ភ្នំពេញ​: នៅ​ក្នុង​ព្រឹត្តិ​ការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ​នៅ​សារ​មន្ទីរ​សេដ្ឋ​កិច្ច ​និង​រូបិយ​វត្ថុព្រះ​ស្រី​ឦ​សាន​វរ្ម័ន (​ស​.​ស​.​រ​)​ ក្នុង​រាជ​ធានី​ភ្នំពេញ​គំនូរ​ដ៏​កម្រ​មួយ​ក្នុង​ទស​វត្សរ៍​ឆ្នាំ ១៩៦០​ របស់​វិចិត្រ​ករ​ខ្មែរ​ដ៏​ល្បី​ឈ្មោះ ​ញឹក​ ឌឹម​ ត្រូវ​បាន​បរិច្ចាគ​ជា​ផ្លូវ​ការ​ដោយ​ក្រុម​គ្រួសារ​របស់​អតីត​ទូត​អូ​ស្ត្រាលី ​Robert Merrillees​នៅ​ថ្ងៃទី ​២៥ ​ខែមីនា​ នៅ​សា​រមន្ទីរ​ ស​.​ស​.​រ​។​

​នៅ​ក្នុង​ឱកាស​ដ៏​មាន​ន័យ​នេះ ​លោក​ស្រី ជា សិរី ​អគ្គ​ទេសាភិ​បាល​ធនា​គា​រ​ជាតិ​នៃ​កម្ពុជា ​លោក ​Justin Whyatt​ ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រា​លី​ប្រចាំ​នៅ​កម្ពុជា​និង​តំណាង​គ្រួសារ​លោក Merrillees បាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​នេះ​។​

​ផ្ទាំង​គំនូរ​ដែល​បង្ហាញ​យ៉ាង​រស់​រវើក​នៃ​ទេស​ភាព​ជ​នបទ​នៃ​ប្រទេស​កម្ពុជា​ផ្ដោត​លើ​ការ​រស់​នៅ​ប្រ​ជាជន​តាម​បែប​ប្រពៃ​ណី​ ជា​មួយ​នឹង​ទេស​ភាព​ត្រូពិក​ដ៏​ខៀវ​ស្រងាត់​ និង​ផ្ទះ​ឈើ​ប្រណីត​។ 

​គំនូរ​ដ៏​ស្អាត​ប្លែក​នេះទ​ទួល​បាន​នៅ​ពាក់​កណ្តាល​ទស​វត្សរ៍​ឆ្នាំ​ ១៩៦០ ​ដោយ​លោក ​Robert Merrillees​ និង​ភរិយា​របស់​លោក​គឺ​លោក​ស្រី ​Helen ​ក្នុង​អំឡុង​អាណត្តិ​ការទូត​របស់​លោក​នៅ​កម្ពុជា​ដែល​បង្ហាញ​ពី​ទិដ្ឋ​ភាព​បែប​ជន​បទ​នៃ​ប្រទេស​កម្ពុជា​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុ​វិស័យ​សិល្បៈ​ខុស​ប្លែក​ពី​គេ​របស់​លោក ​ញឹក ឌឹ​ម ។ 

​បន្ទាប់​ពី​បាន​ខិតខំ​ប្រឹង​ប្រែង​ស្តារ​ឡើង​វិញ​ដោយ​ចិត្ត​សប្បុ​រស​គ្រួសារ​លោក ​Merrillees បានស​ម្រេច​ចិត្ត​បរិច្ចាគ​ស្នាដៃ​ដ៏​កម្រ​នេះ​មក​កាន់​សារ​មន្ទី​រ ស​.​ស​.​រ ដោយ​ធានា​នូវ​ការ​អភិរ​ក្ស និង​ឱកាស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​អាច​ទស្សនា​បាន​។ ហេតុ​នេះ ​គំនូរ​នេះ​នឹង​ត្រូវបា​ន​បញ្ចូល​ទៅ​ក្នុង​សមុច្ច័យ​របស់​សារ‍​មន្ទីរ ស​.​ស​.​រ ។​

​សហ​ប្រធាន​សារ​មន្ទីរ ស​.​ស​.​រ គឺ​លោក​ ប្លែស ​គី​លី​យ៉ង់ ​បាន​សម្តែង​ការ​កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អំណោយ​ដ៏​ថ្លៃ​ថ្លា​នេះ​។​

​លោក​បាន​ថ្លែង​ថា​៖ «​ស្នាដៃ​របស់​លោក ​ញឹក ឌឹ​ម គឺ​ជា​ការឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​វប្បធ​ម៌ និង​សិល្បៈ​ដ៏​រស់​រវើក ​ដែល​រីក​ដុះ​ដាល​ក្នុង​អំឡុង​ពេល​ក្រោយ​ទទួល​បាន​ឯករាជ្យ ​មុនពេ​ល​ប្រទេស​ត្រូវបា​ន​បំផ្លាញ​ដោយ​សង្គ្រាម ​និង​ក្នុង​របប​ខ្មែរ​ក្រហម​»​។ 

