ការរកបានប្រាក់ចំណូលពីវិស័យអចលនទ្រព្យ ខណៈពេលហាងឆេងលំនៅឋាននៅទីក្រុងញូវយ៉កមានតម្លៃខ្ពស់កប់ពពកនោះ គឺជាការល្បងសមត្ថភាពរបស់យុវជននៅតំបន់ Bronx។
សិស្សានុសិស្សប្រមាណជាង ៥០ នាក់មកពីតំបន់ Bronx ដែលពួកគេភាគច្រើនជាជនជាតិស្បែកខ្មៅ ឬពួកឡាទីនត្រូវបានជ្រើសរើសសម្រាប់គម្រោងមួយហៅថា «Project Destined» ដែលជាកម្មវិធីរៀបចំឡើងក្នុងបំណងធ្វើការបង្រៀនពួកគេអំពីផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យ ហើយត្រូវបានឧបត្ថម្ភដោយអ្នកនាង J-Lo និងលោក A-Rod ដែលជាអតីតកីឡាករបាល់បោះដែលមានឈ្មោះល្បីល្បាញលើពិភពលោក។
យុវជនទាំងនោះបានឆ្លងកាត់វគ្គសិក្សាដ៏ហ្មត់ចត់ និងប្រាកដប្រជាពីមេធាវី ធនាគារិក តំណាងមកពីក្រុមហ៊ុនបញ្ចាំ និងក្រុមហ៊ុនអចលនទ្រព្យ ដោយវគ្គនេះមិនមែនបង្រៀនតែផ្នែកទ្រឹស្តីនោះទេ។
ក្រុមសិស្សានុសិស្សបានលើកឡើងនូវគម្រោងអាជីវកម្មដែលល្អជាងគេបំផុតនឹងមានឱកាសក្នុងការទិញអគារមួយនៅក្នុងតំបន់ Bronx ដែលមានតម្លៃ $១.៥ លានដុល្លារ ហើយធ្វើការអភិវឌ្ឍទៅលើអគារនោះ។
នេះជាទស្សនវិជ្ជារបស់លោក Fred Greene និង Cedric Bobo ដែលពួកគេទាំង ២ នាក់ជាអាជីវករជនជាតិស្បែកខ្មៅដ៏ជោគជ័យ ហើយចង់ផ្ទេរចំណេះដឹង និងបទពិសោធរបស់ខ្លួនទៅដល់ក្មេងៗដែលមានភាពខ្វះខាត។
លោក Bobo បាននិយាយថា៖ «អ្វីដែលយើងកំពុងធ្វើគឺយើងចង់ផ្តល់ឱកាសឲ្យក្មេងៗទាំងអស់នោះធ្វើការឲ្យយើងក្នុងនាមជាជំនួយការអ៊ីចឹងដែរ។ ក្មេងៗទាំងអស់នោះអាចរៀនវាយតម្លៃអចលនទ្រព្យដែលពួកយើងទិញវាហើយ នឹងចែកចំណែកមួយនៃប្រាក់ចំណេញទៅដល់ពួកគេ»។
មុនពេលប្តូរទីតាំងទៅតំបន់ Bronx ដែលក្នុងនោះ ៣៥ ភាគរយនៃប្រជាជនសរុបរស់នៅក្នុងភាពក្រីក្រ គម្រោងនេះត្រូវបានគេដាក់អនុវត្តនៅ Detroit Memphis និង Miami ដែលកម្មវិធីបានជួយយុវជនក្មេងៗដែលមានជីវភាពខ្វះខាតរៀនសូត្រពីការធ្វើអាជីវកម្ម។
នៅឯកីឡដ្ឋាន Yankee ក្នុងតំបន់ Bronx សិស្សទាំងនេះបានចែកចេញជា ៦ ក្រុមហើយបានស្នើយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេទៅក្រុមអ្នកជំនាញរួមមានលោក Jonathan Grey ប្រធានក្រុម Blackstone Group និងអ្នកនាង Lopez ដែលជាតារាចម្រៀងម្នាក់បានធំធាត់នៅតំបន់ Bronx ដែរ ហើយអ្នកនាងទើបតែបានលក់ផ្ទះប្រភេទ Penthouse របស់នាងនៅទីក្រុង Manhattan ក្នុង $២៧ លានដុល្លារ។
