ភ្នំពេញៈ កម្ពុជា និងអូស្រ្តាលីបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ឱ្យបានល្អប្រសើរក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃនិងនគរបាលសហព័ន្ធអូស្រ្តាលីលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រត់ពន្ធមនុស្ស គ្រឿងញៀននិងអំពើឆបោកតាមប្រព័ន្ធអ៊ិនធឺណិត។
លោក ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកJustin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានជួបពិភាក្សាគ្នាពីបញ្ហានេះ កាលពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៅលើហ្វេសប៊ុក។
ប្រភពដដែលគូសបញ្ជាក់ថា៖«ឯកឧត្ដមឯកអគ្គរាជទូត និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលីលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរនិងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើសបច្ចេកវិទ្យាដូចជាអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបទល្មើសសេដ្ឋកិច្ចនិងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅតាមព្រំដែនដែលភាគីកម្ពុជានិងអូស្រ្តាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ»។
លោកឧបនាយករដ្ឋមន្រ្តីបានបង្ហាញក្ដីសង្ឃឹថា តាមរយៈបេសកកម្មនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ននិងតទៅអនាគតនិងជឿជាក់ថាភាគីអូស្រ្តាលីនឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេសសម្ភារនិងការបណ្តុះបណ្តាលផ្សេងៗដល់មន្រ្តីអនុវត្តន៍ច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
បន្ថែមពីនេះ លោកថ្លែងអំណរគុណ និងថ្លែងស្វាគមន៍ចំពោះឯកអគ្គរាជទូតអូស្រ្តាលី និងសហការី ដោយបានចាត់ទុកជំនួបនាឱកាសនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកស សុខាក៏បានចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលីនៅទីក្រុងមែលប៊នកាលពីដើមខែមីនាឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀតនិងទ្វេភាគីផ្សេងៗទៀតដែលមានការអញ្ជើញចូលរួមពីលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យផងដែរ។
ពាក់ព័ន្ធបញ្ហាគ្រឿងញៀននិងអំពើជួញដូរមនុស្សនេះដែរលោក អំសំអាតនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូធ្លាប់បានប្រាប់ថាបញ្ហាទាំងនេះនៅតែជាចំណុចមួយដែលគួរឱ្យព្រួយបារម្ភនៅឡើយសម្រាប់កម្ពុជាបើទោះបីកន្លងមកឃើញមានការបង្ក្រាបបានច្រើនករណីក៏ដោយ។
លោកថា៖«ដែលចំណុចនេះទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបណ្តាប្រទេសនានាដើម្បីទប់លំហូរចូលទាំងគ្រឿងញៀននិងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន»៕