Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ចែករំលែក​បទពិសោធ​ដើម្បី​ស្វែងរក​ឱកាស​ទៅ​ក្រៅ​ប្រទេស​របស់ លោកតុង សុប្រាជ្ញ

លោក តុង សុប្រាជ្ញ អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម។
លោក តុង សុប្រាជ្ញ អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម។ រូបថត សហការី

ការ​ចែករំលែក​បទពិសោធ​ដើម្បី​ស្វែងរក​ឱកាស​ទៅ​ក្រៅ​ប្រទេស​របស់ លោកតុង សុប្រាជ្ញ

ដើម្បី​ផ្តល់​ជា​គន្លឹះ​សម្រាប់​យុវជន​ដែល​មាន​បំណង​ចង់​ទទួល​បាន​បទពិសោធ​ទៅ​សិក្សា ក៏​ដូចជា​ទទួល​បាន​ឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ខ្លួនឯង​ទាំង​ស្រុង​នោះ ក្នុង​សប្តាហ៍​នេះ លោក​តុង សុប្រាជ្ញ ដែល​ជា​អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម​បាន​ចែក​រំលែក​ពី​បទពិសោធ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​តាមរយៈ​ដំណើរ​កម្សាន្ត​របស់​លោក​ទាំង​នៅ​ទ្វីប​អាស៊ី អាមេរិក និង​ទ្វីប​អឺរ៉ុប។

លោក​សុប្រាជ្ញ បាន​ផ្តល់​ជា​គន្លឹះ​សំខាន់ៗ​ចំនួន​បី ដើម្បី​ឲ្យ​សុបិន​ដំណើរ​កម្សាន្ត​របស់​អ្នក​ក្លាយ​ជា​ការ​ពិត៖

ការ​ស្វែងរក​ឱកាស

បើ​តាម​បទពិសោធ​របស់​លោក​សុប្រាជ្ញ ដើម្បី​មាន​ឱកាស​បាន​ចេញ​ទៅ​បរទេស គេ​គួរ​គប្បី​មាន​នូវ​ចំណុច​មួយ​ចំនួន​ដូចជា៖

១.ត្រូវ​មាន​ក្តីស្រមៃ: មិន​ខុស​ពី​យុវជន​ដទៃ​ទៀត​ឡើយ លោក​សុប្រាជ្ញ មាន​ក្តីស្រមៃ​ចង់​ស្គាល់​បរទេស​តាំងពី​ក្មេង​មក​ម៉េ្លះ។ លោក​ចង់​ក្លាយ​ជា​អ្នក​លេចធ្លោ (Outstanding) តាមរយៈ​ការ​ដើរ​លេង​ឲ្យ​បាន​ច្រើន​ប្រទេស។

លោក​ថា៖ «ការ​មាន​ក្តីស្រមៃ​គឺ​ជួយ​ធ្វើឲ្យ​មនុស្ស​នៅ​តែ​រក្សា​ការ​ខិតខំ​ប្រឹងប្រែង​មិន​ឈប់ឈរ ទោះបី​ជា​លំបាក​យ៉ាង​ណា​ក៏ដោយ»។

ការ​ដើរកម្សាន្ត​ជាមួយ​ក្រុម​ទស្សនៈកិច្ច​សិក្សា​អន្តរជាតិ នៅ​សួន​ឧទ្យានជាតិ Yellowstone នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៤។
ការ​ដើរកម្សាន្ត​ជាមួយ​ក្រុម​ទស្សនៈកិច្ច​សិក្សា​អន្តរជាតិ នៅ​សួន​ឧទ្យានជាតិ Yellowstone នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៤។ រូបថត សហការី

២.ប្រឹងប្រែង​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់ និង​អស់​ពី​សមត្ថភាព: សព្វថ្ងៃ​លោក​តុង សុប្រាជ្ញ​គឺជា​អ្នក​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម ហើយ​អត្ថបទ​វិភាគ​ជាច្រើន​របស់​លោក​ត្រូវ​បាន​ចុះ​ផ្សាយ​នៅលើ​ទំព័រ​កាសែត​ជា​ទៀងទាត់។

