លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការ​ចាប់​យក​នវានុវត្តន៍​ឌីជីថល ប៉ុន្តែ​លោក​ក៏បាន​បង្ហាញ​ផងដែរ​នូវ​​បញ្ហាប្រឈម​នានា​ដែល​​កម្ពុជា​និង​តំបន់​អាស៊ាន​កំពុង​ជួប​ប្រទះ ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​កិច្ច សម្រាប់​អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) នៅ​ទីក្រុង បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី២២ ខែ​មេសា​នេះ លោក​នាយរដ្ឋមន្ត្រី​បាន​បញ្ជាក់​​អំពី​សារៈសំខាន់​នៃ​នវានុវត្តន៍​ឌីជីថល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បរិយាប័ន និង​ភាពធន់ ជាពិសេស ​ក្នុង​ការ​ដោះស្រាយ​ភាព​មិន​ស្មើ​គ្នា​ដែល​បង្ក​ដោយ​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ ក៏ដូចជា​ការ​ឆ្លើយតប​ទាន់ពេល​វេលា​ទៅលើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «តាម​រយៈការ​ប្រើប្រាស់​បច្ចេក​វិទ្យា យើង​អាច​បង្រួម​គម្លាត​ក្នុងការ​ទទួល​បាន​ឱកាស​និង​សេវា​សំខាន់ៗ។ ម្យ៉ាងទៀត វា​ជួយ​ឲ្យ​យើង​អាច​ចែក​រំលែក​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​ដោយ​ស្មើភាពគ្នា»។

លោក​បន្ត​ថា៖ «មិនខុស​ពី​ប្រទេស​ដទៃ​ទៀត​ទេ កម្ពុជា​ចាត់ទុក​បច្ចេកវិទ្យា​ឌីជីថល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ក្នុង​បរិបទ​ឧស្សាហកម្ម​៤.០»។

លោក​ក៏បាន​គូស​បញ្ជាក់​អំពី​អាទិភាព​ចំនួន​ ៥ ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី៧​នេះ ដូចមាន​ចែង​នៅក្នុង​​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដែល​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

លោក ហ៊ុន ម៉ាណែត ក៏បាន​លើក​ឡើង​អំពី​ការ​អនុវត្ត​គោលនយោបាយ​នានា​របស់​កម្ពុជា​ពាក់​ព័ន្ធ​ទៅនឹង​បច្ចេកវិទ្យា​ ដូចជា​សេដ្ឋកិច្ច​ឌីជីថល រដ្ឋាភិបាល​ឌីជីថល ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​គោលនយោបាយ​ជាតិ​ស្ដីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ផងដែរ។

លោក​ថ្លែង​ថា៖ «ក្នុង​បរិបទសកល​និង​តំបន់ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​តាម​រយៈ​របៀបវារៈ​គោលនយោបាយ​ឌីជីថល​របស់​ខ្លួន​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ឌីជីថល​សកល​និង​តំបន់ រួមមាន​ផែនការមេ​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៥ និង យុទ្ធសាស្ត្រ​ឌីជីថល​របស់​អង្គការ​សហប្រជាជាតិ​ ២០២២-២០២៥»។ 

កម្ពុជា​ក៏ចូលរួម​យ៉ាង​សកម្មផងដែរ​នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ឌីជីថល​នានា​ ជាពិសេស​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល (DEFA) ក្នុង​តំបន់​អាស៊ាន។​ លោកថា ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រីក​ទំហំ​សេដ្ឋកិច្ចឌីជីថល​អាស៊ាន​ពី​ ១លាន​លាន​ដុល្លារ (ទ្រីលាន) ដល់ ២លាន​លាន ​(ទ្រីលាន)​ដុល្លារនៅឆ្នាំ​២០៣០។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ត្រី។

ទោះបីជា​លោក​ទទួល​ស្គាល់​ថា កម្ពុជា​ក៏ដូចជា​តំបន់​អាស៊ីប៉ាស៊ីហ្វិក​មាន​ការរីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​ការ​ធ្វើ​ឌីជីថលូបនីយកម្ម​ក៏ដោយ លោក​មើល​ឃើញ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ។

