន​ទាន់​បង្កើត​កម្មវិធី​សិក្សា​ឲ្យ​សម​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ការ​ងារ ទើប​យុវជន​មួយ​ចំនួន​នៅ​តែ​សិក្សា​មិន​ត្រូវ​តាម​ជំនាញ​ លោក ភារៈ បាន​លើក​ឡើងថា «ដោយ​មិន​មាន​ការ​សិក្សា​ស្រាវ​ជាវ​ច្បាស់​លាស់ ខ្ញុំ​មិន​ហ៊ាន​បកស្រាយ​ចំពោះ​រឿង​នេះទេ តែ​ខ្ញុំ​សូម​លើក​ឡើង​មួយ​ចំណុចថា ទោះ​បីជា​យើង​រៀន​នៅ​សាលា​ថ្លៃ ក៏​មិន​ប្រាកដ​ថា​រៀន​ចេះ និង​ទទួល​បាន​ការងារ​ល្អ​ដែរ​។ យើង​អាច​យោង​ចំពោះ​និស្សិត​មួយ​ចំនួន​ ទោះ​ពួក​គាត់​មិន​បាន​រៀន​នៅ​សាលា​ថ្លៃ តែ​គាត់​នៅ​តែ​អាច​ទទួល​បាន​ឱកាស​ការ​ងារ​ល្អ ហើយ​រៀន​ពូកែ​ដូចគ្នា អញ្ចឹង​វា​មិន​អាស្រ័យ​តែលើ​កត្ដា​រៀន​តែមួយទេ វាក៏​អាស្រ័យ​លើ​កត្ដា​ផ្ទាល់​ខ្លួន​ដែរ​»។

លោក ទូច ជឿន អគ្គ​នាយក​នាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា កន្លង​មក ក្រសួង​អប់រំ​ បាន​ខិតខំ​ប្រឹង​ប្រែង​ ណែនាំ និង ​ជំរុញ​យុវជន​ជាមួយ​នឹង​កម្ម​វិធី​ជាច្រើន​ដើម្បី​ឲ្យ​សិស្ស​ជ្រើ​រើស​ជំនាញ​សិក្សា​សម​ស្រប​តាម​ទីផ្សារ​ការ។

លោក បន្ដ​ថា «ក្រសួង​អប់រំ​បាន​បង្កើត​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា “Career Counseling” កម្មវិធី​ពិគ្រោះ​យោបល់​អាជីព ​ដោយ​ពួកខ្ញុំ​បាន​ចុះ​ទៅ​ធ្វើ​បទ​បង្ហាញ​ដល់​សិស្សា​នៅ​វិទ្យា​ល័យ​ ដើម្បី​ឲ្យ​ពួកគាត់​ដឹង​ពីទីផ្សារ​ការងារ ​ថា តើ​ប្រព័ន្ធ​អប់រំ​សព្វ​ថ្ងៃ​មានអ្វី​ខ្លះ ? សិក្សា​នៅ​ឧត្ដម​សិក្សា​មាន​អ្វីខ្លះ​? និង​ឲ្យ​ពួក​គាត់​ពិនិត្យ​តាម​ដាន​ខ្លួន​គាត់​ថា តើ​ខ្លួន​គាត់​ខ្លាំង​អ្វីខ្លះ​? ទៅ​ថ្ងៃ​អនាគត​ គាត់​ត្រូវ​ចាប់​អាជីព​ការងារ​អ្វី​ជាដើម​។

បើ​តាសម​លោក ទូច ជឿន កម្ម​វិធី​ពិគ្រោះ​យោបល់​អាជីព និង​ការ​ងារ​នេះ បាន​បង្កើត​ឡើង​ជាងពីរ​ឆ្នាំ​ហើយៗនៅ​ឆ្នាំ​ក្រោយ​នេះ ​ក្រសួង​មាន​ថវិកា​គ្រប់​គ្រាន់ នឹង​ពង្រីក​ឲ្យ​បាន​ទូទាំង​ប្រទេស​»។

