ភ្នំពេញៈ​ ក្រសួង​បរិ​ស្ថានបាន​អំពាវ​នាវ​ដល់​គ្រប់​ភាគី​ទាំង​អស់​ឱ្យ​ចូល​រួម​ថែរ​ក្សា​ភាព​ស្អាត កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​ក និង​ទុក​ដាក់​សំរាម ​សំណល់​រឹង​នៅ​ទីប្រជុំ​ជន​ឱ្យ​បាន​ត្រឹម​ត្រូវ ​ក្នុងឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ​។​

​យោង​តាម​សេចក្តី​អំពា​វនាវកាល​ពី​ថ្ងៃទី​ ២៧ ​ខែមីនា ឆ្នាំ​ ២០២៤ ​បាន​លើក​ឡើង​ថា ក្រសួង​បរិស្ថាន​សូម​កោត​សរសើរ​ជូន​ចំពោះ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ប្រមាណ​៧,២​លាន​អង្គ​/​នាក់ ​ដែល​បាន​ចូល​រួម​ដោយ​ស្ម័គ្រចិ​ត្ត ​ក្នុង​យុទ្ធនា​ការ​កាត់ប​ន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​កក្រោម​ប្រធាន​បទ «​ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដែល​បាន​ក្លាយ​ជា​ចលនា​នៃ​ភាព​ស្អាត​ និង​បា​នធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​បរិ​ស្ថាន​ស្អាត​ទូទាំង​ប្រទេស​គួរ​ជាទី​មោទ​នៈ​។​

​ទន្ទឹម​គ្នានេះ​​នេះដែរ ​ក្នុង​ឱកាស​ពិធីបុ​ណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ​ក្រសួង​បរិស្ថាន​ សូម​អំពាវ​នាវ​ដល់​សា​ធារណ​ជន និង​គ្រប់​ភាគី​ទាំងអ​ស់បន្ត​ចូល​រួម​ជា​មួយ​ក្រសួង​បរិស្ថានក្នុង​កិច្ច​ការពារ​ថែ​រក្សា​បរិ​ស្ថាន​ស្អាត​ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​។ 

​ដោយ​ក្រសួង​បាន​បញ្ជាក់​ថា​៖ «​ការ​រួម​ចំណែក​ក្នុង​ចលនា​នៃ​ភាព​ស្អាត​នឹង​ធ្វើ​ឱ្យ​បរិស្ថាន​ស្អាត​គ្មាន​សំរាម សំណល់​ប្លា​ស្ទិ​ក នៅ​តាម​ទី​កម្សាន្ត ទី​រមណីយ​ដ្ឋាន និង​ភូមិ​ឋាន​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ​ទីតាំង​អាជីវក​ម្ម ​និង​សេវា​កម្ម​ទាំង​អស់ដែល​នឹង​ផ្តល់ភាព​រីក​រាយ​ និង​សុខុ​មាល​ភាពនា​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​»​។​

​ក្នុង​ន័យ​នេះដែរ​ ក្រសួង​បរិស្ថាន​បាន​អំពាវនា​វ​ដល់​ប​ង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ឱ្យ​បន្ត​ចូលរួម​ក្នុង​ចលនា​ស្អាត ដោយ​បោស​សម្អាត​សំរាម​ សំណល់​រឹង​តាម​មុខ​លំនៅ​ឋាន​ និង​យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម​នៅ​តាម​ទីសា​ធារណៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ធ្វើការ​ទុកដា​ក់និង​វេច​ខ្ចប់​សំរាម​ សំណល់​រឹង​ឱ្យបាន​ត្រឹម​ត្រូវ​ហើយ​រង់ចាំ​បញ្ចេញ​សំណល់​តាម​ការណែ​នាំ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ដោយ​មិន​ត្រូវ​ចោល​សំរាម ​សំណល់​រឹងចូល​ក្នុង​ប្រភព​ទឹក​នានា ឬ​ដុត​នៅ​តាម​ទីសា​ធា​រណៈ​ឡើយ​។ 

​ក្រសួង​បរិស្ថាន​សង្ឃឹម​ថា បង​ប្អូន​ប្រជាព​លរ​ដ្ឋ​ ភ្ញៀវ​ជាតិ ​អន្តរជា​តិ ​ម្ចាស់​អាជីវ​កម្ម​ និងសេវា​កម្ម​ទាំង​អស់ នឹង​ចូល​រួម​ជា​មួយ​ក្រសួង​បរិស្ថាន​តាម​ការ​អំពាវ​នាវ​នេះ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូ​វ​ខ្ពស់​ក្នុង​មនោ​សញ្ចេត​នា​ស្រឡាញ់ ​និង​ថែរក្សា​បរិ​ស្ថាន​កម្ពុជា​។​

