ភ្នំពេញ ប៉ុស្ដិ៍ | ​បញ្ហា​ដដែលៗ ដែល​តែងតែ​កើតឡើង​នៅ​បុណ្យ​ភ្ជុំបិណ្ឌ

បញ្ហា​ដដែលៗ ដែល​តែងតែ​កើតឡើង​នៅ​បុណ្យ​ភ្ជុំបិណ្ឌ

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
២០ កញ្ញា ២០១៤ | ០៨:២៤

អ្នកយកព័ត៌មាន:
Phnom Penh Post

ប្រធានបទផ្សេងៗ

ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ដែល​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ក្នុង​ខែ​ភទ្របទ ចាប់ពី​ថ្ងៃ​មួយ​រោច​ដល់​ថ្ងៃ​១៥ រោច ប្រជាជន​ខ្មែរ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​តែងតែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិសកុសល​ផលបុណ្យ​ដល់​ញាតិកា​ដែល​បាន​ចែក​ឋាន។ ក៏​ប៉ុន្តែ​អំឡុង​ពេល​រដូវ​ភ្ជុំ​នេះ​ដែរ គេ​តែងតែ​លេចឮ​រឿងរ៉ាវ​ជាច្រើន​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ យុវជន​គួរ​យល់ដឹង ប្រុងប្រយ័ត្ន និង​រក​ដំណោះស្រាយ​ទាំងអស់​គ្នា។