មិន​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​សរសេរ​របាយការណ៍​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​ទិវា​នៃ​ក្តីស្រឡាញ់ ដែល​វា​ជា​បច្ច័យ​មួយ​សម្រាប់​ឲ្យ​លោក​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​ស្នាដៃ​នោះ​ដល់​សាធារណជន។

ជាក់ស្តែង នៅ​ឆ្នាំ​២០១២ លោក​បាន​នាំ​យក​ស្នាដៃ​នេះ​ទៅ​បង្ហាញ​នៅក្នុង​សន្និសិទ្ធិ​នៅឯ​សាកលវិទ្យាល័យ Northern Illinois សហរដ្ឋ​អាមេរិក។ ឱកាស​នេះ​គឺ​បាន​មកពី​ការ​ធ្វើ​ការងារ​ដោយ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព និង​ការ​ប្រឹងប្រែង​យ៉ាង​ពិតប្រាកដ។

៣.ចេះ​សន្សំ​ប្រាក់: ជា​ការ​ពិតណាស់​មិនមែន​រាល់​កម្មវិធី​ផ្លាស់ប្តូរ​ចំណេះដឹង (Exchange Program)​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ម្ចាស់​កម្មវិធី​ចំណាយ​ថវិកា​ទាំង​ស្រុង​នោះ​ទេ។ ពេល​ខ្លះ​អ្នក​ចូលរួម​ក៏​ត្រូវ​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ ឬ​ថ្លៃ​ស្នាក់​នៅ​ដោយ​ខ្លួនឯង​ផង​ដែរ។

ជា​ឧទាហរណ៍ ដំណើរ​ទស្សនកិច្ច​សិក្សា​ដំបូង​បំផុត​របស់​លោក​តុង សុប្រាជ្ញ នៅ​ប្រទេស​ថៃ​គឺ​លោក​បាន​ចំណាយ​ថវិកា​ដោយ​ខ្លួនឯង​ផ្ទាល់ កាលពី​ឆ្នាំ​២០០៣។ តាមរយៈ​ការ​សិក្សា​លើក​នោះ បាន​ជួយ​ឲ្យ​លោក​មាន​ឱកាស​ស្គាល់​បរទេស​ជា​លើក​ដំបូង និង​រៀនសូត្រ​ពី​អ្នក​ដែល​ចូលរួម​ជាមួយ​គ្នា​។

ក្រៅពី​នេះ​ក្នុង​ឆ្នាំ​២០០៦ លោក​មាន​ឱកាស​បាន​ទៅ​ដល់​ចក្រភព​អង់គ្លេស ដោយ​កាល​នោះ លោក​សុខចិត្ត​ចំណាយ​ប្រាក់​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ដោយ​ខ្លួនឯង ឯ​ការ​ស្នាក់នៅ និង​ហូបចុក កម្មវិធី​ជា​អ្នក​ចេញ។

៤.កុំ​រំពឹង​ពី​អង្គភាព: ទោះបី​ជា​អ្នក​ធ្វើការ ឬ​សិក្សា​នៅ​អង្គភាព​ណា​ក៏ដោយ អ្នក​មិន​ត្រូវ​រង់ចាំ​ឲ្យ​មេ ឬ​ចៅហ្វាយ​នាយ​ជា​អ្នក​ចេញ​បទបញ្ជា​ដើម្បី​បាន​ទៅ​ក្រៅ​ប្រទេស​រហូត​នោះ​ទេ។ អ្នក​ត្រូវ​ចេះ​ស្វះស្វែង​រក​ដោយ​ខ្លួនឯង មិន​ថា ជា​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី ឬ​វែង​នោះ​ទេ។

លោក​សុប្រាជ្ញ បាន​លើក​ហេតុផល​ថា៖ «បើ​ប្រទេស​ឆ្ងាយៗ​ដឹង​តែ​គេ​ទៅ​ខ្លួនឯង ឬ​ឲ្យ​គ្នា​គេ​ទៅ ហើយ​យ៉ាងច្រើន​គេ​ឲ្យ​យើង​ទៅ​ប្រទេស​ជិតៗ​ខាង​ប៉ុណ្ណោះ»។

