ប្រទេស​ជប៉ុន តម្រូវការ​សេវាកម្ម​ផ្នែក​ផលិតកម្ម និង​កសិកម្ម កំពុង​ស្វែង​រក​សិក្ខាកាម​កម្ពុជា ដែល​មាន​ជំនាញ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​រួម​ទាំង​ចេះ​ភាសា​ជប៉ុន និង​ទំនៀមទម្លាប់​ល្អ ដើម្បី​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល និង​ជីវភាព​រស់​នៅ​មាន​កម្រិត​ខ្ពស់​នេះ។

ថ្មីៗនេះ ក្រៅពី​មាន​ក្រុមហ៊ុន​បញ្ចូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក៏​មាន​ទាំង​ក្រុមហ៊ុន​រៀប​ចំ​បញ្ចូន និង​បណ្តុះ​បណ្តាល​ផ្នែក​ភាសា និង​ជំនាញ ដើម្បី​បង្កើន​ជា​ជំនាញ​ជាក់លាក់​ដល់​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រកប​ការងារ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់។

ជាក់ស្តែង ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ជ្រើស​រើស​សិក្ខាកាម AA-HR និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​ជប៉ុន​ រាជ​សំណាង (RSJC) នៅ​ខណ្ឌ​ទួល​គោក ជា​កន្លែង​មួយ​មាន​ឈ្មោះថា អែកស៊ល អេស៊ា យូមេន រីសសស៍ ខូ អិល ធី ឌី (AA-HR) ដែល​ផ្តល់​ជូន​នូវ​វគ្គ បណ្តុះ​បណ្តាល​ផ្នែក​ភាសា​ជប៉ុន វប្បធម៌ ទំនៀមទម្លាប់ ច្បាប់ទម្លាប់​របស់​ប្រទេស​ ជប៉ុន និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ដើម្បី​ទទួល​បាន​ការងារ​មួយ​ដែល​មាន​ប្រាក់​កម្រៃ​សមរម្យ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក ស៊ូ អាប់​ឌុល​រ៉ា​ហ្សាក់ អ្នក​គ្រប់គ្រង​កិច្ចការ​ទូទៅ​របស់​ក្រុមហ៊ុន AA-HR បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ជា​ភ្នាក់ងារ​បញ្ចូន​សិក្ខាកាម​ពី​កម្ពុជា ដែល​បាន​អនុវត្ត​កម្មវិធី​អប់រំ​ជា​ភាសា​ជប៉ុន ដល់​សិក្ខាកាម​មុន​ពេល​ពួកគេ​ជាប់​ឈ្មោះ​ចេញ​ទៅ​ប្រកប​ការងារ​នៅ​ប្រទេស​ ជប៉ុន ហើយ​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ឆ្នាំ ២០១៤ ហើយ​បាន​បណ្តុះ​បណ្តាល និង​បាន​បញ្ចូន​ប្រជាជន​កម្ពុជា​ចំនួន ៣០០ នាក់​ទៅ​ប្រកប​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក​បន្តថា កម្មវិធី​បណ្តុះ​បណ្តាល​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នេះ មាន​រយៈពេល​ចាប់ពី ៤ ទៅ ៦​ខែ ដើម្បី​បណ្តុះ​បណ្តាល​ក្នុង​គោល​បំណង​ផ្តល់​ជំនាញ​ភាសា​ ជប៉ុន និង​ច្បាប់​ទម្លាប់​ខ្លះៗ​របស់​ប្រទេស​ ជប៉ុន ​សម្រាប់​ការងារ​នៅ​ក្នុង​ផ្នែក​កសិកម្ម ផ្នែក​ចំណី​អាហារ ផ្នែក​គ្រឿង​សង្ហា​រិម ផ្នែក​គ្រឿង​ម៉ាស៊ីន ផ្នែក​សំណង់ ផ្នែក​តម្បាញ និង​ដេរ និង​ផ្នែក​ឧស្សាហកម្ម​កែច្នៃ​ជាដើម។

លោក​បន្តថា៖ «ក្រុមហ៊ុន​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​ជំនាញ និង​បទពិសោធ​ខុសៗ គ្នា នៅ​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​ត្រឡប់​មក​ធ្វើ​ការ​នៅ​​កម្ពុជា​ក្រោម​ជំនាញ​វិជ្ជាជីវៈ និង​ទទួល​បាន​​ប្រាក់​ចំណួល​ច្រើន»។