​លោក​បាន​បន្ដ​ថា​៖ «​ការ​បរិច្ចាគ​នេះកាន់​តែមាន​អត្ថ​ន័យ ព្រោះ​សារ​មន្ទីរ​ទើបតែ​បាន​សម្ពោធ​ផ្នែក​នៃ​ពិព័​រណ៍​អ​ចិន្ត្រៃយ៍​ដែល​ទើប​បាន​កែល​ម្អ គឺ​សម័យ​ឯក​រាជ្យ ​សា​ធារណ​រដ្ឋ​ខ្មែរ និង​របប​ខ្មែ​រក្រហម ​ដោយ​មាន​ការ​ពិពណ៌​នា​បន្ថែម​អំពី​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​សង្គម​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ​»​។​

​អ្នក​ស្រី ​Dolla S. Merrillees​ ជា​កូន​ស្រី​លោក ​Robert Merrillees ​និង​ជា​តំណាង​គ្រួសារ​ បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​វប្ប​ធម៌ ​និង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​បរិច្ចាគ​នេះ​។​

​អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «​យើង​ខ្ញុំ​ពិតជា​​រំភើប​ណាស់ដែល​បាន​ប្រគល់​គំនូរ​នេះ​ គូរ​ដោយ​វិចិត្រករ​ខ្មែរ​ដ៏​ល្បី​ល្បាញ គឺ​លោក​ ញឹក ឌឹម​ ជូន​ប្រជា​ជន​ខ្មែរ​។គំនូរ​នេះ​ទទួល​បាន​ដោយ​ឪពុក​ម្តាយ​ខ្ញុំ​ផ្ទាល់​ពី​វិចិត្រករ​នៅ​ចុង​ទស​វត្សរ៍​ឆ្នាំ​ ១៩៦០​ វា​ជា​កម្ម​សិទ្ធិ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ជាមួយ​នឹង​រូប​គំនូរ​ដែល​គាត់​បាន​គូរ​ពី​គ្រួសារ​របស់​យើង​។ ដោយ​សារ​ស្នាដៃ​របស់គា​ត់​ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ​ដោយ​របប ប៉ុល ​ពត ​យើង​ខ្ញុំ​សង្ឃឹម​ថា ​គំនូរ​នេះ​នឹង​ផ្ដល់​ភាព​រីក​រាយ​ដល់​មនុស្ស​ជំនាន់​ក្រោយ​»​។​

​លោក ​ញឹក ឌឹម ​កើត​ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​រាប ​ឃុំ​រាប ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង ក្នុង​ឆ្នាំ ១៩៣៤ ​បាន​ក្លាយ​ជា​បុគ្គល​លេច​ធ្លោ​ក្នុង​សិល្បៈ​ខ្មែរ​ជា​មួយ​នឹង​ស្នាដៃ​សិល្បៈ​បែប​ទំនើប​នៃ​ទេស​ភាព​ប្រពៃ​ណី ​និង​ជីវភាព​ប្រចាំ​ថ្ងៃ​។​

​ស្នាដៃ​របស់លោ​កភាគច្រើ​ន​ជា​គំនូរ​ពណ៌​ប្រេង និ​ង​ពណ៌​ទឹក ​តំណាង​ឱ្យ​ស្ពាន​រវាង​បេតិក​ភណ្ឌ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ​និង​ការ​បង្ហាញ​សិល្បៈ​សម័យ​ទំនើប​។​

​ជីវិត ​និង​អាជីព​របស់លោក ញឹក ឌឹម ​ត្រូវ​បាន​បញ្ចប់​ភ្លាមៗ​ដោយ​ខ្មែរ​ក្រហម​ដែល​ធ្វើ​ឱ្យ​ស្នាដៃ​របស់​លោក​នៅរស់​រាន​មាន​ជីវិត ជា​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​។ ​រចនា​ប័ទ្ម​សិល្បៈ​របស់ ​ញឹក ​ឌឹម ​ត្រូវ​បាន​គេទ​ទួលស្គាល់​ថា​ មាន​ភាព​ខុស​ប្លែក​គ្នា និង​ការ​ប្រើ​ប្រាស់​ពណ៌​ដិតៗ​។ 

​ស្នា​ដៃ​របស់​លោក​រមែង​បង្ហាញ​ពី​ទេសភា​ព​ប្រពៃ​ណី​ខ្មែរ​ តំបន់​ទេស​ចរណ៍​ដូចជា​​អង្គរ​ និង​ទឹ​កឈូ ​ខេត្ត​កំពត​ និង​ជន​ជាតិ​ខ្មែរ ​និង​ជន​ជាតិ​ដើម​។​

​ការ​ប្រគល់​ផ្ទាំង​គំនូរ​របស់​លោក​ ញឹក ឌឹ​ម ទៅ​កាន់​សារម​ន្ទីរ ស​.​ស​.​រ គឺជា​ឱកាស​នៃ​ការប្រារឰ​ពិធី​និង​ការ​បង្ហាញ​​ពី​អតីត​កាល​។​ការ​បរិច្ចាគ​នេះ​រំឭក​ពី​វប្ប​ធម៌​របស់​ប្រទេស​កម្ពុជា ​ឆ្លង​កាត់​អតីត​កាល​និង​បច្ចុប្បន្ន​ហើយ​ធានា​នូវ​កេរ​ដំណែល​របស់​លោក ​ញឹក ឌឹម ​និង​យុគ​សម័យ​ដែល​លោក​រះ​ត្រចះ​ត្រចង់​៕