ដូច្នេះ​លោក​តែងតែ​ខិតខំ​ស្វែងរក​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​ដែល​ទាក់ទង​នឹង​ការងារ​ដែល​លោក​គិត​ថា អាច​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រសើរ​ឡើង មិន​ថា តាមរយៈ​អ៊ីនធឺណិត ឬ​តាម​បណ្តាញ​មិត្តភក្តិ​ដែល​ស្គាល់​ពេល​ចូលរួម​សិក្ខាសាលា​ជាមួយ​គ្នា​កាលពី​លើក​មុន​ឡើយ។

៥.រក្សា និង​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម​: លោក​ថា យើង​អាច​ដឹង​ពី​កម្មវិធី​ផ្លាស់ប្តូរ​ទាំងនោះ​តាមរយៈ​មិត្តភក្តិ និង​មនុស្ស​ដែល​យើង​ស្គាល់។ មួយ​វិញ​ទៀត នៅពេល​ដែល​យើង​ស្គាល់​មនុស្ស​ច្រើន វា​នឹង​បង្ក​ការ​ងាយស្រួល​សម្រាប់​ការ​ស្នាក់នៅ​បន្ត។

ឧទាហរណ៍ ពួកគេ​នឹង​នាំ​យើង​ទៅ​ស្គាល់​កន្លែង​ប្លែកៗ ដែល​យើង​ចង់​ទៅ ឬ​មិន​ដែល​ទៅ ជាដើម ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​លើ​ការ​ស្នាក់នៅ ឬ​ហូបចុក។

៦.មាន​វប្បធម៌​ក្នុង​ការ​ចែករំលែក​ចំណេះដឹង: រៀងរាល់​ពេល​ដែល​លោក​ត្រឡប់​មកពី​ដំណើរកម្សាន្ត​ណា​មួយ លោក​តែងតែ​ធ្វើការ​ចែករំលែក​ចំណេះដឹង​តាមរយៈ​ការ​សរសេរ​អត្ថបទ​វិភាគ​នានា​ដែល​ទាក់ទង​នឹង​ចំណេះដឹង​ដែល​លោក​ទទួល​បាន។ ការ​ធ្វើ​ដូច្នេះ​លោក​ថា នឹង​ជួយ​ឲ្យ​ស្នាដៃ​របស់​លោក​កាន់តែ​មាន​គេ​ស្គាល់​ច្រើន ហើយ​ឱកាស​ដែល​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​លើក​ក្រោយៗ​ទៀត​ក៏​មាន​ច្រើន​ផង​ដែរ។

ជាក់ស្តែង​កន្លងមក​រូប​លោក​ធ្លាប់​ត្រូវ​បាន​គេ​អញ្ជើញ ឬ​តែងតាំង​(Nominate)​ឲ្យ​ចូលរួម​កម្មវិធី​ផ្សេងៗ ដូចជា​ការ​ចូលរួម​ទស្សនកិច្ច​សិក្សា​យុវជន និង​ភាព​អ្នក​ដឹកនាំ​នៅ​សហរដ្ឋអាមរិក ការ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ស្ត្រី និង​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ប្រទេស​ឥណ្ឌា ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អាស៊ាន និង​ការ​កសាង​ជា​សហគមន៍​នៅ​ថ្នាក់​តំបន់​ជាដើម។

លោក តុង សុប្រាជ្ញ ថត​នៅ Colosseum ​ប្រទេស​អ៊ីតាលី។ រូូបថត សហការី
លោក តុង សុប្រាជ្ញ ថត​នៅ Colosseum ​ប្រទេស​អ៊ីតាលី។ រូូបថត សហការី

