ភ្នំពេញ ប៉ុស្ដិ៍ | ​៥​ កន្លែង​ដែល​ត្រូវ​ទៅ​នៅ​ខេត្ត​ សៀមរាប

៥​ កន្លែង​ដែល​ត្រូវ​ទៅ​នៅ​ខេត្ត​ សៀមរាប

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
១៨ កុម្ភៈ ២០១៥ | ១៣:១៨

អ្នកយកព័ត៌មាន:
រ៉េត មុនីនាថ

ប្រធានបទផ្សេងៗ

ឆ្លៀត​ឱកាស​ពេល​ព្រលឹម ទៅ​ចាប់​យក​ទស្សនីយភាព​ព្រះអាទិត្យរះ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត និង​មើល​ព្រះអាទិត្យ​លិច​នៅលើ​កំពូល​ភ្នំ​បាក់ខែង ជិះ​កង់​ស្រូប​យក​ខ្យល់​បរិសុទ្ធ​តាម​ដងផ្លូវ​ជិះ​ទៅ​អង្គរ ដែល​អម​ទៅ​ដោយ​ព្រៃឈើ​ដែល​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ លោក​អ្នក​ប្រាកដ​ជា​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ ជាមួយ​នឹង​ភាព​ស្ងប់ស្ងាត់ និង​សុខសាន្ត​បែប​នេះ នៅក្នុង​ទឹកដី​ខេត្ត​សៀមរាប។ ក្រុង​សៀមរាប ដែល​ជា​ឋានសួគ៌​តូចច្រឡឹង​មួយ តែ​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ ដែល​រួមមាន ប្រាសាទ​បុរាណ​រាប់ពាន់ ភ្នំ ទឹកជ្រោះ និង​ប្រជាជន​រាក់ទាក់ បាន​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​រាប់លាន​នាក់ ជា​រៀងរាល់​ឆ្នាំ។ ក្រៅពី​ការ​ដើរ​ទស្សនា​ប្រាសាទ​ទាំង​ក្នុង​វង់​តូច វង់​ធំ បារាយណ៍ ទឹកជ្រោះ​ភ្នំ​បាក់ខែង ។ល។ សៀមរាប មាន​កន្លែង​ទេសចរណ៍​ជាច្រើន​ទៀត​ដែល​អ្នក​មិន​គួរ​ខកខាន​ក្នុង​ការ​ទៅ​ទស្សនា។ សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​នេះ LIFT ណែនាំ​លោក​អ្នក​ទៅកាន់​កន្លែង​ទេសចរណ៍​ពិសេសៗ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប។ ១.ទស្សនីយភាព​ថ្ងៃ​លិច​នៅ​ភូមិ​លិចទឹក ធ្លាប់​តែ​គយគន់​ថ្ងៃ​លិច​នៅ​ភ្នំ​បាក់ខែង​ទស្សនារដ្តី LIFT នឹង​ណែនាំ​កន្លែង​ថ្មី​មួយ ដែល​មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប​ជាង​២០​គម មាន​ឈ្មោះ​ថា ​«កំពង់ភ្លុក» ដែល​អ្នក​ទេសចរ​អាច​ចំណាយ​ពេល​កន្លះ​ថ្ងៃ​ធ្វើ​ដំណើរ និង​ទស្សនា​ថ្ងៃលិច​នៅ​ទី​នោះ​បាន។ បន្ត​ការ​ធ្វើ​ដំណើរ​ដោយ​ទូក​ជាង​ ៣០​ នាទី​ទៀត លោក​អ្នក​នឹង​ទៅ​ដល់​ភូមិ​លិចទឹក​កំពង់ភ្លុក​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​កុះករ មាន​ផ្សារ មាន​សាលារៀន និង​សាលាឃុំ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ យើង​នឹង​ឃើញ​មាន​ទូកក្តោង​ដែល​ជា​យានជំនិះ​ដាក់​ចត​នៅ​ខាង​មុខ​ផ្ទះ​ប្រជាជន​នីមួយៗ​ប្រៀប​បាន​ដូចជា​ម៉ូតូ ឬ​រថយន្ត​អ៊ីចឹង។ នៅពេល​ដែល​ទៅ​ដល់​ភូមិ​នេះ លោកអ្នក​អាច​ជួល​ទូកក្តោង​តូចៗ​ដើម្បី​ជិះ​ទស្សនា​តាម​ផ្លូវ​តូចៗ​នៅក្នុង​ភូមិ និង​ទៅ​កណ្តាល​ទន្លេសាប លោកអ្នក​អាច​ចែវ​ដោយ​ខ្លួនឯង វា​ជា​ការ​ជួយ​គាំទ្រ​ជីវភាព​ប្រជាជន​នៅ​ទី​នោះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ លោក​អ្នក​អាច​ស្រូប​យក​ខ្យល់អាកាស ទស្សនា​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ទទួល​យក​បទពិសោធ​មើល​ថ្ងៃលិច​នៅ​ទន្លេសាប​បាន​ទៀត​ផង​។

