​ភ្នំពេញៈ ​លោកស្រី ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន ម៉ាណែ​ត បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យចូល​រួម​ទស្សនាការ​តាំងពិព័រណ៍​ហូល​ពិតាន​នៅ​សារមន្ទីរ​ជាតិ ដើម្បី​ចូលរួម​ជួយ​ថែរក្សា​ប្រពៃណី និង​វប្បធម៌​ខ្មែរ ខណៈ​ការ​ពិព័រណ៍​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដាក់តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី ​២១ ខែមីនា ដល់​ថ្ងៃទី ​២១ ខែមិថុនា ឆ្នាំ​ ២០២៤​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅពេល​លោកស្រី​ចូល​ទស្សនា​ពិព័រណ៍​មិន​អចិ​ន្រៃ្ដ​យ៍​ស្តីពី «​ហូល​ពិតាន ការវិវឌ្ឍ និង​បញ្ហា​ប្រឈម​» នៅ​សារមន្ទីរ​ជាតិ នា​រសៀល​ថ្ងៃទី ​២៣ ខែមីនា ឆ្នាំ​ ២០២៤​។​លោកស្រី ពេ​ជ ចន្ទ​មុ​នី្ន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​លោកស្រី​នៅ​ថ្ងៃទី​ ២៣ ខែមីនា ថា​៖ «​សូម​បងប្អូន​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍​ហូល​ពិតាន​នៅ​សារមន្ទីរ​ជាតិ​របស់​យើង​។ យើង​រួមគ្នា​ជួយ​ថែរក្សា​ប្រពៃណី​និង​វប្បធម៌​ខ្មែរ​យើង​»​។​

​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បានលើកឡើង​ឱ្យដឹង​ដែរ​ថា​ «​ហូល​ពិតាន​» ​គឺជា​ហូល​មាន​លក្ខណពិសេស​ជាង​ហូល​ដទៃទៀត ក៏​ព្រោះតែ​អ្នក​តម្បាញ បាន​ត្បាញ​រំលេច​ជា​ខ្សែ​រឿង​ព្រះពុទ្ធសាសនា ដោយមាន​គោម​ក្បាច់លម្អ​ពិសេសៗ​។​

​ពិព័រណ៍​មិន​អចិ​ន្រៃ្ដ​យ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន​បន្ថែម​ស្ដីពី​សមុច្ច័យ​តម្បាញ​ហូល​ពិតាន​របស់​សារមន្ទីរ​ជាតិ​ និង​ផ្តល់​សារ​ជូន​សាធារណជន ពី​ការព្រួយបារម្ភ​របស់​សិ​ប្បករ​តម្បាញ​លើ​ហានិភ័យ​នៃ​ការបាត់បង់​ការផលិត​ហូល​ពិតាន​តាមបែប​ប្រពៃណី​ខ្មែរ និង​ក៏​បង្ហាញ​ពី​បរិបទ​នៃ​ការផ្លាស់ប្តូរ​ក្នុងសង្គម​ខ្មែរលើ​តម្រូវការ​ហូល​ពិតាន ព្រមទាំង​ចរន្ត​នៃ​ការផលិត​ហូល​ពិតាន​ប្រើប្រាស់​នានា​ពេលបច្ចុប្បន្ន​។​

​សូមបញ្ជាក់ថា ពិព័រណ៍​ហូល​ពិតាន​លើក​នេះ ​គឺជា​លើក​ទី ​៤ ហើយ ដែល​លើក​ទី​១ ​បានរៀបចំ​ឡើង​នៅ​ឆ្នាំ​ ២០១០, លើក​ទី​២ ​នៅ​ឆ្នាំ ​២០១២ និង​លើក​ទី៣ ​នៅ​ឆ្នាំ​ ២០១៦​។ សម្រាប់​ឆ្នាំនេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​សារមន្ទីរ​បានជ្រើសរើស​ហូល​ពិតាន​ចំនួន ១៧ ​មក​តាំង​បង្ហាញ ចាប់ផ្តើម​ពីថ្ងៃ​ទី ​២១ ខែមីនា ដល់​ថ្ងៃទី​ ២១ ខែមិថុនា ខាងមុខ​។ ពិព័រណ៍​នេះ​ធ្វើឡើង​ក៏​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​ ១០៤ ​ឆ្នាំ​នៃ​ការបង្កើត​សារមន្ទីរ​ជាតិ​កម្ពុជា​ផងដែរ​។​