ការ​ពន្យារពេល​ស្នាក់នៅ​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ការ​ទៅ​បរទេស​របស់​លោក​សុប្រាជ្ញ​នោះ​គឺ រៀងរាល់​ពេល​ដែល​លោក​មាន​ឱកាស​បាន​ចេញ​ទៅ​បរទេស លោក​តែងតែ​ស្នើសុំ​ពន្យារពេល​ស្នាក់នៅ​ជានិច្ច​មិន​ថា នៅ​អាស៊ី ឬ​ក៏​អឺរ៉ុប​នោះ​ទេ។

ជាក់ស្តែង ដំណើរកម្សាន្ត​ចុងក្រោយ​របស់​លោក​ទៅ​សហរដ្ឋអាមេរិក​នា​ពេល​ថ្មីៗ​នេះ​គឺ​មាន​រយៈពេល​តែ​៣​អាទិត្យ​ប៉ុណ្ណោះ​តែ​លោក​បាន​ពន្យារ​រហូត​ដល់​៥​អាទិត្យ។ ដោយសារ​លោក​មាន​មិត្តភក្តិ​នៅ​ទី​នោះ​ស្រាប់ ការ​ស្នាក់នៅ និង​ហូបចុក​មិន​បាន​បង្ក​ការ​លំបាក​សម្រាប់​លោក​នោះ​ទេ។

តាមរយៈ​ការ​ដើរកម្សាន្ត​នេះ បាន​ជួយ​ឲ្យ​លោក​បាន​រៀនសូត្រ​ច្រើន​ពី​លើ​អ្វី​ដែល​កម្មវិធី​រៀបចំ។ លោក​មាន​ឱកាស​ទៅ​ស្វែងយល់​ពី​សាកលវិទ្យាល័យ​ល្បីៗ​របស់​អាមេរិក និង​អង់គ្លេស ដែល​ក្នុង​នោះ​រួមមាន​សាកលវិទ្យាល័យ Harvard, MIT, Yale, Columbia, UCLA, UC Berkeley, Cambridge, Oxford ។ល។ ក្រៅពី​នេះ​លោក​ក៏​ធ្លាប់​មាន​ឱកាស​ទៅ​មើល​អច្ឆរិយវត្ថុ​ពិភពលោក និង​កន្លែង​ល្បីៗ​នៅលើ​ពិភពលោក​ដូចជា Tour Eiffel, Mont Saint Michel, Colosseum, Taj Mahal, Pyramid Moon & Sun (in Mexico), London Tower, Brandenburg gate, ទីក្រុង​លិច​ទឹក​Venice, Twin Towers, Statue of Liberty, White House, Capital, Golden Gate, Yellow Stone park ។ល។

ការ​ពន្យារពេល​ស្នាក់នៅ​ក៏​បាន​ជួយ​ឲ្យ​លោក​មាន​ពេល​បង្កើន​ទំនាក់ទំនង និង​ស្គាល់​មនុស្ស​បាន​កាន់តែ​ច្រើន ដែល​វា​សំខាន់​ចំពោះ​ការ​ស្នាក់នៅ​បន្ត។

ជា​ការពិត​ណាស់​ការ​សុំ​ពន្យារពេល​នៃ​ការ​ស្នាក់នៅ​វា​អាច​ប្រឈម​នឹង​ការ​អស់​ថវិកា​ផ្ទាល់​ខ្លួន​ច្រើន។ ត្រង់​ចំណុច​នេះ​លោក​សុប្រាជ្ញ​បាន​ពន្យល់​ថា លោក​សុខចិត្ត​ចំណាយ​ប្រាក់​ដើម្បី​ដើរ​កម្សាន្ត ជា​ជាង​ការ​យក​ប្រាក់​ទាំងនោះ​ទៅ​ទិញ​របស់​ទំនើបៗ​តាម​គ្នា។ ទាំងនោះ​ជា​មូលហេតុ​ដែល​ពេល​ខ្លះ​លោក​សុខចិត្ត​លាឈប់​ពី​ការងារ ឬ​ក៏​មិន​ទទួល​ការងារ​រយៈពេល​ខ្លី ដើម្បី​បាន​ដើរកម្សាន្ត​នៅ​បរទេស។

