ភ្នំពេញៈ ជាមួយ​ការរួម​គ្នា បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ ស្ត្រី និង​កីឡា «រត់​ដើម្បី​សេចក្តី​ស្រឡាញ់ Run For Love» ដែល​ត្រូវ​បាន​ធ្វើ​ឡើង ជា​លើក​ទី ៥ នៅ​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ធ្វើ​ឲ្យ​លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធាន​គណៈកម្មការ​កីឡា និង​ស្ត្រី រំពឹង​ថា កម្មវិធី​មួយ​នេះ អាច​នឹង​ជួយ​ឲ្យ​យុវជន យុវនារី​ខ្មែរ យល់​បាន​ច្បាប់​ពី​អត្តន័យ​ពិត​ប្រាកដ ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ដែល​មិន​មែន​ជា​ថ្ងៃ​បុណ្យ​សង្សារ ត្រូវ​លះបង់​អ្វីៗ​ឲ្យ​គូស្នេហ៍ នាំ​ឲ្យ​ប្រាស​ចាក​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ។

លោកស្រី ម៉ក់ វណ្ណ​ស៊ីថា ដែលជា​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ផង​នោះ បាន​ថ្លែង​ក្រោយ​បញ្ចប់​កម្មវិធី រត់​ដើម្បី​សេចក្តី​ស្រឡាញ់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ នោះ​ថា៖ «ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ មាន​ការ​ចូលរួម​យ៉ាង​ច្រើន​របស់​កុមារា​កុមារី ក៏​ដូចជា​យុវជន យុវនារី ដែល​មាន​អាយុ​ក្រោម និង​លើ ១៨ ឆ្នាំ ហើយ​នេះ​ជា​ជោគជ័យ​របស់​យើង​មួយ​ដែរ ព្រោះ​ការ​ចូលរួម​ទាំង​អស់​គ្នា មាន​ភាព​សស្រោក​សស្រាំ ហើយ​ទឹក​មុខ ស្មារតី និង​សកម្មភាព​ទាំង​អស់ យើង​ឃើញ​ថា ស្តែង​ចេញ​ពី​ទឹកចិត្ត​តែម្តង»។

លោកស្រី បាន​បន្ថែម​ថា៖ «អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់​នេះ គឺ​យើង​ចង់​ឲ្យ​យុវជន យុវនារី កុមារា និង​កុមារី​របស់​យើង យល់​ពី​ក្តី​ស្រឡាញ់​នៃ​វប្បធម៌​ខ្មែរ ដែល​មាន​ជ្រាល​ជ្រៅ និង​មាន​វប្បធម៌​ល្អ​ផូរផង់ ហើយ​បញ្ហា​នេះ យើង​ចង់​ឲ្យ​គេ​យល់ នូវ​ទម្លាប់​ណា​ដែល​មិន​ល្អ ជាមួយ​នឹង​វប្បធម៌​ដទៃ​ទៀត ដែល​ជៀត​ចូល​មក​ក្នុង​វប្បធម៌​របស់​យើង​ផងដែរ ដោយ​យើង​ត្រូវ​ជំរុញ​ឲ្យ​វប្បធម៌​របស់​យើង កាន់​តែ​ភ្លឺ​ច​ញ្ចែ​ង​ឡើង»។

មនុស្ស​ជាង ៣ ពាន់​នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ស្ត្រី និង​កីឡា រត់​ដើម្បី​សេចក្តី​ស្រឡាញ់ លើក​ទី ៥ ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នោះ ហើយ​គ្រប់គ្នា សុទ្ធ​តែ​បាន​បង្ហាញ​នូវ​ស្នាម​ញញឹម ក្នុងការ​ចូលរួម​រត់​កម្សាន្ត​ចម្ងាយ ៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ រួម​ជាមួយ​កម្មវិធី​បែប​កម្សាន្ត​ផ្សេងៗ​ទៀត ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​កីឡា និង​ស្ត្រី សហការ​ជាមួយ NOCC សាលា​រាជធានី​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត និង​ស្រាបៀរ​កម្ពុជា។

សកម្មភាព​នេះ វា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ចូលរួម ក្នុងការ​កែប្រែ​នូវ​ទង្វើ​អាក្រក់​របស់​យុវជន​ខ្មែរ​មួយ​ចំនួន ដែល​បាន​យក​ថ្ងៃ​នៃ​បុណ្យ​សេចក្តី​ស្រឡាញ់ ១៤ ខែ​កុម្ភៈ ជា​ថ្ងៃ​លះបង់​ខ្លួន​ប្រាណ​ជូន​គូស្នេហ៍​ទៅ​វិញ ហើយ​បញ្ហា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់ និង​វប្បធម៌ ដ៏ល្អ​របស់​ខ្មែរ​នេះ បាន​ធ្វើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ ឈាន​ដល់​រៀបចំ​វិធានការ​ទប់ស្កាត់​ភាព​ភ្លើត​ភ្លើន​របស់​យុវជន​ទាំង​នោះ​ផង​ដែរ។

លោកស្រី ម៉ក់ វណ្ណ​ស៊ីថា បាន​បញ្ជាក់​ថា៖ «នេះ​ជា​ឆ្នាំ​ទី ៥ ដែល​យើង​បាន​ធ្វើ​កិច្ចការ​នេះ។ ថ្វី​ដ្បិត​តែ​ការ​យល់​ដឹង មិន​ទាន់​ដល់​កម្រិត​ខ្ពស់​មែន​ទែន ប៉ុន្តែ​យើង​គិតថា យើង​មាន​មោទនភាព ចំពោះ​ការ​ចូលរួម​របស់​គណៈកម្មការ​កីឡា និង​ស្ត្រី ក៏​ដូចជា​គ្រប់​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​សហការ​ចូលរួម»។

លោកស្រី បាន​បន្តថា៖ «យើង​ឃើញ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រមទាំង​ក្រសួង​ផ្សេងៗ​ទៀត ក៏​គេ​មាន​គោល​នយោបាយ​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ដែរ ដើម្បី ចូលរួម​សហការ​រុញ​ឲ្យ​សកម្មភាព​នេះ ក្លាយ​ទៅ​ជា​សកម្មភាព​វប្បធម៌​មួយ​របស់​យើង ដើម្បី​សុខភាព ដើម្បី​សន្តិភាព និង​ដើម្បី​សេចក្តី​ស្រឡាញ់ ដែល​ពិត​ប្រាកដ សម្រាប់ វប្បធម៌​ខ្មែរ​យើង»៕