1.ភាព​ហូរហៀរ​នៃ​ម្ហូបអាហារ

ការ​យក​ចង្ហាន់​ទៅ​ប្រគេ​ព្រះសង្ឃ​គឺជា​រឿង​មួយ​ល្អ ហើយ​វា​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពុទ្ធបរិស័ទ។ ទន្ទឹម​គ្នា​នេះ​ដែរ ជា​រៀងរាល់​ឆ្នាំ​គេ​តែងតែ​ឮ​ពី​ភាព​សម្បូរ​ហូរហៀរ​នៃ​ម្ហូបអាហារ​នៅក្នុង​វត្តអារាម​មួយ​ចំនួន ខណៈ​វត្ត​ខ្លះ​ទៀត​ដែល​នៅ​ឆ្ងាយ​ដាច់ស្រយាល ព្រះសង្ឃ​សឹងតែ​រក​ចង្ហាន់​ឆាន់​មិន​បាន​ផង។ មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា កត្តា​នេះ​យើង​មិន​អាច​ស្តីបន្ទោស​ប្រជាពលរដ្ឋ ឬ​ព្រះសង្ឃ​នោះ​ដែរ ព្រោះ​ប្រជាជន​មួយ​ចំនួន​តែងតែ​ទៅ​វត្ត​ណា​ដែល​នៅក្នុង​ស្រុកកំណើត​របស់​ខ្លួន ឬ​ក៏​នៅ​ជិត​ទី​លំនៅឋាន​របស់​ខ្លួន ឬ​វត្ត​ខ្លះ​នៅ​ដាច់ស្រយាល​ពេល​ផ្លូវ​ធ្វើ​ដំណើរ​ក៏​ពិបាក។ ប៉ុន្តែ អ្វី​ដែល​គេ​អាច​ធ្វើ​បាន​នោះ​គឺ​គេ​ត្រូវ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​កើតឡើង​ដដែលៗ​នេះ។ កញ្ញា ចាង សុណា និស្សិត​អាហារូបករណ៍​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បាន​អះអាង​ថា កញ្ញា​ធ្លាប់​ទៅ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ចំបក់​ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១៣។ សុណាថា នាង​មិន​សូវ​ឃើញ​មាន​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​នាង​ចាប់អារម្មណ៍​នោះ​គឺ​ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅ​ទី​នោះ​បាន​ធើ្វ។ កញ្ញា​ថា ព្រះសង្ឃ​វត្ត​ខ្លះ​ដែល​នៅ​វត្ត​ឆ្ងាយៗ ត្រូវ​បាន​គេ​និមន្ត​មក​ទទួល​ចង្ហាន់​នៅ​វត្ត​ដែល​នៅ​ជិត​ទីប្រជុំជន ដោយសារ​តែ​ផ្លូវ​ទៅ​កាន់​វត្ត​ទាំងនោះ​មាន​ការ​លំបាក ដែល​នាំឲ្យ​គ្មាន​ប្រជាជន​ទៅ​ធ្វើ​បុណ្យ​ដល់​កន្លែង។ ស្រប​គ្នា​នេះ​ដែរ យុវជន ចាន់ សុភក្តិ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ផ្តល់​ជា​យោបល់​ថា ដំណោះស្រាយ​មួយ​ទៀត​គឺ​គេ​អាច​យក​ម្ហូប​ទាំងនោះ​ទៅ​ចែកជូន​ដល់​ប្រជាជន​ដែល​ខ្វះខាត ដូចជា​ប្រជាជន​ក្រីក្រ​ក្នុង​ភូមិ ជនពិការ កុមារ​អនាថា ឬ​ចែកជូន​ទៅ​តាម​មណ្ឌល​កុមារ​កំព្រា​ជាដើម។ ភិក្ខុសង្ឃ មឿន សុភេក ដែល​គង់​នៅ​វត្ត​វិចិត្តារាម ស្ថិត​ក្នុង​ភូមិយកបាត្រ សង្កាត់ ក្បាលកោះ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ​ក៏​បាន​យល់ស្រប​នឹង​បញ្ហា​ខាង​លើ​នេះ​ដែរ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «ធ្វើ​បុណ្យ​ដាក់​បាត្រ​ជា​រឿង​ល្អ តែ​អាត្មា​យល់​ថា ប្រជាជន​ខ្មែរ​យើង​ច្រើន​តែ​ធ្វើ​បុណ្យ​តាម​ទម្លាប់ ទៅ​តាម​កន្លែង ដូច្នេះ​ហើយ​បាន​ជា​ម្ហូបអាហារ​ថ្វាយ​ព្រះសង្ឃ​ក៏ច្រើន​តាម​កន្លែង»។ ដើម្បី​សម្រួល​ឲ្យ​ការ​ធ្វើ​បុណ្យ​ទទួល​ផល​ទាំងអស់​គ្នា ភិក្ខុសង្ឃ មឿន សុភេក មាន​សង្ឃដីកា​ថា៖ «អស់​លោក​អ្នក​មាន​ចិត្ត​សប្បុរស​គួរ​ចំណាយ​ធនធាន​មាន​តម្លៃ ធ្វើ​បុណ្យ​ដាក់​បាត​ទៅ​ដល់​ទីជនបទ ហើយ​អាត្មា​សូម​បិណ្ឌបាត្រ​ដល់​រដ្ឋាភិបាល​ជួយ​សម្រួល​ធ្វើ​ផ្លូវ​ថ្នល់​ឲ្យ​បាន​ដល់​ទីជនបទ​ឆ្ងាយ​ជិត​ឲ្យ​បាន​ច្រើន​ថែម​ទៀត»។ ព្រះតេជគុណ មឿន សុភេក បាន​ស្នើ​ថា៖ «ញាតិញម​គួរ​តែ​ធ្វើ​បុណ្យ​ថ្វាយ​ចង្ហាន់​ឲ្យ​ចំ​កន្លែង​ដែល​ខ្វះខាត​ឲ្យ​បាន​ច្រើន និង​ជួយ​ដល់​មនុស្ស​ដែល​ស្រេកឃ្លាន​ឲ្យ​បាន​ច្រើន​ទើប​ជា​បុណ្យ​ល្អ»។