ផលប្រយោជន៍​នៃ​ការ​ដើរកម្សាន្ត

លោក សុប្រាជ្ញថា ការ​ដើរ​កម្សាន្ត​អាច​ជួយ​ឲ្យ​យើង​មើលឃើញ​ពី​ពិភព​ខាង​ក្រៅ មាន​ការ​ប្រៀបធៀប​ដើម្បី​ការ​ផ្លាស់ប្តូរ រវាង​ប្រទេស​គេ និង​ប្រទេស​យើង អាច​រៀនសូត្រ​ពី​អ្នក​ដែល​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយ​គ្នា អាច​បំពេញ​ក្តីស្រមៃ​របស់​ខ្លួន ជាដើម។

លោក​ថា នៅពេល​ដែល​យើង​អាច​សម្រេច​បំណង​របស់​ខ្លួន​វា​នឹង​ជំរុញ​ឲ្យ​យើង​មាន​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​សម្រេច​បំណង​ណា​មួយ​ផ្សេង​ទៀត។

លោក​បន្ត​ថា ការ​ដើរកម្សាន្ត​បាន​ជួយ​ឲ្យ​យើង​មាន​លទ្ធភាព​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ឆ្លើយតប​នឹង​ការងារ​បាន​យ៉ាង​ល្អប្រសើរ។ ការ​ដើរ​បរទេស​ច្រើន​ក៏​ធ្វើឲ្យ​យើង​មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន​ក្នុង​ការ​ចូលរួម​ការ​ជជែក​វែកញែក​គ្នា ​(Debate) ​លក្ខណៈ​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ។ ការ​ដើរ​កម្សាន្ត​ច្រើន ក៏​ធ្វើឲ្យ​យើង​មាន​ក្រេឌីត​ល្អ​សម្រាប់​ការ​ស្នើសុំ​វីសា​លើក​ក្រោយៗ​ទៀត​ផង​ដែរ។

ជាចុងក្រោយ លោក​បាន​លើក​ទឹកចិត្ត​ដល់​យុវជនយុវនារី​ខ្មែរ​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​សម្ភារ​និយម​មក​ធ្វើការ​ដើរកម្សាន្ត​ទាំង​ក្នុង​ស្រុក​ក្តី និង​ក្រៅ​ស្រុក​ក្តី​គឺ​អាច​ចាប់ផ្តើម​ពី​ប្រទេស​ជិតខាង ដូចជា​ប្រទេស​វៀតណាម ឡាវ​ជាដើម។

លោក សុប្រាជ្ញ បាន​ផ្តល់​យោបល់​ឲ្យ​យុវជន​សព្វថ្ងៃ​នេះ​ថា៖ «បើ​រៀន​ភាសាបរទេស កុំ​រៀន​តែ​ភាសា គឺ​ត្រូវ​រៀន​សូត្រ ពី​ភាព​រីកចម្រើន​របស់​គេ​ផង វប្បធម៌​ផង និង​ទម្លាប់​ឥរិយាបថ​របស់​គេ​ល្អៗ​ផង ដូចជា​ការ​អាន និង​ការ​ដើរកម្សាន្ត​ជាដើម»។

ចាប់​តាំងពី​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០១៤ លោក តុង សុប្រាជ្ញ បាន​ធ្វើ​ដំណើរ​ទៅ​ជាង​២០​ប្រទេស ទាំង​នៅ​អាស៊ី អឺរ៉ុប​និង​អាមេរិក។ ដំណើរកម្សាន្ត​ចុងក្រោយ​បំផុត​របស់​លោក កាលពី​ខែ​សីហា​កន្លង​ទៅ​នៅឯ​សហរដ្ឋអាមេរិក ហើយ​នៅ​ខែ​ក្រោយ​នេះ​លោក​នឹង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី Youth Engagement and Gender Responsive Advocacy នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ រយៈពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី ១៥​ដល់ ២១ ខែ​វិច្ឆិកា ក្រោម​ការ​អញ្ជើញ​ពី UNWOMEN/UNFPA៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