​ព្រះសីហនុៈ អគារ​ចំនួន​​ ៥ ដែល​បាន​ជាប់គាំង រួមមាន​គម្រោង​អគារ​ស្នាក់នៅ​រួម គម្រោង​សណ្ឋាគារ និង​គម្រោង​អគារ​ការិយាល័យ ត្រូវបាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ ឯកភាព​ជាគោលការណ៍ ផ្ដល់​ការលើកទឹកចិត្ត​ពិសេស ព្រមទាំង​ផ្តល់​ការសម្របសម្រួល​នីតិវិធី ដើម្បី​បើកផ្លូវ​ឱ្យ​គម្រោង​ទាំងនេះ​ដំណើរការ​សាងសង់ ​និង​ចាប់ផ្ដើម​ដំណើរការ​សកម្ម​ភាព​វិនិយោគ និង​ធុរកិច្ច​ក្នុង​ឆ្នាំ​ ២០២៤​។​

​ការផ្ដល់​គោលការណ៍​លើកទឹកចិត្ត​ពិសេស​នេះ​ត្រូវបាន​ឯក​ភាព​នៅក្នុង​កិច្ចប្រជុំ ពិភាក្សា​លើ​ការស្នើ​ការលើកទឹកចិត្ត​របស់​វិស័យ​ឯកជន ក្រោម​វិសាលភាព «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិ​និ​យោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​ ២០២៤» របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ១២ ខែមីនា​។ កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ហ៊ាន សា​ហ៊ី​ប ប្រធាន​ក្រុម​ការ​ងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​​ព្រះសីហនុ និង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ដែល​តំណាងឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។ នេះ​បើ​យោងតាម​ការជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ 

ក្នុង​កិច្ចប្រជុំ​នេះ ក្រុមការងារ​បាន​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ ៥ ដែលជា​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​អគារ ជាប់គាំង​ក្នុងនោះ​វិស័យ​ឯកជន ក៏បាន​ស្នើសុំ​ការ​សម្រប​​សម្រួល ឬ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ការលើកទឹកចិត្ត​ពិសេស និង​ការសម្រួល​នីតិវិធី​។ គម្រោង​ទាំង​ ៥ ​នោះ​រួមមាន ទី​១. គ​ម្រា​ង​អគារ​កា​រិ​យា​ល័យ ស្ថិតនៅ​ភូមិ​ ៦ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​ ទី​២. គ​ម្រា​ង​អគារ​ស្នាក់នៅ​រួម (​ខុន​ដូ​) ស្ថិតនៅ​ភូមិ​ ១ សង្កាត់​លេខ​ ៣ ទី​៣. គ​ម្រា​ង​អគារ​ស្នាក់នៅ​រួម ស្ថិតនៅ​ភូមិ​ ២ សង្កាត់​លេខ ​២ និង​ទី​៤. គ​ម្រា​ង​អគារ​ស្នាក់នៅ​រួម ស្ថិតនៅ​ភូមិ​ ៣ សង្កាត់​លេខ​ ៤ និង​ទី​៥. គ​ម្រា​ង​អគារ​សណ្ឋាគារ ស្ថិតនៅ​ភូមិ​ ១ សង្កាត់​លេខ ​២ ក្រុងព្រះសីហនុ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា​៖ «​ជារួម​ក្រុមការងារ​បាន​ឯកភាព​ជាគោលការណ៍ ផ្តល់​ការលើកទឹកចិត្ត​ការសម្រួល​នីតិ​វិធី និង​ការសម្របសម្រួល​ដោះ​ស្រាយ​វិវាទ ជូន​វិស័យ​ឯកជន ដើម្បី​បញ្ចប់​ការសាងសង់ ការ​អនុវត្ត​គម្រោង និង​ការចាប់ផ្តើម​ដំណើរការ​ធុរកិច្ច​ក្នុង​ឆ្នាំ​ ២០២៤​។ ជាមួយគ្នានេះ ក្រុមការងារ​នឹង​បន្ត​ផ្តល់​ការសម្របសម្រួល និង​ជំរុញ​ការអនុវត្ត​គម្រោង​ទាំង​ ៥ ដោយ​រលូន​»​។​

​បើតាម​ប្រភព​ខាងលើ កិច្ចការ​បន្តបន្ទាប់​ទៀត ក្រុមការងារ បាននិងកំពុង​ទទួល និង​ពិនិត្យ​ពាក្យ​​ស្នើ​នានា ដើម្បី​បង្ក​បរិយាកាស​វិនិយោគ​ឱ្យបាន​ល្អប្រសើរ ព្រម​ទាំង​កំពុង​ពិនិត្យ​លើ​ការអនុវត្ត​​វិធានការ​ផ្សេងទៀត ដែល​បាន​ដាក់ចេញ​ក្នុង​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤​។​

