​ភ្នំពេញៈ សត្វ​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​សរុប​ចំនួន ​១៩៦ ​ក្បាល​ ហើយ​ត្រូវបាន​លែង​ចូលក្នុង​ទីជម្រក​សុវត្ថិភាព ក្នុង​ធម្មជាតិ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ តាមរយៈ​គម្រោង​អភិរក្ស​ក្រពើ​ភ្នំ​។ នេះ​បើ​យោងតាម​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា​។​

​គម្រោង​អភិរក្ស​ក្រពើ​ភ្នំ ដែលជា​គម្រោង​ស្ថិតក្រោម​កិច្ច​សហ​​ប្រតិបត្តិការ​រវាងរ​ដ្ឋ​បាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​សត្វ​​ព្រៃ និង​រុក្ខជាតិ​កម្ពុជា ​(Fauna & Flora-Cambodia Programme)​ តាំងពី​ឆ្នាំ​ ២០០១ មក​នោះបាន​បង្កាត់​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​បាន​ប្រមាណ​ជាង ​៣០០​ ក្បាល​ មកហើយ​ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មកនេះ​។​

​តំណាង​ពី​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែមីនា​នេះ​ថា​៖ «​បច្ចុប្បន្ននេះ មាន​ក្រពើ​ភ្នំ​ប្រមាណ​ជាង​ ៤០០ ​ក្បាល ​កំពុង​រស់នៅ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​យើង​។ ភាគ​​ច្រើន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។ បើ​រួមបញ្ចូល​ក្រពើ​ភ្នំ ដែល​បាន​លែង​ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា តាំងពី​ឆ្នាំ​ ២០១១​ មក ចំនួន​ក្រពើ​ភ្នំ​នៅក្នុង​ធម្មជាតិ​មានការ​កើនឡើង​»​។

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ចំនួន​ក្រពើ​ភ្នំ​នៅក្នុង​ធម្ម​ជាតិ នៅតាម​តំបន់​ដែល​ត្រូវបាន​ការពារ​យ៉ាង​តឹងរ៉ឹង​នោះ គឺ​ស្ថិតនៅក្នុង​រង្វង់​មួយ​ថេរ​។ មូលហេតុ​គឺ​ដោយសារតែ ការ​បន្ត​ពូជ​នៅមានកម្រិត​ទាប​បំផុត ដោយសារ​ក្រពើ​ភ្នំ​មាន​ចំនួន​តិចតួច នៅ​ឆ្ងាយ​ពីគ្នា តំបន់​ដែល​អាចមាន​លទ្ធភាព​បន្ត​ពូជ​បាន​មាន​តិចតួច​បំផុត ដែលមាន​តែ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ទីជម្រក​ក្រពើ​ភ្នំ​ក៏មាន​ការរំខាន​ច្រើន ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​នៅក្បែរ​តំបន់ ដែលមាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​។​

​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា​ក្រោម​កិច្ចសហការ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អនុវត្ត​កម្មវិធី​បង្កើន​ចំនួន​ក្រពើ​ភ្នំ​ក្នុង​ធម្មជាតិ​តំបន់​ជួរ​ភ្នំក្រវាញ​តាមរយៈ​ការ​​បង្កាត់ ភ្ញាស់ ចិញ្ចឹម និង​លែង​ចូលទៅ​ទីជម្រក​ធម្មជាតិ​នូវ​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​។

​កាលពី​សប្តាហ៍​មុន សត្វ​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ចំនួន ​៥០​ ក្បាល​ត្រូវបាន​លែង ដើម្បី​រក្សា និង​បង្កើន​ចំនួន​ក្រពើ​ភ្នំ​ពូជ​សុទ្ធ កុំឱ្យ​ផុត​ពូជ​ពី​ធម្មជាតិ​។ កម្មវិធី​លែង​នេះ​ក៏មាន​ការចូលរួម និង​គាំទ្រ​ពី​លោក​ឌិ​ត ទីណា រដ្ឋ​​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ និង​ថ្នាក់​ដឹក​​នាំ​ក្រសួង​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ Pablo Sinovas នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​​មា​ញ់ និង​នេសាទ ពី​គម្រោង​អភិរក្ស​ក្រពើ​ភ្នំ​នេះ និង​គម្រោង​សំខាន់ៗ​ដទៃទៀត​ដែល​អង្គ​​ការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា ​(Fauna & Flora-Cambodia Programme)​ កំពុង​អនុវត្ត ក៏ដូចជា​បង្ហាញ​អំពី​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល និង​អង្គការ​ផងដែរ​។ នេះ​បើ​យោងតាម​អង្គការ​សត្វ​​ព្រៃ និង​រុក្ខជាតិ​កម្ពុជា​។​

ក​ម្ម​វិធី​បង្កាត់​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ក្នុង​គោល​បំណង​បង្កើន​ចំនួន​សត្វ​ប្រភេទ​នេះ​នៅក្នុង​ធម្មជាតិ​៕