២.ជិះ​ខ្សែ​រ៉ក​ក្នុង​ព្រៃ Flight of the gibbon នៅក្នុង​វង់តូច និង​វង់ធំ តើ​លោកអ្នក​មាន​ធ្លាប់​ដើរកម្សាន្ត​ទៅ​ណា​ក្រៅពី​ប្រាសាទ​ទៀត​ទេ? ប្រសិន​បើ​លោក​អ្នក​មិន​ខ្លាច​ខ្ពស់​ហើយ​ចង់​ទទួល​បាន​បទពិសោធ​ជិះ​ខ្សែរ៉ក​ឆ្លងកាត់​ព្រៃ​ស្រោង​ក្នុង​តំបន់​អង្គរ «Flight of the Gibbon Angkor» គឺជា​ជម្រើស​ទី​១​ដែល​លោកអ្នក​គួរ​សាកល្បង។ ស្ថិត​នៅ​លាក់កំបាំង​ពី​ផ្លូវលំ​អង្គរ​ហួស​ប្រាសាទ​តាកែវ​បន្តិច យើង​នឹង​ឃើញ​ស្លាកសញ្ញា​មួយ​បង្ហាញ​ទិសទៅ Flight of the Gibbon Angkor។ ហោះ​ពី​ដើមឈើ​មួយ ទៅ​ដើមឈើ​មួយ ពី​កម្ពស់​ទាប​ទៅ​កម្ពស់​ខ្ពស់ រហូត​ដល់​ដើមឈើ​ដែល​ធំ​ជាង​គេ និង​ខ្ពស់​ជាង​គេ អ្នកទេសចរ​ប្រាកដ​ជា​ទទួល​អារម្មណ៍​រំភើប​ស្រស់ស្រាយ។

៣.ទស្សនីយភាព​សម្តែង​សៀក ហ្វារ (PhareThe Cambodian Circus) ក្រោយពី​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ទេសចរណ៍​ពេញ​មួយ​ថ្ងៃ សៀមរាប​នៅ​តែ​មាន​កន្លែង​ពិសេស​មិន​ចេះ​អស់ សម្រាប់​ផ្ទាំង​ទស្សនីយភាព​ពេល​រាតី្រ យើង សូម​ណែនាំ ការសម្តែង​សៀក​ហ្វារ របស់​យុវជន​កម្ពុជា។ ស្ថិត​នៅ​ក្រោម​តង់​ខ្នាត​ធំ​ពណ៌​ក្រហម​ស្រស់ មាន​ឆាក​សម្តែង​រាង​មូល​នៅ​ចំកណ្តាល រៀបចំ​ទៅ​ដោយ​ឧបករណ៍​ទាំង​ភ្លេងបុរាណ និង​សម័យ ព័ទ្ធជុំវិញ​ទៅ​ដោយ​កៅអី​អង្គុយ​ទស្សនា​រៀប​ជា​ថ្នាក់ៗ​យ៉ាង​មាន​សណ្តាប់ធ្នាប់។ ហ្វារ ​ជា​ប្រភេទ​សៀក​សហសម័យ​ម្យ៉ាង​សម្តែង​ដោយ​យុវជន​ខ្មែរ​ដែល​រួម​បញ្ចូល​ការ​សម្តែង​សៀក ការរាំ និង​ច្រៀង​ទាំង​បែប​បុរាណ និង​ទំនើប​ចូលគ្នា​ជា​សាច់រឿង ស្តែងពី​ជីវភាព​ពិតៗ​របស់​ប្រជាជន​ខ្មែរ​នៅក្នុង​សង្គម។ ហ្វារ​មាន​ទីតាំង​នៅ​ខាង​ក្រោយ​សារមន្ទីរ​សៀមរាប និង​ការ​សម្តែង​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង ចាប់ពី​ម៉ោង​ ៨ ​យប់​ទៅ​ដែល​សាច់រឿង​មាន​ការ​ផ្លាស់ប្តូរ​ជា​រៀងរាល់​យប់។

