ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​មាន​បំណង​ចង់​ឱ្យ​អ្នក​សារព័ត៌មាន​ប្រកាន់​ភ្ជាប់​នូវ​​​ក្រមសីលធម៌​រួម​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា ដែលមាន​សារៈសំខាន់​​​សម្រាប់​ការ​រក្សា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​សុចរិត​ភាព​សង្គម។

ការ​អនុវត្ត​​​ក្នុង​ចំណោម​អង្គភាព​សារព័ត៌មាន​ ត្រូវការ​គោលការណ៍​រួម ដែល​ជំរុញ​ឱ្យ​មាន​សិក្ខាសាលា​មួយ​នៅ​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ ដែល​ដឹកនាំ​ដោយ​លោក​​រដ្ឋមន្ត្រី នេត្រ ភក្ត្រា​ ​ដោយមាន​អ្នកសារព័ត៌មាន​ចំនួន ៣២៥ នាក់​បាន​ចូលរួម។

នេះ​ជា​សិក្ខា​សាលា​​តម្រង់ទិស និង​ប្រមូល​ធាតុចូល​ដើម្បី​រៀបចំ «ធម្មនុញ្ញ​វិជ្ជាជីវៈសារព័ត៌មាន» ដែល​ស្របតាម​បរិបទ​របស់​កម្ពុជា​។​

យោងតាម​​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង បាន​បង្ហាញ​ថា​៖ «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ នឹង​ក្លាយ​ទៅ​ជា​ស្តង់ដា​ប្រតិបត្តិក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ជាតិ សម្រាប់​គ្រប់​តួ​អង្គ​ពាក់ព័ន្ធ​ទាំងអស់​គោរព និង​ប្រតិបត្តិ​តាម សំដៅ​បន្ត​រួម​ចំណែក​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈការ​បន្ត​ផ្តល់​បរិយាកាស​អំណោយផល សម្រាប់​ការ​អនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ​វិជ្ជាជីវៈ នូវ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា»។

ជាមួយគ្នា​នេះ ក្រសួង​បាន​ថ្កោលទោស​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​មិន​សមរម្យ​ក្នុង​វិស័យ​សារព័ត៌មាន ដោយ​លើក​ឡើង​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​​​ទៅលើ​សាសនា វប្បធម៌ និង​តម្លៃសង្គម​។​

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ទង្វើ​ទាំងនេះ​បាន​ធ្វើឱ្យ​តម្លៃ​របស់​អ្នក​សារព័ត៌មាន​ដែល​បានបំពាន​ក្រម​សីលធម៌​នោះ​ធ្លាក់​ចុះ ហើយ​មិនតែ​ប៉ុណ្ណោះ​វា​ប៉ះពាល់​ដល់​តម្លៃ​អ្នក​សារព័ត៌មាន​ផ្សេងទៀត​ដែល​ជា​អ្នក​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អាជីព​សារព័ត៌មាន​ទាំងមូល​ទៀត​ផង។

លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​សុចរិត​ភាព​សង្គម​ក្នុង​ការ​រាយការណ៍។

ដោយ​ឆ្លុះ​បញ្ចាំង​ពី​ភាព​បន្ទាន់​នៃ​គំនិត​ផ្តួចផ្តើម​ទាំងនេះ លោក អ៊ុង ប៊ុនអ៊ី ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឱ្យដឹងថា ​​ប្រទេស​កម្ពុជា​ពិតជា​ត្រូវការ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌​មាន​​នេះ​ណាស់ ដោយហេតុ​ថា ​កន្លងមក កម្ពុជា​​មិនទាន់​ឃើញ​មាន​ស្ដង់ដា​ប្រតិបត្តិ​រួម​ច្បាស់លាស់​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​នៅឡើយ​​។ 