​កាលពី​ថ្ងៃទី​ ២១ ខែមីនា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​បើកសម្ពោធ​ពិព័រណ៍​នេះ​។ យោងតាម​ប្រភព​ដដែល​បានលើកឡើង​ដែរ​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាននិងកំពុង​បណ្តុះបណ្តាល​ជំនាញ​ដូនតា​ជំហាន​ទី​១ ដល់​យុ​វជ​ចំនួន​ ៣០០​ នាក់​នៅតាម​បណ្តា​រាជធានី ខេត្ត​ទាំង ​៨ ជាមួយនឹង ​១២ ​ជំនាញ ដោយ​រាប់បញ្ចូល​ទាំង​តម្បាញ​សូត្រ​ផង​។​

​ក្នុងនោះ​ក្រសួង​វប្បធម៌ ដែលមាន​នាយកដ្ឋាន​សារមន្ទីរ​ជា​សេនាធិការ ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជនជាតិ និង​អន្តរ​ជាតិ​ក្នុង​ការជួយ​បន្ត​ឧបត្ថម្ភ​សមុច្ច័យ​អំពី​សូត្រ​មកកាន់​សារមន្ទីរ​បន្ថែមទៀត​។​​

លោក​ ឈ​ត ប៊ុន​ថង ជាម​ន្ដ្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ ខែមីនា​ដែរ​ថា លោក​គាំទ្រ​ការ​អំពាវនាវ​នេះ ព្រោះ​វា​ជា​កម្លាំង​អូសទាញ​មួយ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឱ្យ​ងាក​មក​ផ្ដល់​តម្លៃ​លើ​វប្បធម៌​និង​ប្រពៃណី ព្រមទាំង​ទំនៀមទម្លាប់​របស់ខ្លួន​។​

​លោក​បាន​បញ្ជាក់ថា ការអំពាវនាវ​របស់​ភរិយា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​នេះ គឺជា​គំរូ​មួយ​ដ៏​ល្អ ប៉ុន្តែ​មិនមែន​សម្រាប់​ភរិយា​ទី​១​ របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នោះទេ  តែ​ថ្នាក់ដឹកនាំ​ប្រទេស​ផ្សេងទៀត​ក៏​អាចធ្វើ​និង​យក​ជា​គំរូ​បាន​ផងដែរ ខណៈ​ការថែរក្សា​ប្រពៃណី និង​វប្បធម៌​របស់​ខ្មែរ​នេះ គឺជា​តួនាទី​របស់​ពលរដ្ឋ​ទាំងអស់គ្នា​។​

​លោក​ថា​៖ «​រឿង​ការចូលរួម​វប្បធម៌ និង​ប្រពៃណី​នេះ មិនអាច​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ម្នាក់​ ឬ​ ២​ នាក់​ទេ លុះត្រាតែ​មានការ​ចូលរួម​គំនិត​ផ្តួចផ្តើម​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​កំពូល ហើយ​ថ្នាក់ដឹកនាំ​ក្រោមៗ​ និង​ប្រជាពលរដ្ឋ​ចូលរួម​ផងដែរ បើ​មិន​ដូច្នោះ​ទេ​យើង​មិនអាច​ថែរក្សា​បានទេ​ហើយក៏​មិនមែន​តែ​វិស័យ​វប្បធម៌​ដែរ​គឺ​គ្រប់​ការងារ​ទាំងអស់​»៕