៤.ភ្លក្ស​អាម៉ុក​នៅ Red Piano បន្ទាប់ពី​ទស្សនា​សៀក​រួច លោក​អ្នក​មិន​គួរ​ភ្លេច​ពី​អាហារ​ពេល​ល្ងាច​នោះ​ទេ។ ក្រុង​សៀមរាប​មាន​ភោជនីយដ្ឋាន​ជាច្រើន មាន​ជម្រើស​ម្ហូប រាប់​តាំងពី​ហាង​តូចៗ​តាម​ដង​ផ្លូវ​ទៅ​ហាង​ទំនើប​ធំៗ តាម​ចំណង់ចំណូល​ចិត្ត។ Red Piano ជា​ភោជនីយដ្ឋាន​មួយ​ស្ថិត​នៅ​កាច់ជ្រុង Pub Street បម្រើ​អាហារ​ទាំង​អាស៊ី និង​អឺរ៉ុប​មាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ ហើយ​អ្វី​ដែល​សំខាន់​នោះ​លោកអ្នក​សាក​ភ្លក្ស​អាម៉ុក​ត្រី​នៅ​ទី​នោះ​បាន។ លក្ខណ​ពិសេស​របស់​ «Red Piano»​ គឺ​សុទ្ធសឹង​តែ​គ្រប់ម្ហូប​ទាំងអស់​មាន​លាយ​ជាមួយ​ខ្ទិះដូង ដែល​ជួយ​បន្ថែម​រសជាតិ​មួយ​កម្រិត​ទៀត។ ជញ្ជាំង​ពណ៌​ក្រហម តុបតែង​ជាមួយ​គ្រឿងសង្ហារិម​ពណ៌​ស និង​ខ្មៅ បូករួម​ជាមួយ​ពន្លឺ​អំពូល​ក្រហម បង្កើត​នូវ​បរិយាកាស​រ៉ូមែនទិក​សម្រាប់​ការ​ជួបជុំ​គ្រួសារ ឬ​មិត្តភក្តិ​ជា​ក្រុម។

៥.ផ្សារ​រាត្រី និង​Pub Street ជឿជាក់​ថា មិត្ត​អ្នកអាន​ទាំងអស់​គ្នា​មិន​ដែល​ខកខាន​ទៅ​កម្សាន្ត​នៅ​ផ្សារ​រាត្រី និង​Pub Street នោះ​ទេ​រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​សៀមរាប យើង សូមណែនាំ​កន្លែង​ពីរ​ដែល​ត្រូវតែ​ទៅ​នៅពេល​ដែល​ទៅ​ដល់​ទី​នោះ។ ទី​១​គឺ​ទៅ​ម៉ាស្សា​ជើង​នៅក្នុង​ផ្សាររាត្រី ដើម្បី​បំបាត់​ការ​នឿយហត់​មួយ​ថ្ងៃ​ពេញ ដើរ​ទស្សនា​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង និង​ទុក​ជា​កាដូ​សម្រាប់​ខ្លួនឯង ហើយ​លោកអ្នក​អាច​សម្រាក និង​ជជែក​លេង​ជាមួយ​អ្នក​ម៉ាស្សា ដែល​ភាគច្រើន​ជា​ប្រជាជន​សៀមរាប​តែ​ម្តង។

ទី​២ គឺ​ទៅ​កម្សាន្ត​នៅ​អាសនៈ (The Wooden House Pub)។ សម្រាប់​អ្នក​ដែល​ចង់​ផ្លាស់ប្តូរ​បរិយាកាស ចង់​ស្តាប់​ភ្លេង ជជែក​គ្នា​លេង អាសនៈ​ជា​ជម្រើស​មួយ​ក្នុង​ចំណោម Pub​ជាច្រើន​នៅ​ម្តុំ Pub Street។ ស្ថិត​នៅ​ខាង​ក្រោយ​បារ៍ Temple អាសនៈ ជា​ផ្ទះ​ឈើ​យ៉ាង​ប្រណីត​មួយ មាន​ពីរ​ជាន់ តុបតែង​លក្ខណៈ​បុរាណ មាន​គ្រែ អង្រឹង និង​សាឡុង ដែល​មាន​ខ្នើយ​គ្របដណ្តប់​ដោយ​កំណាត់​ប៉ាក់ អម​ជាមួយ​បទភ្លេង Jazz យ៉ាង​ពីរោះ​រណ្តំ៕
អត្ថបទ និង​រូបភាព​ដោយ រ៉េត មុនីនាថ

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com