លោក បន្ដ​សង្គត់​ធ្ងន់​ថា «ប៉ុន្ដែ​យុវជន​ខ្លួន​ឯង​ត្រូវ​ខិត​ខំ​ប្រែង​ប្រែង​ សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ដោយ​ខ្លួន​ឯង​ចំពោះ​រឿងនេះ​ទោះបី​ជាយើង​មាន​កម្ម​វិធី ប្រឹក្សានេះ​នៅ​គ្រប់​សាលា​ក៏ដោយ ព្រោះ​សម័យ​នេះ យុវជន​មាន​ស្មាត​ហ្វូន​គ្រប់​ដៃ អាច​សិក្សា​ស្រាវជ្រាវ​បាន​គ្រប់​ពេល​គ្រប់​ទីកន្លែង​»។

លោក មាស នី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​មើល​ឃើញ​ថា ​ការ​ចាប់​អាជីព​មិន​ត្រូវ​នឹង​ជំនាញ​ដែល​បាន​សិក្សា​របស់​យុវជន​នេះ ក៏​អាច​បណ្ដាល​មក​ពី​កត្ដា​អាណា​ព្យាបាល​ដែល​បណ្ដែត​បណ្ដោ​ និង​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ការ​សិក្សា​របស់​កូន មិន​ដែល​សួរនាំ​កូន​ពីទេព្យ​កោសល្យ ​និង​ជំនាញ​ដែល​ត្រូវ​សិក្សា​ទៅ​អនាគតដែរ​។

លោក​បាន​ថ្លែង​ថា «មុខ​វិទ្យា​អ្វី​ដែល​កូន​ចង់សិក្សា​ ចង់ចេះ​ចង់ដឹង​នោះ​ ពួកគាត់​មិន​សូវ​សួរនាំ​កូនទេ ចេះ​តែ​បណ្ដោយ​ឲ្យ​កូន​រៀន​ទៅ​តាម​ដំណើរ​ខ្លួន​ឯង ដូច្នេះ​ពេល​កូន​បន្ដ​ទៅ​ចាប់​យក​ជំនាញ​នៅ​កម្រិត​ឧត្ដម​ ក៏​មិន​ត្រូវ​តាម​ទីផ្សារ​ការ​ងារ​ដែរ​»។

លោក​បាន​មើល​ឃើញ​ដែរ​ថា តាំង​ពី​ដើម​មក​ចំពោះការ​យក​ចិត្ដ​ទុកដាក់​ក្នុង​ប្រព័ន្ធ​អប់រំ​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​ការ​បើក​សាលារៀន​មួយចំនួន​តាម​តែ​ចិត្ដ​ខ្លួន​ឯង ​មិនមាន​ការសិក្សា​ស្រាវជ្រាវ​បាន​ច្បាស់​លាស់​ជាមុន ចំពោះទីផ្សារ​ការងារ ដូច្នេះ​យុវជន​ជាង​​ ៧០​ ភាគរយ​បាន​បញ្ចប់​ការ​សិក្សា ហើយ​ទៅ​ធ្វើ​ការ​មិន​ត្រូវ​តាម​ជំនាញ ។

លោក​បាន​បង្ហាញ​ថា​ «ដូច​យើង​បាន​មើល​ឃើញ​លោក​រដ្ឋមន្រ្ដី​ថ្មី​នៃ​ឮក្រសួង​អប់រំ​អញ្ចឹង ទោះបី​លោក​បាន​ខិត​ខំប្រឹង​ប្រែង​នាពេល​បច្ចុប្បន្ន​នេះ ​ក៏លោក​មិន​អាច​ប្រឹង​ប្រែង​ទៅ​រួច​តែឯង​បានដែរ​ គឺត្រូវ​មាន​ការ​ចូល​រួម​សហ​ការជាមួយ​ក្រសួង​មួយ​ចំនួន​ទៀត ដូចជា​ក្រសួង​ផែងការ និង​ក្រសួង​ការងារ​ ដើម្បី​គិត​ថា តើ​នៅ​ក្នុង​ប្រទេស​យើង​កំពុង​ត្រូវ​ការ​កម្លាំង​ពល​កម្ម​ទៅ​លើវិស័យ​ការងារ​អ្វីខ្លះ ដើម្បី​ផលិត​ធនធាន​មនុស្ស​ឲ្យត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