ក្រុមដែលទទួលជ័យជម្នះគឺជាអ្នកមានយុទ្ធសាស្ត្របញ្ចុះបញ្ចូលល្អបំផុតដែលធានានូវប្រាក់ចំណេញខ្ពស់ជាងគេ។ បន្ទាប់មកអ្នកឈ្នះនឹងក្លាយជាម្ចាស់ភាគហ៊ុនតូចមួយនៅក្នុងគម្រោងអភិវឌ្ឍន៍ និងទទួលបានប្រាក់ចំណេញមួយចំណែកពីអចលនទ្រព្យ ដើម្បីជួយបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យដរាបណាពួកគេនៅតែចូលរួមនៅក្នុងគម្រោង និងក្នុងវគ្គសិក្សាបន្ថែមទៀតតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងវគ្គហ្វឹកហ្វឺនត្រៀមលោក Rodriguez បានជជែកគ្នាជាមួយអ្នកចូលរួមនៅលើយ៉ដ៏ស្រស់ស្អាតមួយដែលអាចមើលឃើញ Times Square បាន។ លោក Rodriguez បាននិយាយថា៖ «អចលនទ្រព្យគឺជាច្រកផ្លូវមួយសម្រាប់ចាកចេញពីភាពក្រីក្រ»។ «សម្រាប់វិស័យអចលនទ្រព្យ វាគឺជាល្បែងមួយដែលអាចធ្វើឲ្យអ្នកមានលុយបាន វាមិនមានបញ្ហាទេប្រសិនបើអ្នកមិនមានលុយ ដោយអ្នកអាចទិញអចលនទ្រព្យនៅទូទាំងប្រទេសដោយមិនមានលុយក៏បានដែរ»។
លោក Rodriguez ដែលបានធំធាត់នៅ Washington Heights ជាសង្កាត់ពួកជនជាតិ Dominican នៅទីក្រុង ញូវយ៉កបានថ្លែងថា៖ «ខ្ញុំក៏មានដើមកំណើតមិនធូរធារដែរ។ ម្តាយរបស់ខ្ញុំធ្វើការងារ ២ កន្លែង ប៉ុន្តែខ្ញុំជឿថា ខ្ញុំនឹងធ្វើជាមេដឹកនាំគ្រួសាររបស់ខ្ញុំហើយខ្ញុំនឹងធ្វើឲ្យមានការផ្លាស់ប្តូរ»។
តម្លៃអចលនទ្រព្យក្នុង ១ ម៉ែត្រការ៉េក្នុងតំបន់ Bronx គឺមានតម្លៃ ៣,០៨១ ដុល្លារចំណែកប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំគឺ ៣៥,១៧៦ ដុល្លារ។
លោក Charles Wu អ្នកបង្រៀនម្នាក់ក្នុងចំណោមអ្នកបង្ហាត់បង្រៀននៅក្នុងគម្រោងបាននិយាយថា៖ «វាជាការងារដែលលំបាកមួយ ប៉ុន្តែវាជាអ្វីដែលអ្នករាល់គ្នាអាចធ្វើបានទាំងអស់»។ «អ្នកមិនចាំបាច់មានលុយច្រើនទេ អ្នកអាចចាប់ផ្តើមពីចំណុចតូចមួយហើយអ្នកអាចចាប់ផ្តើមកសាងស្នាដៃអ្នកបន្តិចម្តងៗ»។
សិស្សម្នាក់ឈ្មោះ Andrea Alarcon អាយុ ១៧ ឆ្នាំដែលកើតនៅប្រទេសអេក្វាទ័រ និងមានម្តាយធ្វើការជាអ្នករត់តុ បាននិយាយថា៖ «ឥឡូវខ្ញុំបានប្រាប់មិត្តរបស់ខ្ញុំថា ពេលខ្ញុំអាយុ ២៧ ឆ្នាំ ខ្ញុំនឹងកាន់កាប់អគារចំនួន ២ ឬ ៥»៕
Laura Bonilla / AFP