លោក​លើកឡើង​ដូច្នេះ​ថា៖ «យ៉ាងណា​ក៏ដោយ យើង​បន្ត​ជួប​បញ្ហា​ប្រឈម​ខ្លះ រួមមាន​គម្លាត​ផ្នែកឌីជីថល​រវាង​ប្រទេស​​និង​​ប្រទេស​ និង​រវាង​ទីក្រុង​និង​ទីជនបទ កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការ​ទទួល​បាន​សេវា​អ៊ីនធឺណិត​ដែល​មាន​គុណភាព ​អក្ខរកម្ម​ផ្នែក​ឌីជីថល​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិយ​ កង្វះ​ការ​បង្កើត​និង​ការ​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល ពាណិជ្ជកម្ម​និង​សេវាកម្ម​ឌីជីថល សន្តិសខុស​អ៊ីនធឺណិត និង​បទល្មើស​បច្ចេកវិទ្យា»។

លោកថា បញ្ហា​ប្រឈម​ទាំង​នេះ​បាន​បង្អាក់​លទ្ធភាព​របស់​ប្រទេស​មួយចំនួន​មិន​ឲ្យ​សម្រេច​បាន​នូវ​សក្ដានុពលសេដ្ឋកិច្ច​របស់​ពួក​គេ។ សង្គ្រាម ជម្លោះ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក៏​បង្ក​ជា​ឧបសគ្គ​ដល់​ប្រទេស​មួយ​ចំនួន​ទៀត​មិន​ឲ្យ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​ពេញ​លេញ​ដើម្បី​ការរីក​ចម្រើន​របស់​ពួក​គេ​ផងដែរ។

លោក​លើក​ឡើង​ថា៖ «ក្នុងន័យនេះ សម្រាប់​កម្ពុជា បញ្ហាពាក់​ព័ន្ធទៅនឹង​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ការ​អភិវឌ្ឍជាទូទៅ រួមទាំង​​ការ​តភ្ជាប់​គម្លាត​ឌីជីថល និង​ការ​ទទួល​បាន​សេវាកម្ម​អ៊ីនធឺណិត​​ដែល​មាន​គុណភាព»។

កម្ពុជា​ចាត់ទុក​សកម្មភាព​បោសម្អាត​​មីន​ជា​អាទិភាព​ទី១៨ នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​ខ្លួន។ 

លោក​ ហ៊ុន ម៉ាណែត​ ជួប​ជាមួយ​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិ នៃគណៈកម្មការ ESCAP ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងបាងកក កាលពី​ថ្ងៃចន្ទ ទី២២ មេសា ២០២៤។ STPM

ខណៈដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ប្រធាននៃ​អនុសញ្ញា​អូតាវ៉ា នៅឆ្នាំ២០២៤នេះ​ និង​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ លោក​ ហ៊ុន ម៉ាណែត​ បាន​ពាវ​នាវ​ឲ្យ​មាន​ការគាំទ្រ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​រួមគ្នា​ដើម្បី​លុប​បំបាត់​អាវុធ​ដ៏ប្រល័យ​ទាំងនេះ ក៏ដូចជា​ការគាំទ្រ​និង​ការចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ​នេះ»។

លោក​បន្ត​ថា៖ «ខ្ញុំជឿជាក់​យ៉ាង​មុតមាំថា ទាំងអស់​គ្នា យើង​នឹង​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល និង​អាច​បង្កើត​បាន​នូវ​អនាគត​ដែល​មាន​ស្ថិរភាព​និង​រីកចម្រើន​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា។ ទាំងអស់​គ្នា យើងនឹង​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​យើង»។

សន្និបាតលើកទី៨០ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​កិច្ច សម្រាប់​អាស៊ី-ប៉ាស៊ីហ្វិក​ កំពុង​រៀបចំឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់​ពី​ថ្ងៃទី២២​ដល់​២៦​ ខែមេសា ក្រោម​ប្រធានបទ «ការប្រើប្រាស់​នវានុវត្តន៍​ឌីជីថល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​អាស៊ី​-ប៉ាស៊ីហ្វិក»។ បើតាម​របៀប​វារៈ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់ និង មកពី​តំបន់​នានា​នៃ​ពិភពលលោក​នឹង​ចូលរួម​ក្នុង​សន្និបាត​នេះ។