​ខ្ញុំបាទ​ឈ្មោះ​ រិ​ទ្ធ រស្មី​កា​ណាន់​។ ខ្ញុំ​ជា​អ្នក​ហាត់​ការ នៅ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ផ្នែក​ព័ត៌មាន និង​ឌីជីថល​។ ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​១ ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារគមនាគមន៍ (DMC) នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ ​និង​សូម​អរគុណ​សម្រាប់​ការផ្តល់​ឱកាស​ឱ្យ​ខ្ញុំ ធ្វើការ​ហាត់​ការ​នៅ​ស្ថាប័ន​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​។ ខ្ញុំ​តែងមាន​ក្តី​ស្រមៃ​ចង់​ហាត់​ធ្វើការ​នៅទីនេះ ពីព្រោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​បោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស​មាន​វ័យ​ចំណាស់​ជាងគេ​។ ស្ថាប័ន​នេះ​ក៏​ទទួលបាន​រង្វាន់ មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ដោយសារ​សមិទ្ធផល​ជាច្រើន​របស់ខ្លួន​និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​កាសែត​មានកំណត់​ត្រា​ក្នុងប្រទេស​កម្ពុជា​។

​ចាប់តាំងពី​ខ្ញុំ​នៅ​វ័យ​កុមារ​មក​គ្រួ​សារ​របស់ខ្ញុំ​តែងតែ​អាន​កាសែត​នេះ​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​ទម្លាប់​ក្នុង​ការអាន​កាសែត​ផងដែរ​។ ខ្ញុំ​មានការ​កោតសរសើរ​ចំពោះ​អត្ថបទ​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ប្រកបដោយ​ក្រមសីលធម៌ និង​មាន​ភាពត្រឹមត្រូវ​ច្បាស់លាស់​ជានិច្ច​។​

​ខ្ញុំ​ក៏​ជា​និស្សិត​ឆ្នាំ​ទី​​១ ​នៅ​សាកល​​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ផងដែរ (PPIU) ដោយ​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កំ​ព្យូ​ទ័​រ ​(Computer Science)​។ ខ្ញុំ​ពិតជា​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​ឌីជីថល ពី​ព្រោះតែ​ខ្ញុំ​បានកត់សម្គាល់​ការរីក​ចម្រើន​យ៉ាងខ្លាំង​នៃ​វិស័យនេះ​ទូទាំង​ពិភពលោក​។ ខ្ញុំ​ក៏​ចាប់យក​វិស័យនេះ ជា​អាជីព​របស់ខ្ញុំ​ផ្ទាល់​។​

​សិស្ស​ច្បង​របស់ខ្ញុំ​ជាច្រើន​ដែល​រៀន​នៅ DMC ក៏​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​នៅ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍​ ផងដែរ​។ ដូច​ទៅនឹង​ពួកគាត់​ទាំងអស់​ដែរ ខ្ញុំ​ក៏​ទទួលបាន​នូវ​ជំនាញ​ផ្សេងៗ និង​ការ​​បណ្តុះបណ្តាល​ជាច្រើន​ពី​បងៗ​ដែល​ធ្វើការ​នៅ​ទីនោះ​ដែល​ពួកគាត់​មាន​វិជ្ជា​​ជីវៈ និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផ្នែក​សារព័ត៌មាន​។ ពេល​ចូល​ការិយាល័យ​ដំបូង ខ្ញុំ​ក៏មាន​អារម្មណ៍​ភិតភ័យ​បន្តិច​បន្តួច ពីព្រោះ​នេះ​ជា​លើកដំបូង​របស់ខ្ញុំ ក៏ប៉ុន្តែ​បងៗ​ដែល​ធ្វើការ​នៅ​ទីនោះ​មានការ​ទទួល​រាក់ទាក់​និង​ស្វាគមន៍​ជាខ្លាំង​។ 

​បន្ទាប់ពី​ទទួលបាន​ការពន្យល់​ណែនាំ​ពី​ពួកគាត់​ហើយ ខ្ញុំ​មានការ​យល់ដឹង​ច្រើន​អំពី​ការស្រាវជ្រាវ ការសរសេរ​អត្ថបទ​ជំនាញ​ឌីជីថល ការយល់ដឹង​អំពី​អក្ខរកម្ម​ព័ត៌មាន និង​បែបបទ​ក្រមសីលធម៌​ផ្សេងៗ​។ ជំនាញ​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ដែលជា​និស្សិត ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់​លាស់​មុនពេល​ធ្វើការ​បោះពុម្ពផ្សាយ​អ្វីមួយ​ហើយ​ការយល់ដឹង​អំពី​របៀប​ធ្វើការ ស្រាវជ្រាវ​ហ្មត់ចត់​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ពាក់ព័ន្ធ និង​សំខាន់​ផ្សេងៗ​។ ក្តី​រំពឹងទុក​របស់ខ្ញុំ មុនពេល​ចាប់ផ្តើម​ទទួល​ការហាត់​ការ គឺ​បានសម្រេច​បន្ទាប់ពី​ខ្ញុំ​បាន​ចំណាយពេល​ទទួល​ការបណ្តុះបណ្តាល​ពី​ពួកគាត់​។​

​ក្រៅពីនេះ ខ្ញុំ​កត់សម្គាល់ថា កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌  ព័ត៌មាន​ពិត អព្យាក្រឹត និង​ជា​គំរូ​នៃ​ស្ថា​ប័ន​ព័ត៌មាន​ចាប់តាំងពី​ការបោះពុម្ពផ្សាយ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩២​។ កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ​បាន​បោះពុម្ព​ព័ត៌មាន​ស៊ីជម្រៅ បទសម្ភាសន៍ បទ​យកការណ៍ និង​ព័ត៌មាន​ទាន់​ហេតុការណ៍​ជាដើម​។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ដើរតួនាទី​ជា​កន្លែង​ផ្តល់​ការ បណ្តុះបណ្តាល​សម្រាប់​អ្នកសារព័ត៌មាន​ក្នុងប្រទេស និង​អន្តរជាតិ​ផងដែរ​។​

​ការបោះពុម្ពផ្សាយ​អាច​ត្រូវបាន​គេ​យកមកប្រើ​ជា​ឯកសារយោង ឬ​ជា​ទឡ្ហីករណ៍​ផងដែរ​។ ស្ថាប័ន​ព័ត៌មាន​នេះ​បោះពុម្ពផ្សាយ​ភាសា​ខ្មែរ និង​អង់​​គ្លេ​ស​ដែល​ត្រូវបាន​យក​ជា​មូលដ្ឋាន​សម្រាប់​ជា​គ្រឿង​ឧបទេស​បង្រៀន​។ សំខាន់​ជាងនេះទៀត​នោះ​គឺ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ដើរតួនាទី​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម ការអភិរក្ស​ធនធាន​ជាតិ និង​វប្បធម៌​ជាដើម​។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អាច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភ្នែក​​ច្រមុះ​ឱ្យ​ពិភពលោក​មើលឃើញ​ស្ថាន​ភាព​ពិត​របស់​កម្ពុជា ហើយ​កម្ពុជា​មើលឃើញ​ព្រឹត្តិការណ៍​វិវឌ្ឍន៍​ថ្មីៗ​របស់​ពិភព​លោក​មកវិញ​ផងដែរ​៕