2.ស្លៀកពាក់​ខុស​ប្រពៃណី ការ​ស្លៀកពាក់​គឺជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល ប៉ុន្តែ ការ​ស្លៀកពាក់​គឺ​ត្រូវ​ធ្វើ​តាម​កាលវេលា កាលៈទេសៈ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ ពិសេស​គឺ​នៅ​ពេល​បុណ្យទាន ឬ​ក្នុង​វត្តអារាម​ដែល​ជា​កន្លែង​សាសនា។ រាល់​ពេល​ភ្ជុំបិណ្ឌ មាន​សាធារណជន​មិន​តិច​ទេ​បាន​រិះគន់​ពី​ការ​ស្លៀកពាក់​មិន​សមរម្យ​របស់​យុវជន​មួយ​ចំនួន​តូច​ដែល​ស្លៀកពាក់​មិន​សមរម្យ​តាម​ប្រពៃណី​សាសនា​នោះ​។ ព្រះតេជគុណ មឿន សុភេក ក៏​បាន​បកស្រាយ​ថា ការ​ស្លៀកពាក់​បែប​នេះ​មិន​មាន​បាប​អ្វី​ទេ តែ​វា​ប៉ះពាល់​ដល់​រូបភាព​សង្គម​ទាំង​មូល ដូច្នេះ​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​វប្បធម៌ គួរ​សហការ​ផ្សព្វផ្សាយ​តាមរយៈ​ក្រសួង​ព័ត៌មាន​ពី​បញ្ហា​ស្លៀកពាក់​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង ហើយ​ម្យ៉ាង​ទៀង​ក្រសួង​ធម្មការ​ក៏​អាច​ជំរុញ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​ទំនៀមទម្លាប់​ស្លៀកពាក់​ក្នុង​ពិធីបុណ្យ​ជាតិ​តាមរយៈ​ការ​ទេសនា​ក៏​បាន។ លោក យឹង យន ដែល​ជា​សិល្បករ​ម្នាក់​បាន​ឲ្យ​ដឹងថា ការ​ស្លៀកពាក់​ចូល​វត្ត​លក្ខណៈ​មិន​សមរម្យ វា​ជា​រូបភាព​បង្អាប់​ដល់​វប្បធម៌​ជាតិ​ខ្មែរ។ លោក​ថា៖ «វត្តអារាម​ជា​កន្លែង​ស្ងប់ស្ងាត់ និង​ជា​ទី​គោរព​សក្ការបូជា មិន​គួរ​ប្រមាថ​ដោយ​ការ​ស្លៀកពាក់​របៀប​ស្រើបស្រាល​នោះ​ទេ»។ លោក បន្តថា បើ​នៅ​ប្រទេស​ថៃ​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចូល​វត្ត​ដោយ​ស្លៀកសម្លៀកបំពាក់​មិន​សមរម្យ​នោះ​ទេ ហើយ​នៅ​តាម​ទីកន្លែង​បូជា​គេ ដូចជា​ព្រះបរមរាជវាំង​នៃ​ប្រទេស​ថៃ គេ​មាន​ដាក់​ជួល ឬ​លក់​សំពត់​អាវ​វែងៗ ដើម្បី​បិទបាំង​ពី​លើ នៅ​ពី​មុខ​ច្រក​ចូល​តែ​ម្តង។