​លោក​ ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ខែមីនា​ថា កន្លងមក​ក្រុមការងារ​ដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង បានធ្វើការ​វាយ​តម្លៃ ធ្វើការ​កំណត់​អត្តសញ្ញាណ​អគារ​ជាប់គាំង ក៏ដូចជា​ផ្ដល់​ជាគោលការណ៍​លើកទឹកចិត្ត ចំពោះ​សំណើ​របស់​អ្នកវិនិយោគ​។ កិច្ចការងារ​នេះ​កំពុងដំណើរការ​គួរ​ជាទី​មោទន ពីព្រោះ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​សាធារណជន និង​ពី​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ ដើម្បី​ទទួលយក​កញ្ចប់​ពិសេស​នេះ​ក្នុង​ឆ្នាំ​ ២០២៤​។​

​លោក​ថ្លែងថា​៖ «​មកដល់ពេលនេះ ក្រុមការងារ​យើង​បានធ្វើការ​សិក្សា​គម្រោង​ចំនួន​ ៥ ​ហើយ ក្នុងនោះ​មាន​គម្រោង​ចំនួន​ ២ បានផ្ដល់​ជាគោលការណ៍​លើក​ទឹក​ចិត្ត​ហើយ​។ ដូច្នេះ​នៅសល់តែ​ដំ​​ណើ​រការ​ការងារ​ឯកសារ ត​ទៅមុខទៀត​សម្រាប់​សំណើ​របស់​ពួកគាត់​»​។

លោក​បន្តទៀតថា គម្រោង​ចំនួន ​២ ដែល​ក្រុមការងារ​បាន​ពិនិត្យ និង​សម្រេច​លើ​ការ​ផ្តល់​ជាគោលការណ៍​លើក​ទឹក​​ចិត្ត​នេះ វា​គឺជា​គម្រោង​រមណីយ​​ដ្ឋា​ន​ទេសចរណ៍ និង​អគារ​សហ​កម្មសិទ្ធិ ដែលជា​អគារ​ស្នាក់នៅ​រួម​។ ទន្ទឹមនេះ ក្រុមការងារ​នឹង​បន្ត​លើកទឹកចិត្ត​ឱ្យ​ធុរជន និង​វិនិយោគិន ដែលមាន​បំណង​ទទួលបាន «​អត្ថប្រយោជន៍​ពិសេស​» សូម​មក​ដាក់ពាក្យ​ឬ​ស្នើ​មក​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​​ព្រះសីហនុ ដើម្បី​ក្រុមការងារ​ពិនិត្យ​វាយតម្លៃ និង​ផ្តល់​ការអនុម័ត​។​

​កាលពី​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ ២០២៣ ក្រុមការងារ​ជំរុញ​ការ​​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ​«​ការផ្តល់​អត្ថប្រយោជន៍​ពិសេស​ជូន​វិនិយោគិន និង​ធុរជន​» ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ពន្យល់​ច្បាស់ និង​ត្រឹមត្រូវ​អំពី​កម្មវិធី​ពិសេស​លើកទឹកចិត្ត និង​ជំរុញ​វិនិយោគិន និង​ធុ​រ​ជន​ដាក់ពាក្យ​ស្នើ និង​រៀបចំ​ជំនួប​ធុរកិច្ច សម្រាប់​ការទទួល​​បាន​អត្ថប្រយោជន៍​ពិសេស​។​

​លោក​ ហ៊ាន សា​ហ៊ី​ប បាន​មានប្រសាសន៍ថា កម្មវិធី​ពិសេស​ដើម្បី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ មាន​វិសាលភាព​គ្របដណ្តប់​លើ​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច ដែល​ស្នើសុំ និង​អនុវត្ត​ក្នុង​ឆ្នាំ ​២០២៤ ដោយ​ផ្តោតលើ​គម្រោង​ ៣ ​ប្រភេទ​។​

​គម្រោង​ទាំងនោះ​រួមមាន ១ គម្រោង​វិនិយោគ​ ឬ​សកម្មភាព​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​អគារ​ដែល​ជាប់គាំង​សាងសង់​មិនទាន់រួច​។ ២ ​គម្រោង​វិនិយោគ​ឬ​សកម្មភាព​ធុរកិច្ច​ដែល​មិន​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង​ និង ​៣ ការពង្រីក​គម្រោង​វិនិយោគ​ឬ​សកម្មភាព​ធុរកិច្ច​ដែលមាន​ស្រាប់​ស្របតាម​លក្ខណៈ​វិ​និ​ច្ឆ័​យ​ជាក់លាក់​៕