លោក​ប្រាប់ថា​ ៖ «​ក្រុមហ៊ុន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​​ពួកគេ​ត្រូវ​បាន​ជ្រើសរើស​ជាប់​ការ​សម្ភាស ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន សម្រាប់​ទៅ​ការងារ​នៅ​ទីនោះ បន្ទាប់​មក​យើង​គិត​ថវិកា​សម្រាប់​កញ្ចប់​ឯកសារ​ដូចជា ការ​រៀបចំ​ឯកសារ​នានា និង​លិខិត​ឆ្លង​ដែន​របស់​សិក្ខាកាម​តាម​ការ​កំណត់ ១​ឆ្នាំ ឬ​ ៣ ​ឆ្នាំ។

គ្រូបង្រៀនជនជាតិជប៉ុន កំពុងបង្រៀន​នៅមជ្ឈមណ្ឌល​​បណ្តុះបណ្តាលរាជសំណាង។ រូបថត មួង វណ្ណឌី

លោក​បន្ថែមថា បើ​សិន​សិក្ខា​កាម​ធ្វើ​បទ​សម្ភាស​បាន​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ជប៉ុន ក្នុង​រយៈពេល​ ១ ​ឆ្នាំ និង​ ៣ ​ឆ្នាំ សិក្ខា​កាម​ត្រូវ​ចំណាយ​បង់​ប្រាក់​សម្រាប់​សេវាកម្ម​រត់​ឯកសារ​ចំនួន​ ១ ៥០០ ​ដុល្លារ សម្រាប់​អ្នក​ទៅ​ធ្វើ​ការ​មួយ​ឆ្នាំ និង​ ៣ ៧០០ ដុល្លារ​សម្រាប់ ៣ ឆ្នាំ។

ការ​ចំណាយ​អាច​មើល​ទៅ​ហាក់​បីដូច​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក អាប់​ឌុលរ៉ាហ្សាក់ បាន​ចង្អុល​បង្ហាញ​ថា អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ទៅ​ធ្វើ​ការ​អាច​រក​ប្រាក់​បាន​ជា​មធ្យម​រហូត​ដល់​១ ០០០ ទៅ​១ ២០០ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

បច្ចុប្បន្ន ប្រជាជន​កម្ពុជា ប្រហែល ១០០ ​នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ហើយ​កំពុង​រង់ចាំ​ឱកាស​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​ឯ​ប្រទេស​ជប៉ុន។ សេចក្តី​ណែនាំ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​គ្រូ​បង្រៀន​ជនជាតិ​ខ្មែរ និង​ជប៉ុន លើ​ជំនាញ​ភាសា​ជប៉ុន ច្បាប់​ការងារ និង​ទំនៀម​ទម្លាប់​ផ្សេងៗ​រស់​នៅ​ប្រទេស​ជប៉ុន។ សមត្ថភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង​មាន​បទដ្ឋាន​ត្រឹមត្រូវ​ដែល​តម្រូវ​ដោយ​និយោជក​ជប៉ុន។

លោក​បន្ត​ថា៖ «ថ្នាក់​រៀន​នីមួយៗ​គឺ​ចាប់​ពី​ម៉ោង ៨ ​ព្រឹក​ដល់​ម៉ោង ៥ ​ល្ងាច ហើយ​យើង​ផ្តល់​មេរៀន​បន្ថែម​សម្រាប់​អ្នក​សិក្សា​ដែល​មាន​ល្បឿន​យឺត​ជាង​គេ​ទាំង​គ្រូ​ខ្មែរ និង​ជប៉ុន»។

យោង​តាម​សិក្ខាកាម​មាន​វ័យ ២៧ ​ឆ្នាំ ដែល​មក​ពី​ខេត្ត ព្រៃវែង កញ្ញា ឈួន សុផានិត ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ម្នាក់ និង​ជា​សិក្ខាកាម​ដែល​ត្រៀម​នឹង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ហើយ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន ប៉ុន្តែ​កញ្ញា​ជួប​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ធ្វើ​ដែល​មាន​ប្រាក់ខែ​សមរម្យ​នៅ​ប្រទេស​កម្ពុជា។ ភាសា​ជប៉ុន​ជា​ភាសា​ដែល​នាង​ចូលចិត្ត​ផងដែរ ហើយ​ឥឡូវ​នេះ​នាង​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​រយៈពេល ៣ ​ខែ នៅ​មជ្ឃមណ្ឌល​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន​រាជ​សំណាង និង​ត្រូវបាន​ជ្រើស​រើស​ដោយ​ក្រុមហ៊ុន​ជប៉ុន​មួយ សម្រាប់​ការងារ​នៅ​ពេល​កញ្ញា​បញ្ចប់​វគ្គ​សិក្សា។

កញ្ញា​និយាយ​ទាំង​ញញឹម​ថា ៖ «ខ្ញុំ​មាន​ក្តី​រំភើប​ចំពោះ​ឱកាស​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ បន្ទាប់​ពី​មិត្តភក្តិ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​ឱកាស​នេះ» ។