2.សន្តិសុខ និង​សណ្តាប់ធ្នាប់ តាម​វត្តអារាម​មួយ​ចំនួន​ដែល​សម្បូរ​ដោយ​អ្នក​ចូលរួម​ធ្វើ​បុណ្យ តែងតែ​មាន​ឮ​ការ​បាត់​របស់​នេះ​របស់​នោះ ព្រោះ​ថា មនុស្ស​ច្រើន​នា​ពេល​ធ្វើ​បុណ្យ វា​ក្លាយ​ទៅ​ជា​ឱកាស​ដល់​ល្អ​របស់​បុគ្គល​អាក្រក់​មួយ​ចំនួន។ ការ​បាត់បង់​ទ្រព្យសម្បត្តិ​ដូចជា​ស្បែកជើង គ្រឿងអលង្ការ សម្ភារ ទូរស័ព្ទដៃ កង់ ម៉ូតូ កើតឡើង​យ៉ាង​ញឹកញាប់ ហើយ​មិន​ដែល​ខាន​ក្នុង​រដូវ​បុណ្យ ដែល​អាជ្ញាធរ​គប្បី​យក​ចិត្ត​ទុកដាក់។ ពេល​ធ្វើ​បុណ្យ បាត់​របស់ នាំ​ឲ្យ​ចិត្ត​សៅហ្មង បុណ្យ​ក៏​ទទួល​មិន​បាន។ ព្រះតេជគុណ មឿន សុភេក បាន​បកស្រាយ​ថា៖ «តាម​ព្រះពុទ្ធសាសនា បុណ្យ​គឺ​បាន​ដោយសារ​ចិត្ត​ស្ងប់​នឹង​សទ្ធា​ជ្រះថ្លា ផ្តល់​ជូន និង​ទទួល​យក»។ បើ​អ្នក​មក​ធ្វើ​បុណ្យ​ហើយ ជួប​រឿង​មិន​សប្បាយ​ចិត្ត​នឹង​នាំឲ្យ​មាន​បាប​ទៅវិញ។ ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ​ព្រះតេជគុណ មាន​សង្ឃដីកា​ថា៖ «តាម​វត្ត​នីមួយៗ​គួរតែ​មាន​សន្តិសុខ​រៀបចំ​សណ្តាប់ធ្នាប់ ឬ​ក៏​មេភូមិ សង្កាត់ ចាត់ការ​របៀបរៀបរយ​សាធារណៈ តាម​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ បើ​មាន​បញ្ហា​កើតឡើង បើ​អត់ឱនបាន ក៏​អត់​ទៅ តែ​គួរតែ​ប្រយ័ត្ន​ជា​មុន​ទើប​ជា​ការ​ល្អ»។

4.គ្រោះថ្នាក់​ចរាចរណ៍ ពេល​ភ្ជុំបិណ្ឌ​ជា​ថ្ងៃ​សម្រាក ហើយ​វា​ជា​ឱកាស​ដើម្បី​ធ្វើ​បុណ្យ​ផង ជួបជុំ​ក្រុម​គ្រួសារ​ផង និង​សម្រាប់​កម្សាន្ត​ផង​ដែរ​។ ដូច្នេះ​ការ​ក្រេប​សុរា​គឺជា​រឿង​មួយ​ដែល ចៀស​មិន​ផុត​សម្រាប់​មនុស្ស​មួយ​ចំនួន។ ជាក់ស្តែង​រាល់​ពេល​បុណ្យ​ភ្ជុំបិណ្យ​ម្តងៗ​គ្រឿង​ស្រវឹង​លក់​ដាច់​គួរ​ឲ្យ​កត់សម្គាល់ ទន្ទឹម​គ្នា​នេះ​ដែរ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​ការ​កើនឡើង​គួរ​ឲ្យ​យក​ចិត្ត​ទុកដាក់​ផង​ដែរ។ រាល់​ឆ្នាំ​តាម​ព័ត៌មាន​ក្នុង​ស្រុក ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទ្វេដង​នៃ​ថ្ងៃ​ធម្មតា ហើយ​ករណី​ភាគច្រើន​បណ្តាល​មកពី​ស្រវឹង ហើយ​បើកបរ។ និស្សិត​ម្នាក់​នៃ​សាកលវិទ្យាល័យ​កម្ពុជា​មកពី​ខេត្ត​កំពង់ស្ពឺ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ពោល​ថា រូបគេ​តែងតែ​ឃើញ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ពេល​រដូវ​ភ្ជុំបិណ្ឌ ហើយ​យុវជន​នៅ​តាម​ភូមិ​របស់​គាត់​តែងតែ​បបួល​គ្នា​ផឹកស៊ី ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ផង​ដែរ ហើយ​រូប​គាត់​ផ្ទាល់​ក៏​ធ្លាប់​ត្រូវ​អ្នក​បើកបរ​ស្រវឹង​បុក​ម្តង​ដែរ​កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​មុន។ តាម​របាយការណ៍​ផ្តល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ១៧២៧​នាក់​ក្នុង​រយៈពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣ តែ​ទាប​ជាង​ឆ្នាំ​២០១២។ ក្រៅពី​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត គឺ​មាន​អ្នក​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ដល់​ទៅ​៦៤៩០​នាក់​តិច​ជាង​ឆ្នាំ​២០១២ គឺ​៤​ភាគរយ។ របាយការណ៍​ដដែល​បាន​បង្ហាញ​ថា មាន​មនុស្ស​២៤​នាក់​បាន​ស្លាប់ និង​១៦៩​នាក់​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​តែ​៣​ថ្ងៃ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៣។

