កំពង់ចាម៖ ដោយ​ខេត្ត​កំពង់ចាម ជា​ខេត្ត​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ទីពីរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ភាគ​ច្រើន​នៃ​ប្រជាជន​ដែល​រស់​នៅ​ខេត្ត​នេះ​ប្រកប​អាជីវកម្ម​លក់ដូរ​ ធ្វើ​ចំការ ខ្នាត​ធំ និង​បើក​ហាង​ផ្សេងៗ​ជាដើម​​នោះ ទើប​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ច្រើន បាន​បើក​សាខា​នៅ​ទីនោះ រួម​ទាំង​ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុឯកជន ផងដែរ។

កាលពី​ព្រឹក​ម្សិលមិញ ក្បួន​ដង្ហែ​រ៉ឺម៉ក់​កង់​បី​ចំនួន​ ១០ ​គ្រឿង​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ខេត្ត​កំពង់ចាម បាន​ចុះ​យុទ្ធការ​ផ្សព្វ​ផ្សាយ​ព័ត៍មាន​អំពី​សាខា​ថ្មី​របស់​គ្រឹះ​ស្ថាន ក៏​ដូចជា​សេវា​ឥណទាន​នានា​ដែល​គ្រឹះស្ថាន​មាន​ផ្តល់​ជូន​អតិថិជន​​នៅ​ខេត្ត​ កំពង់ចាម។

ប្រជាជន​តាម​ដង​ផ្លូវ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជាមួយ​នឹង​ក្បួន​ដង្ហែ​ដោយ​មាន​ការ​ចាក់​បន្លឺ​សូរ​សំឡេង​ផ្សព្វផ្សាយ​ពី​សេវា​នានា​របស់​គ្រឹះស្ថាន​ដូចជា «…សេវា​កម្ចី​សម្រាប់​អាជីវកម្ម កម្ចី​សម្រាប់​ទិញ​គេហដ្ឋាន​និង​ខុនដូ និង​កច្ចី​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន…» ដែល​ជា​​ការ​បង្ហាញ​ប្រាប់​ព័ត៍មាន​សេវា​ឥណទាន ​ជូន​អតិថិជន​គ្រប់​រូប។

ក្បួន​ដង្ហែ​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ស្តង់​នៅ​ខាងមុខ​គ្រឹះស្ថាន​មីក្រូហរិញ្ញវត្ថុ ព្រីនស៍ ហ្វាយ​​នែន ភីអិល ស៊ី សាខា​ខេត្ត​កំពង់ចាម ឆ្ពោះ​ទៅ​ទីតំាង​ផ្សារ​ចំនួន​ ៧ កន្លែង​រួម​មាន៖ ផ្សារសួង ផ្សារ​បុសខ្នុរ ផ្សារ​ព្រៃទទឹង ផ្សារ​កំពង់ចាម ផ្សារ​បឹងកុក ផ្សារសាមគ្គី និងផ្សារថ្នល់ទទឹង។

ដង្ហែ​ម៉ូតូ​កង់បី​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ស្តង់​នៅ​ខាង​មុខ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ព្រីនស៍ ហ្វាយ​​នែន ភីអិល ស៊ី សាខា​ខេត្ត​កំពង់ចាម ឆ្ពោះ​ទៅ​ទីតំាង​ផ្សារ​​ចំនួន ​៧ កន្លែង​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ​២០១៨​នេះ។

គ្រឹះស្ថាន​មាន​ការ​កត់​សម្គាល់​ឃើញ​ថា​ វិស័យ​ធនាគារ​ និង ហិរញ្ញវត្ថុ នៅតែ​បន្ត អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ហើយ​បាន​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ជាពិសេស គឺ​ផ្តល់​ភាព​ងាយ​ស្រួល ដល់​ប្រជាជន​និង​ម្ចាស់​សហគ្រាស​នានា​អាច​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម ឬ តម្រូវការ​ផ្សេងៗ។

លោក​ ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយ​នែន ភីអិលស៊ី មាន​ប្រសាសន៍​ថា៖ ​«សាខាថ្មី នៅ​ខេត្ត​កំពង់ចាម​នេះ គឺជា​សាខា​ទី​៦ របស់​គ្រឹះ​ស្ថាន​ ហើយ​ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជា​ពលរដ្ឋ​និង​សហគ្រាស​នានា​នៅ​ខេត្ត កំពង់ចាម នឹង​ទទួល​បាន​នូវ​ភាព​ងាយ​ស្រួល​ជាង​មុន និង​មាន​សេចក្តី​ពេញ​ចិត្ត​ចំពោះ​​ជម្រើស​សេវា​ឥណទាន​កាន់តែ​សម្បូរ​បែប ​និង​ល្អ​ឡើង»។

ជាក់ស្តែង អាជីវករ​លក់​ទូរស័ព្ទ​ក្នុង​វ័យ ២៨ ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម លោក​ សេង លីដា​ ដែល​កំពុង​​សិក្សាពី​ប្រភេទ​ឥណទាន​នានា ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​មួយ​ផ្សេង​ទៀត​បានឲ្យ​ដឹងថា​នៅ​ពេល​ដែល​មាន​វត្តមាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ជិត​ផ្ទះ ​ប្រាកដ​ជា​អាច​ជួយ​សម្រួល បាន​ច្រើន​ដល់​អតិថិជន ​ព្រោះ​ថា​ខេត្ត​​កំពង់ចាម មាន​អាជីវកម្ម​ចម្រុះ​ដែល​ត្រូវ​ការ​ពិភាក្សា​ពី​សេវា​ឥណទាន​នានា។

លោក​បន្ត​ថា៖ «កាលណា​មាន​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ច្រើន តែង​មាន​ការ​ប្រកួត​ប្រជែង​​​ច្រើន​លើ​សេវាកម្ម ដែល​ផ្តល់​នូវ​ជម្រើស​កាន់​តែ​ប្រសើរ​ឡើង​ដល់​អតិថិជន និង​កាត់​បន្ថយ​ភាព ​ស្មុគស្មាញ​ក្នុង​ការ​ដាក់​ស្នើ​សុំ​កម្ចី​ឥណទាន»។

ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​សព្វថ្ងៃ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មាន​ទិសដៅ​ក្នុង​ការ​បន្ត​ពង្រីក​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស សំដៅ​មាន​បណ្តាញ​សាខា​នៅ​ស្ទើរ​គ្រប់​ខេត្ត​បន្ថែម​លើ​សាខា​នៅ​រាជធានី​ភ្នំពេញ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ជា​ជម្រើស​ទី១ របស់​អតិថិជន​ជានិច្ច។

គួរបញ្ជាក់ដែរ​ថា ក្បួន​ផ្សព្វផ្សាយ​អំពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ីនេះ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ ១៥ នេះ​រហូត​​ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៨​នៅ​ជុំវិញ​ខេត្ត​កំពង់ចាម។

គិតត្រឹម​ចុង​ឆ្នាំ ២០១៧ នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​សេវា និង​បណ្តាញ​ប្រតិបត្តិការ​នៅ​តាម​រាជធានី-ខេត្ត ដោយ​មាន​សាខា​ចំនួន ២,១៦៤ កន្លែង និង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស័្វយប្រវត្តិ (ATM) ចំនួន ១,៨០៤ ម៉ាស៊ីន បើតាម​របាយ​ការណ៍​​ប្រចំា​ឆ្នាំ​​​ ២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៨ ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា៕