សុផានិត​បន្ថែម​ថា៖ «ខ្ញុំ​មិនមែន​ត្រឹមតែ​ចង់​សិក្សា​ពី​ប្រទេស​ជប៉ុន​ទេ គឺ​ខ្ញុំ​ចង់​ដក​បទពិសោធ​ពី​ប្រទេស​នេះ​ឲ្យ​កាន់​តែ​ច្រើន»។

សិក្ខាកាមសិក្សានៅមជ្ឈមណ្ឌល​​បណ្តុះ បណ្តាលរាជសំណាង ដើម្បីត្រៀមខ្លួន ទៅធ្វើការនៅជប៉ុន។ រូបថត មួង វណ្ណឌី

ចំណែក វុត ប៊ុននី វ័យ​ ២០ ​ឆ្នាំ ដែល​សិក្សា​បាន​ត្រឹម​ថ្នាក់​ទី​ ១០ មក​ពី​ខេត្ត​ក្រចេះ បាន​និយាយ​ថា កញ្ញា​បាន​ដឹង​ពី​ឱកាស​ការងារ​នៅ​ ជប៉ុន ពី​មិត្តភក្តិ​ហើយ​ម្តាយ​របស់​កញ្ញា​បាន​យល់​ព្រមឱ្យ​នាង​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ក្រៅ​ប្រទេស និង​បាន​ប្រាក់​ខែ​ល្អ។

ដោយ​មានតែ​ការ​អប់រំ​កម្រិត​វិទ្យាល័យ​ដែល​អាច​រក​មិន​បាន​នៅ​ខេត្ត​ក្រចេះ គាត់​មាន​អារម្មណ៍​ថា មាន​ឱកាស​រៀន​ជំនាញ​ថ្មី និង​ភាសា​ទី​ ២ បាន​ដោយ​ងាយ។

កញ្ញា ប៊ុន​នី បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ជប៉ុន ​រយៈពេល ៣ ឆ្នាំ ក្នុង​ជំនាញ​ជា​គិលានុបដ្ឋាយិកា​មើល​ថែ​មនុស្ស​ ចាស់​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​កញ្ញា​មិន​ទាន់​ត្រូវបាន​ជ្រើសរើស​នៅ​ឡើយ​ទេ។

កញ្ញា ប៊ុននី បាន​ប្រាប់​ទាំង​ជំនឿ​ចិត្ត​ថា៖ «វា​ជា​ឱកាសល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការ​រៀន​ភាសា​ជប៉ុន និង​យល់​ពី​របៀប​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​នៅ​ក្នុង​ប្រទេស​ជប៉ុន ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ការ​នៅ​ទីនោះ​ បន្ទាប់​ពី​ការ​ហ្វឹកហាត់​នេះ ខ្ញុំ​នឹង​បាន​សម្រេច​បំណង​របស់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​នៅ​ឯ​ខេត្ត»។

ទោះបីជា​ភាសា​ជប៉ុន​មាន​ភាព​លំបាក​ក្នុង​ការ​រៀន​សូត្រ​តែ​ ប៊ុន​នី មិនបាន​បោះ​បង់​ចោល​ទេ ពីព្រោះ​ដើម្បី​សម្រេច​ក្តី​ស្រមៃ និង​ទទួល​បាន​ការងារ​ដែល​ល្អ។

កញ្ញា​បន្ត​ថា៖ «ជំនាញ​គិលានុបដ្ឋាយិការ គឺជា​ជំនាញ​ដែល​ត្រូវការ​ពេល​វេលា​បណ្តុះ​បណ្តាល​វែង​ជាង​ជំនាញ​ដទៃ​ទៀត ដែល​ជំនាញ​នេះ ត្រូវ​ការ​យ៉ាង​តិច​រយៈពេល​ ១ ​ឆ្នាំ​សម្រាប់​ការ​បណ្តុះ​បណ្តាល»។

កញ្ញា​ ប៊ុន​នី បន្ថែម​ថា៖ «នៅ​ទីនេះ ក្រុមហ៊ុន​ និង​មជ្ឈមណ្ឌល​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ច្រើន​នាក់​អាច​មាន​ជំនាញ និង​ឱកាស​ច្បាស់​លាស់​ក្នុង​ការ​ប្រកប​ការងារ ហើយ​ខ្ញុំ​សង្ឃឹម​ថា ប្រជាជន​កម្ពុជា ​អាច​ទទួល​បាន​ជំនាញ និង​ឱកាស​ដូច​ពួក​ខ្ញុំ​ដែរ»៕