Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វារ​ពន្លឺ​សិល្បៈ​ បើក​ពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់​សិស្ស​នៅ​ចុងខែ​នេះ

Content image - Phnom Penh Post
សិស្សស្រី​សាលា​ហ្វារពន្លឺ​សិល្បៈសម្តែង​សិល្បៈ​កាយវប្បកម្ម​នាពេល​កន្លងមក​​។ រូប សហការី

ហ្វារ​ពន្លឺ​សិល្បៈ​ បើក​ពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់​សិស្ស​នៅ​ចុងខែ​នេះ

ភ្នំពេញៈ ក្រុម​សិស្ស​ជា​សិល្បករ-ការិនី ដែល​មាន​ចំណេះដឹង​ផ្នែក​មុខ​ជំនាញ​សិល្បៈ​ជាច្រើន​ទម្រង់​ពី​សាលា​ហ្វារពន្លឺ​សិល្បៈ​នោះ នឹង​រៀបចំ​ការតាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ និង​បង្ហាញ​ទម្រង់​សិល្បៈ​នានា​ឈ្មោះ​ថា Cambodia Art & Design និង Exhibition នៅឯ​វិទ្យាស្ថាន​ជាតិអប់រំ រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី ៣០ ខែ​សីហា ដល់​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០១៧ ខាងមុខ​នេះ ដើម្បី​រៀបចំ​គម្រោងការ ឬការ​ស្វែងយល់​ពីការ​ចាប់​ដៃគូ​ផ្តល់​មូលនិធិ​សិល្បៈ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ជួយ​ក្មេង​ក្រីក្រ។

លោក ណែម ម៉ូនី ជាអ្នក​សម្របសម្រួល​បាន​ឲ្យដឹង​ពី​គោល​បំណង​នៃការ​រៀបចំ Cambodia Art & Design និង​ពិព័រណ៍ Exhibition នេះ​ថា៖ «ដោយសារ​តែ​យើង​បាន​ដំណើរ​ការរៀបចំ​ជាង ៤ ឆ្នាំ​ហើយ​នៅ​ក្នុងការ​ជួយ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ក្រីក្រ​ឲ្យ​ទទួល​បាន​នូវការ​អប់រំ​ផ្នែក​ជំនាញ​សិល្បៈ​ច្រើន​ទម្រង់ ឲ្យក្មេងៗ​ក្រីក្រ​ទាំងឡាយ​មាន​ឱកាស​ទទួល​បាន​ចំណេះដឹង​មួយ​នេះ ដើម្បី​ជា​ទុន​សម្រាប់​ជីវិត​ពួកគេ និង​អាច​បន្ត​អាជីព​នេះ​ទៅ​ជួយ​ដល់​ក្មេង​ក្រីក្រ​ជំនាន់​ក្រោយៗ​ទៀត»។

លោក បន្តថា៖ «យើង​ធ្លាប់​បាន​រៀបចំ​ការតាំង​ពិព័រណ៍​ស្នាដៃ​ពួកគេ ជាច្រើន​លើក​មក​ហើយ​ដែរ នៅ​តាម​ខេត្ត​នានា តែ​មិន​បាន​ធ្វើធំ​នៅ​ភ្នំពេញ»។

ចំពោះ​អី្វ​ដែល​យើង​ធ្វើនេះ​ក្នុង​គោលបំណង​ចង់​ឲ្យមាន​ការ​ចាប់អារម្មណ៍ និង​ចូលរួម​សហការ​ពី​បណ្តា​អង្គការ ក្រុមហ៊ុន​ឯកជន​នានា ជួយ​ចាប់​ដៃគូ​ជាមួយ​អង្គការ​ហ្វារពន្លឺ​សិល្បៈ ដើម្បី​បង្កើត​បាន​មូលនិធិ​បន្តការ​ជួយ​ទៅ​ដល់ការ​បណ្តុះបណ្តាល​នូវ​ជំនាញ​សិល្បៈ​ទៅ​ក្មេង​ក្រីក្រ តាមរយៈ​មុខជំនាញ​សិល្បៈ​តែម្តង»។

Content image - Phnom Penh Post
ស្នាដៃ​កែច្នៃ​លើ​អាវយឺត​របស់​សិស្ស​ហ្វារពន្លឺ​សិល្បៈ​។ រូប សហការី

ដោយឡែក​ចំណែក​ឯការ​បង្ហាញ​អំពី​គម្រោង​ផ្ទាល់​ខ្លួន​របស់​សិស្សានុសិស្ស​នោះ គឺជា​ការ​បណ្តុះបណ្តាល​មួយ​អាច​ឲ្យ​សិស្សានុសិស្ស​ដែល​មាន​ទេពកោសល្យ និង​ជំនាញ ចេះ​ជ្រើស​រើស​យក​នូវ​មុខជំនាញ​ឯកទេស​របស់​ខ្លួនឯង​យក​ទៅ​ប្រើប្រាស់ ក្រោយ​ពី​ពួកគេ​បាន​សិក្សា​នូវវិស័យ​សិល្បៈ​ទៅ​តាម​ចំណូលចិត្ត​របស់​ខ្លួន​អស់​រយៈពេល ៨ ខែ រួចមក​នោះ។

នា​ថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ ២០១៧ ខាងមុខ​នេះ ក៏មាន​ការបង្ហាញ​ជូន​នូវ​គម្រោង​ផ្ទាល់ខ្លួន​ស្តីពី​សិល្បៈ​បែប Visual and Applied Arts របស់​ក្រុម​សិស្សានុសិស្ស​នៃ​អង្គការ​ហ្វារពន្លឺ​សិល្បៈ​ផងដែរ​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ។

ចំណែកឯ​ការតាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​វិញ​នោះ នឹង​បើក​ដំណើរការ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី ៣០ ខែ​សីហា ចាប់ពី​ម៉ោង ៥ ល្ងាច​ទៅ​ដល់​ម៉ោង ៨ យប់ និង​ធ្វើ​បន្ត​ទៅ​ដល់​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០១៧ ខណៈការ​ចាប់ផ្តើម​តាំង​បង្ហាញ​គឺ​ពីម៉ោង ៨ ព្រឹក ទៅ​ដល់​ម៉ោង ៥ ល្ងាច​ឯណោះ។

សម្រាប់​ថ្ងៃ​អាទិត្យ មិន​បើក​បង្ហាញ​ជូន​ទៅដល់​អ្នកទស្សនា​នោះ​ឡើយ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