ភ្នំពេញៈ មន្ត្រី​នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង ​កម្រិត​ថ្នាក់​ដឹកនាំ​ចំនួន​៥រូប​បន្ថែមទៀត​ ត្រូវ​បាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​(KOICA)​ អញ្ជើញ​ឱ្យ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ សម្រាប់​អ្នក​គ្រប់​គ្រង ​នៅ​សាធារ​ណ​រដ្ឋ​កូរ៉េ ​(កូរ៉េ​ខាង​ត្បូង) ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ចំណេះដឹង ​និង​ជំនាញ​គ្រប់គ្រង​ទាក់ទង​នឹង​ការកសាង​សមត្ថភាព​ សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ ​និង​ការបង្កើត​ផែនការ​មេ​។

កម្ម​វិធី​បណ្តុះបណ្តាល​ ដែល​មាន​ឈ្មោះ​ «កម្មវិធី​បណ្តុះបណ្តាល​ការអញ្ជើញ​អ្នក​គ្រប់គ្រង» ​នេះ​ស្ថិត​ក្នុង​ «គម្រោង​ការកសាង​សមត្ថភាព​ សម្រាប់​មជ្ឈមណ្ឌល​ត្រចៀក ​ច្រមុះ ​បំពង់ក ​(ENT) ​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង​»។ សិក្ខាកាម​ទាំង ​៥ ​រូប​ នឹង​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​ចាប់​ពី​ថ្ងៃ​ទី ២១ ​ដល់​ថ្ងៃ​ទី ២៧ ​ខែកញ្ញា ​ឆ្នាំ ២០២២។

ដើម្បី​ជួយសម្រួល​ដល់​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ ការិយាល័យ ​(KOICA ​ឬ​កយកា) ​ប្រចាំ​កម្ពុជា​ បាន​ផ្តល់​កម្មវិធី​តម្រង់​ទិស​មុន​ពេល​ចេញ​ដំណើរ​ សម្រាប់​សិក្ខាកាម​ទាំងអស់​ នៅ​ថ្ងៃ​ទី ១៩ ​ខែកញ្ញា ​ឆ្នាំ ២០២២ ​ផង​ដែរ​ ដើម្បី​សម្រួល​ដល់​ការចូលរួម​របស់​សិក្ខា​កាម​កម្ពុជា ​បាន​ស្គាល់​ពី​វប្បធម៌​កូរ៉េ​ និង​ផ្តល់​ប្រធានបទ​ចាំ​បាច់​សំខាន់ៗ​ស្តីពី​ «ព័ត៌មាន​អំ​ពី​ប្រទេស​កូរ៉េ ​ព័ត៌មាន​វគ្គ​សិក្សា ​និង​ក្រម​សីលធម៌​ស្តី​អំពី​សុចរិតភាព ​និង​ការចៀស​វាង​ការបៀត​បៀន​ផ្លូវភេទ ​សម្រាប់​សិក្ខាកាម​ជា​ដើម»។​​

លោក ​គីម ខ្វាងវុក ​(Kim Kwang Wook) ​អនុប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិ​បត្តិការ​អន្តរជាតិ​កូរ៉េ ​(កយកា) ​ប្រចាំ​ការិយា​ល័យ​ប្រទេស​កម្ពុជា ​បានចូលរួម​ និង​អបអរសាទរ​ចំពោះ​វេជ្ជបណ្ឌិត ​និង​គិលានុបដ្ឋាក​ គិលានុបដ្ឋាយិកា​កម្ពុជា។​ លោក​ក៏បានស្នើ​ឱ្យ​អ្នកចូល​រួម​ ដែល​ទទួល​បាន​ឱកាស​ដ៏ល្អ​នេះ ​សិក្សា​ស្វែង​យល់​ពី​ការអភិវឌ្ឍ​ប្រទេស​កូរ៉េ ​អំឡុង​ពេល​ស្នាក់​នៅ​សាធារណរដ្ឋ​កូរ៉េ ​ និង​ពេល​ត្រឡប់​មក​វិញ ​សូម​ចែករំលែក​បទពិសោធ​ទៅ​គិលានុបដ្ឋាក​/យិកា ​ក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក​ ហ៊ត ស្រ៊ឺ ​អ្នកឯកទេស​កម្មវិធី​ជាន់ខ្ពស់ ​និង​លោក ​ហា ជុនស៊ឹង ​អ្នក​ជំនាញ​វ័យ​ក្មេង​នៃ​ការិយាល័យ​ កយកា ​ប្រចាំ​កម្ពុជា​បាន​ធ្វើ​បទបង្ហាញ​ ដោយ​សង្ខេប​ អំពី​ប្រធានបទ​ទាក់ទង​ទៅ​នឹង​កម្មវិធី​តម្រង់​ទិសមុន​ពេលចេញ​ដំណើរ ​ដែលបាន​លើកឡើង​ខាង​លើ។

បុគ្គលិក​គ្រប់គ្រង​ចំនួន​ ៥ រូប​ ពី​មន្ទីរពេទ្យ​ព្រះអង្គឌួង​នោះ ​ត្រូវបាន​បង្ហាញ​ឈ្មោះ​ម្នាក់ ​គឺ ​លោក​ លូ ​លីឃាង ​ជា​នាយក​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ​និងជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល ​នឹង​ចូល​រួម​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​នោះ​ ដែល​ខណៈ​នេះ​គឺ​ជា​វគ្គ​បណ្តុះ​បណ្តាល​ចុង​ក្រោយ ​សម្រាប់​គម្រោង​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង។

ក្នុង​ឆ្នាំនេះ​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA) ​ធ្លាប់​អញ្ជើញ​វេជ្ជបណ្ឌិត​ ៦ រូប ​ពី​មន្ទីរ​ពេទ្យ​ព្រះអង្គឌួង ​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​ «កម្មវិធី​បណ្តុះ​បណ្តាល​សម្រាប់​វេជ្ជបណ្ឌិត» ​នៅ​សាធារណរដ្ឋ​កូរ៉េ ​កាលពី​ថ្ងៃទី ១១ ​ដល់​ទី ៣១ ​ខែឧសភា ​ឆ្នាំ ២០២២ ​រយៈពេល ​២១ ថ្ងៃ។ ​វេជ្ជបណ្ឌិត​៣​រូប​ កាលពី​ថ្ងៃទី ១១ ​ខែឧសភា​ ដល់​ថ្ងៃទី ៩ ​ខែមិថុនា ​ឆ្នាំ ២០២២​ រយៈ​ពេល ៣០ ​ថ្ងៃ​។

កយកា ​ក៏​អញ្ជើញ​វេជ្ជបណ្ឌិត ​១ រូប​បន្ថែម ​និង​គិលានុបដ្ឋាក​-យិកា ​៧ រូប ​ពី​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង ​ទៅ​បន្ត​ការសិក្សា​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ ក្នុង ​«កម្មវិធី​បណ្តុះ​បណ្តាល ​សម្រាប់​គិលានុបដ្ឋាក​-យិកា»​ កាល​ពី​ថ្ងៃ​ទី ១០​ ដល់​ទី​ ២៣ ​ខែកក្កដា ​ឆ្នាំ ២០២២ ​រយៈពេល​ ១៤​ ថ្ងៃ៕​