ភ្នំពេញៈ ស៊ីអាយអិមប៊ី​គ្រុប (CIMB Group) ប្រកាស​ផ្តល់​អាហារូបករណ៍​ ១០០% ដល់​និសិ្សត​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​គ្រប់​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​ណា​មួយ​នៅ​ជុំវិញ​ពិភពលោក។

នេះគឺ​ជា​លើក​ទី​បីហើយ​ ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស-និស្សិត​ជយលាភី​នៅ​ក្នុង ប្រទេស​កម្ពុជា ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

អាហារូបករណ៍​ពេញលេញ ដែល​រួម​បញ្ចូល​ រួម​មាន​ថ្លៃ​សិក្សា​ សំបុត្រ​យន្តហោះ កន្លែង​ស្នាក់​នៅ ដំណើរ​កម្សាន្ត​មក​ស្រុក​កំណើត សេវា​ធានា​រ៉ាប់រង ព្រម​ទាំង​ថ្លៃ​ចំណាយ​ផ្សេងៗ​ផងដែរ អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើស​ សិក្សា​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជុំ​វិញ​ពិភព​លោក។

លើស​ពី​នេះ​ទៅ​ទៀត ស៊ី​អាយ​អិម​ប៊ី​គ្រុប​ (CIMB Group) ​ក៏ផ្តល់​​ឱកាស​ឲ្យ​និស្សិត​ជយលាភី​ទទួល​បាន​ការងារ​ ក្នុង​ចំណោម​ ១៧ ប្រទេស​ដែល​មាន​សាខា​របស់​ ស៊ីអាយ​អិម​ប៊ី​គ្រុប ​ក្រោយ​​​បញ្ចប់​ការ​សិក្សា​ផង​ដែរ។

លោកស្រី អ៊ុំ ចិន្តាភក្តី ដែល​ជា​នាយិកា​ធនធាន​មនុស្ស​របស់​ធនាគារ CIMB បាន​ថ្លែង​ថា៖ «តាង​នាម​ឲ CIMB Group នៅ​កម្ពុជា ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ខ្មែរ​ទាំង​អស់​ចូល​រួម​ដាក់​ពាក្យ​ស្នើ​សុំ​អាហា​រូបករណ៍​នេះ ហើយ​នេះ​ជា​មោទនភាព​របស់​ប្រទេ​ស​កម្ពុជា​ដែល​មាន​និស្សិត​ខ្មែរ​យើង​កន្ល​ង​បាន​ប្រឡង​ជាប់​កម្មវិធី​អាហារូបករណ៍​នេះ។»

យុវត្តី ងួន ពញ្ញានាត ជា​និស្សិត​ខ្មែរ​ឆ្នើម​មួយ​រូប​ដែល​ទទួល​បាន​អាហារូ​បករណ៍​របស់ CIMB ហើយ​បច្ចុប្បន្ន​នាង​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ McGill នៃ​ប្រទេស​កាណាដា បាន​ឲដឹង​ដែរ​ថា៖ “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​សិក្សា​របស់​ខ្ញុំ​នៅ​ទីនេះ ជាមួយ​នឹង​គុណភាព​អប់​រំស្តង់ដារ​ពិភព​លោក ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​សិស្ស​និស្សិត​ខ្មែរទាំង​អស់​ចូលរួម​ដាក់​ពាក្យ​ស្នើសុំ​អាហា​រូបករណ៍នេះ​។»

អាហារូបករណ៍​តំបន់​អាស៊ាន​របស់ CIMB ឆ្នាំ ២០១៨ បើក​ទទួល​ពាក្យ​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ០៥ ខែ មិនា ឆ្នាំ២០១៨។ សម្រាប់​លក្ខខណ្ឌ​ដាក់​ពាក្យ​ស្នើ​សុំ និង​ពត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ:www.cimb.com/aseanscholarship។