5.ការ​ឡើង​ថ្លៃ​ទំនិញ ជាទូទៅ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ជប៉ុន ឬ​សហរដ្ឋអាមេរិច ពេល​មាន​កម្មវិធី​បុណ្យ​ជាតិ​ម្តងៗ​ទំនិញ​ភាគច្រើន​នឹង​មាន​លក់​បញ្ចុះ​តម្លៃ។ ដោយឡែក​ប្រទេស​កម្ពុជា​នៅ​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទំនិញ​មួយ​ចំនួន​ស្រាប់តែ​ឡើង​ថ្លៃ។ ទំនិញ​ឡើង​ថ្លៃ​គឺ​កើតឡើង​រាល់​ពេល​មាន​ពិធី​បុណ្យ​ធំៗ​តែ​ម្តង​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​រអ៊ូរទាំ​ផង​ដែរ។ កញ្ញា ច័ន្ទ ដារានី និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ថា កាលណា​តម្រូវការ​កើនឡើង តម្លៃ​នឹង​ត្រូវ​កើនឡើង​ដោយ​ឯកឯង។ ក្នុង​រដូវ​ភ្ជុំ​ប្រជាជន​ភាគច្រើន​ត្រូវការ​ម្ហូបអាហារ​ទ្វេដង​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ និង​ទទួលទាន​ខ្លួន​ឯង ដូចនេះ​ហើយ​អ្នក​ផ្គត់ផ្គង់​មិន​អាច​ផលិត​បាន​គ្រប់​ចំនួន​ត្រូវការ ទើប​តម្លៃ​ទំនិញ​ទាំងនោះ​កើនឡើង​ជា​អន្លើ​គ្រប់​ពេល​បុណ្យទាន។ ដើម្បី​ចៀសវាង​ការ​ឡើង​ថ្លៃ​ទំនិញ កញ្ញា ដារានី ប្រាប់​ថា គេ​ត្រូវ​មាន​វិធានការ​សម្រាប់​បញ្ហា​នេះ​ផង​ដែរ។

6.ជម្លោះ​ក្នុង​ស្រទាប់​យុវវ័យ ការ​ជួបជុំ មាន​ការ​ផឹកស៊ី រាំរែក នៅ​តាម​ភូមិ មួយ​ចំនួន​អាច​បង្ក​ឲ្យ​ទៅ​ជា​ជម្លោះ​ក៏មាន។ យុវជន​វាយប្រតប់​គ្នា​នៅពេល​រាំ​ធុងបាស់​នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ។ អាជ្ញាធរ​ក៏​គួរ​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​ទង្វើ​បែប​នេះ។ យុវជន​ម្នាក់​ឈ្មោះ រី បាន​ប្រាប់​ឲ្យ​ដឹង​ថា ជម្លោះ​ភាគច្រើន​បង្ក​ឡើង​ដោយសារ​ការ​មិន​ចេះ​យោគយល់ សេព​គ្រឿងស្រវឹង និង​មិន​អធ្យាស្រ័យ​គ្នា។ លោក​ថា៖ «ខ្ញុំ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​នឹង​យុវជន​ដទៃ កាលពី​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​បញ្ហា​រាំ​ជាន់​ជើង​គ្នា​បន្តិចបន្តួច ហើយ​ក៏​បណ្តាល​ឲ្យ​មាន​របួស ខ្ញុំ​សោកស្តាយ​ណាស់»។

