ក្រុមហ៊ុន អេ​ជី អេ​ហ្គ្រី​ប៊ី​ហ្ស​នេស អេ​ស៊ា (​ខេ​ម​បូ​ឌា​)​ស្ថិតនៅ​ភូមិ​ជា​ស្មន់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​សម្ពោធ​ជា​ផ្លូវការ នូវ​កសិដ្ឋាន​ដំណាំ​ពោត​ដែលមាន​ផ្ទៃដី​ប្រមាណ ១០០០ ហិកតា​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៤​។ 

​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្តសៀមរាប បាន​សាទរ​ចំពោះ ក្រុមហ៊ុន អេ​ជី អេ​ហ្គ្រី​ប៊ី​ហ្ស​នេស​អេ​ស៊ា ដែល​បានជ្រើសរើស​យក​ខេត្តសៀមរាប សម្រាប់​ការវិនិយោគ​ដាំ​ដំណាំ​ពោត​លើ​ផ្ទៃដី​ប្រមាណ​១០០០​ហិកតា ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​រដ្ឋបាលខេត្ត​ស​រៀម​រាប​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ ២០២៤​។ 

​លោក​បាន​ថ្លែងថា​៖«​តាមរយៈ​ការវិនិយោគ​នេះ រដ្ឋបាលខេត្ត សង្ឃឹមថា​ក្រុមហ៊ុន​នឹង​បន្ត​បង្កើន​នូវ​ការវិនិយោគ​បន្ថែមទៀត​នៅ​ប្រទេស​កម្ពុជា ពិសេស​ខេត្តសៀមរាប ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍ និង​រួមចំណែក​បង្កើន​ការងារ និង​មុខរបរ​ដល់​ប្រជាពលរដ្ឋ​»​។​

លោក អ៊ឹង គឹម​លាង បាន​បន្តថា វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​លើ​ក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​នៅ​តំបន់​ជនបទ​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​វិស័យ​កសិកម្ម​។ 

​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក៏ដូចជា រដ្ឋបាល​ខេត្តសៀមរាប បានកំណត់​អាទិភាព​ខ្ពស់​ទៅលើ​ការវិនិយោគ លើ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ខេត្ត​ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​លើ​ការពង្រីក​សក្តានុពល បង្កើន​មុខរបរ បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​ផ្តោតទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ការកែច្នៃ​ដំណាំ​កសិឧស្សាហកម្ម​ជាដើម ដើម្បី​ភ្ជាប់​ជាមួយនឹង​សក្តានុពល​របស់​ខេត្ត​ដែលមាន​ស្រាប់ ហើយ​នេះ​ជា​ឱកាសល្អ​ដែល​ខេត្តសៀមរាប​ទទួលបាន​នូវ​ការវិនិយោគ​ពី​ក្រុមហ៊ុន​នេះ​។ 

​លោក អ៊ឹង គឹម​លាង បាន​បន្ថែមថា​៖«​តាមរយៈ​នៃ​ការដាក់​ទុក​វិនិយោគ​នេះ រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​បាន​ស្រូបយក​កម្លាំង​ពលកម្ម ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ពិសេស​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ទាំងនេះ​ពិតជា​បានរួម​ចំណែក​ក្នុងការ​បង្កើន​នូវ​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ ហើយ​ពិតជា​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​»​។​

​លោក Benjamine Bootle​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន អេ​ជី អេ​ហ្គ្រី​ប៊ី​ហ្ស​នេស អេ​ស៊ា​ក៏បាន​លើកឡើង​ដែរ​ថា គោលដៅ​ស្នូល​ដ៏​សំខាន់​របស់​ក្រុមហ៊ុន គឺ​ការនាំមក​នូវ​កសិកម្ម​បែប​ទំនើប​វៃឆ្លាត​សម្រាប់​កសិករ និង​សហគមន៍​ទូទាំងប្រទេស ដែលជា​បច្ចេកវិទ្យា​ទំនើប​ពុំ​ធ្លាប់មាន​ក្នុង​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា ជាមួយ​ការប្តេជ្ញាចិត្ត​ក្នុងការ​ប្រើប្រាស់​ថាមពល​នៃ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​បដិវត្តន៍​ការអនុវត្ត​កសិកម្ម និង​ជួយ​សម្រួល​ប្រាក់ចំណូល​របស់​កសិក​រ ក៏ដូចជា​ការរួមបញ្ចូល​នៃ​កសិកម្ម​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ធនធាន និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ។ 

​លោក​ថា កសិដ្ឋាន​មាន​បច្ចេកទេស​កសិកម្ម​ច្បាស់លាស់ ជាមួយ​ប្រព័ន្ធធារាសាស្ត្រ​កម្រិត​ខ្ពស់ និង​មានការ​កែច្នៃ​ទឹក ប្រកបដោយ​ស្មារតី​ច្នៃប្រឌិត និង​វឌ្ឍនភាព​។ ការវិនិយោគ​របស់​ក្រុមហ៊ុន នឹង​បង្កើត​ឱកាស​ការងារ​ថ្មី​សម្រាប់​ទាំង​ស្ត្រី​និង​បុរស​នៅក្នុង​វិស័យ​កសិកម្ម ជាមួយនឹង​ការរីកចម្រើន​នៅក្នុង​ឧស្សាហកម្ម​ដែល​កំពុង​វិ​វ​ឌ្ឍ​ទៅមុខ​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ណែនាំ​បង្ហាញផ្លូវ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​អោយមាន​អ្នកជំនាញ​ខាង​វិស័យ​កសិកម្ម​ច្បាស់លាស់​។​

​លោក BenjamineBootle​ បាន​ថ្លែងថា​៖«​នា​ថ្ងៃ​អនាគត ក្រុមហ៊ុន​យើង​ចង់ឃើញ​តំបន់​នេះ​ពោរពេញ ទៅដោយ ដំណាំ​ចម្រុះ រួមមាន កប្បាស សណ្តែកសៀង គ្រាប់​ធញ្ញជាតិ និង​ស្រូវ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ដោយ​ដំណាំ​ទាំងនេះ​មិន ត្រឹមតែ​រក្សា ស្ថិរភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ជាការ​រួមចំណែក​ដល់​និរន្តរភាព​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា និង​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​ដល់​អ្នកជំនាន់ក្រោយ​ផងដែរ​»៕