​ជុំវិញ​ការ​អំពាវនា​វ​នេះ​ដែរ​លោក​ ស៊ា សុផល ​ប្រធាន​អង្គ​ការ​មូល​និធិ​ទំពាំង​ស្នង​ឫស្សី បា​នឱ្យដឹ​ងថា ​លោក​បាន​ដឹក​នាំ​សហគ​មន៍​ចំនួន​៤ដែលមា​ន​ជាង​២០​ភូមិ​ ចូល​រួម​ធ្វើ​សកម្ម​ភាព​ក្នុង​យុទ្ធ​នាការ​សម្អាត​សំរាម​ប្លា​ស្ទិក​នៅ​បឹង​ទន្លេ​សាប​ចាប់​តាំង​ពី​ឆ្នាំ ​២០១៨​ មក​ម្ល៉េះ​។​

លោក ​សុ​ផល បាន​បន្ត​ថា​៖ «​ការអំពា​វនា​វឱ្យ​រួមគ្នា​កាត់ប​ន្ថយ​ការប្រើប្រា​ស់​ថង់​ប្លា​ស្ទិ​ករ​បស់​ក្រសួង​នា​ពេល​នេះ ​គឺ​បង្ហាញ​ពី​ការគាំទ្រ​​ចលនា​យុទ្ធនា​ការ​​របស់​សហ​គម​ន៍​ក្នុង​យុទ្ធ​នាការ​សម្អាត​សំរាម​ប្លា​ស្ទិ​កនៅ​បឹង​ទន្លេ​សាប ពិសេស​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប​ផង​ដែរ​»​។ 

​បន្ថែម​ពីនេះ​ លោក​រំពឹងថា​ កា​រអំពា​វនាវ​របស់​ក្រសួង​នឹង​ជំរុញ​ឱ្យ​សហគម​ន៍និង​គ្រប់ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់​កាន់តែ​មាន​ម្ចាស់កា​រ​ក្នុងការ​ចូល​រួម​សម្អាត​បរិស្ថាន​កាន់​តែ​ទូលំទូ​លាយ​ ពិ​សេស​ឈាន​ទៅ​កាត់ប​ន្ថយ​សំរាម​ប្លា​ស្ទិ​កនៅ​កម្ពុជា​បាន​កាន់​តែ​ប្រសើរ​ថែមទៀ​ត​។​ យ៉ាងណា​មិ​ញ ​លោក​ក៏​ជំ​រុញ​ឱ្យ​ទាំងអស់​គ្នា​​ចូលរួម​ថែរក្សា​ភាព​ស្អាត​ កាត់​បន្ថ​យ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក និង​ទុក​ដាក់​សំរាម​ សំណល់​រឹង​ឱ្យ​បាន​ជា​រៀងរ​ហូត​ មិន​មែន​ត្រឹម​តែ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ​ទេ​។​

​ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ភាព​ស្អាត និង​កាត់ប​ន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក​នេះដែរ ក្នុង​ជំនួ​ប​ពិភា​ក្សា​ការងា​រ​ជាមួយ​​អ្នកជំ​នា​ញ​របស់​​ក្រុម​ហ៊ុនអ៊ី​ន​ត្រា​កូ ហូ​លឌី​ង (INTRACO Holding) នៃ​ប្រទេស​វៀតណា​ម កា​លថ្ងៃទី​ ២៦ ខែ​មីនា លោក ​អ៊ាង សុ​ផល្លែត ​រដ្ឋមន្ត្រី​ក្រសួ​ងបរិស្ថាន​ក៏បាន​ប្រកាស​គាំទ្រ​កា​រវិនិ​យោគ​កា​បូន​ឆ្ពោះទៅ​​ភាព​ស្អាត​ដើម្បី​រួម​ចំណែ​ក​ក្នុង​ការ​វិនិ​យោគ​កាបូន​ឆ្ពោះ​ទៅ​ភាព​ស្អាត​លើដី ក្នុ​ង​ទឹក ​និង​អាកាស​ ពិសេស​សំដៅ​ទទួល​បាន​ភាព​ស្អាត​ជំរុញ​ដល់​ពាណិជ្ជ​កម្ម​កាបូន ៤១,​៧​ ភា​គរ​យ​នៅ​ឆ្នាំ ២០៣០ ​ផង​ដែរ​៕