7.តម្លៃ​នៃ​រថយន្ត​ឈ្នួល​ឡើង​ថ្លៃ ភាគច្រើន​ប្រជាជន​នៅ​ទីក្រុង​ជា​អ្នក​មាន​ស្រុកកំណើត​នៅ​តាម​ខេត្ត​នានា ដូច្នេះ​រាល់​ពេល​បុណ្យ​ទាន​ម្តងៗ​តម្រូវការ​ការ​ដឹកជញ្ជូន​ទៅ​ស្រុកកំណើត​មាន​ការ​កើនឡើង ខណៈ​នេះ​ដែរ​តម្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ​ក៏​កើនឡើង​ដែរ។ កញ្ញា សួន សុគន្ធពិដោរ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ថា នៅ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ តម្លៃ​រថយន្ត​ក្រុង​មាន​ការ​ឡើង​ថ្លៃ។ តម្លៃ​ធម្មតា​ត្រឹមតែ ២៤០០០ រៀល​ប៉ុណ្ណោះ ប៉ុន្តែ នៅពេល​ភ្ជុំបិណ្ឌ​បាន​ឡើង​រហូត​ដល់ ៣២០០០ ទៅ​៣៥០០០ រៀល។ កញ្ញា បាន​បញ្ជាក់​បន្ថែម​ថា ការ​ឡើង​ថ្លៃ​នៃ​រថយន្តក្រុង ឬ​រថយន្តឈ្នួល​បាន​ផ្តល់​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ និស្សិត ព្រម​ទាំង​កម្មករ កម្មការិនី​ជាង​គេ។ កាលពី​ឆ្នាំ​២០១៣​កន្លង យើង​ក៏​ធ្លាប់​ឮ​ពី​ប្រកាស​សារាចរ​ណែនាំ​របស់​សាលាក្រុង​ភ្នំពេញ​ដើម្បី​រក្សា​តម្លៃ​ធ្វើ​ដំណើរ​ឲ្យ​ដូច​ដើម តែ​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឈ្មោះ សិង្ស សីហា ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះសីហនុ​អះអាង​ថា តម្លៃ​សំបុត្រ​ឡើង​ថ្លៃ​ដដែល​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ តែ​សម្រាប់​រូប​គាត់​ដើម្បី​ទៅ​ជួបជុំ​គ្រួសារ គាត់​គ្មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ការ​ទទួល​យក​តំលៃ​ដ៏ថ្លៃ​នៃ​ការ​ដឹក​ជញ្ជូន​តាម​ឡាន​ក្រុង​នៃ​ក្រុមហ៊ុន​មួយ​ដែល​យុវជន​រូប​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ។ បញ្ហា​ទាំងអស់​ខាង​លើ សុទ្ធតែ​ជា​បញ្ហា​ដដែលៗ ដែល​កើតឡើង​ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ អាជ្ញាធរ ក្រសួង មន្ទីរ​ដែល​ពាក់ព័ន្ធ​បាន​ដឹង បាន​ឮ​គ្រប់ៗ​គ្នា។ សំណួរ​សួរ​ថា តើ​គេ​មាន​ដំណោះស្រាយ​យ៉ាង​ដូចម្តេច​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយ​រីករាយ​ក្នុង​ពេល​បុណ្យទាន​ទាំងអស់​គ្នា​ក្នុង​ឆ្នាំ​នេះ?

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com