លោកបន្ដថា ការប្រកាន់យក​ក្រម​សីលធម៌​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា ក៏ដូចជា​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ អាច​ធ្វើឱ្យ​ក្រម​សីលធម៌​ផ្នែក​សារព័ត៌មាន​ជារួម ធ្លាក់​ចុះ​ អាច​បង្ក​ឱ្យ​មាន​ភាព​មិន​ត្រឹមត្រូវ​ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន ធ្វើឱ្យ​សាធារណជន​បាត់បង់​ទំនុកចិត្ត​លើ​សារព័ត៌មាន ជាពិសេស​ធ្វើឱ្យ​បាត់បង់​តម្លៃ​ជារួម​នៃ​វិជ្ជាជីវៈ​នេះ។ 

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា​៖ «ដូច្នេះ​ការ​បង្កើត​ឱ្យមាន​ស្តង់ដា​ប្រតិបត្តិ​សម្រាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុង​រូប​ភាពជា​វិធាន ​និង​ស្តង់ដា​អប្បបរមា​នេះ គឺជា​មូលដ្ឋាន​ដែលមាន​សារសំខាន់​ណាស់ ដើម្បី​ពង្រឹង​ក្រមសីលធម៌​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​លើក​កម្ពស់​គុណ​តម្លៃ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេស»។

លោក ប៊ុនអ៊ី បាន​បន្ដថា​ លោក​គិតថា ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ នឹងមិន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ ប្រសិនបើ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក៏ដូចជា​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​គោលការណ៍​គ្រឹះ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​ជា​សាកល មុនពេល​អនុម័ត​សម្រាប់​អនុវត្ត​។ 

លោកបញ្ជាក់ថា ផ្ទុយទៅវិញ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ នឹង​ជួយ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ការ​ទទួល​​ខុសត្រូវ និង​ជួយ​លើកកម្ពស់​គុណ​តម្លៃ​នៃ​វិជ្ជាជីវៈ​នេះ ក៏ដូចជា​ធ្វើ​ឱ្យ​​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត​។​

ទោះយ៉ាងណាក៏ដោយ មិនមែន​ការ​ឆ្លើយតប​ទាំងអស់​ចំពោះ​ធម្មនុញ្ញ​នេះ​សុទ្ធតែ​ទទួល​បាន​មតិ​វិជ្ជមាន​ទាំងស្រុង​នោះទេ។ 

លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និង​អ្នក​ជំនាញ​ទស្សនវិទ្យា​នៃ រាជបណ្ឌិតសភា​កម្ពុជា បាន​ឱ្យ​ដឹង​ថា កម្ពុជា​មាន​ច្បាប់​អ្នកសារព័ត៌មាន ក្រម​សីលធម៌វិជ្ជាជីវៈ​​សារព័ត៌មាន ស្រាប់​តែ​លេច​ពាក្យ​ថ្មី​ «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»។ លោក​បាន​លើក​ជា​សំណួរ​ថា តើ​វា​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​រវាង​​ច្បាប់​អ្នកសារព័ត៌មាន ក្រម​សីលធម៌​វិជ្ជាជីវៈ​​សារព័ត៌មាន និង «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»។

ក្នុងនាម​ជា​អ្នក​ទស្សនវិទ្យា លោក ប៊ុនថង បាន​និយាយ​ថា វិជ្ជាជីវៈ​​សារព័ត៌មាន មាន​នៅក្នុង​សីលធម៌​វិជ្ជាជីវៈ​នេះហើយ​។ នោះមាន​ន័យ​ថា អាជីព​អ្នកសារព័ត៌មាន​ ក្រៅពី​ច្បាប់​សារព័ត៌មាន ពួកគេ​ត្រូវមាន​សីលធម៌​វិជ្ជាជីវៈ​ ដែល​ទាក់ទង​នឹង​សិទ្ធិ កាតព្វកិច្ច គណនី​កិច្ច និងការ​ទទួល​ខុស​ត្រូវ​។ 

លោក​បាន​ឱ្យដឹងថា​៖ «​អ្នកសារព័ត៌មាន​ត្រូវ​ប្រកាន់​សច្ចភាព និយាយ​ការពិត ដឹង​ល្អ ដឹង​អាក្រក់ អ្វីគួរ​ធ្វើ អ្វី​មិន​គួរ​ធ្វើ​ អ្វីជាភារកិច្ច អ្វីជា​កាតព្វកិច្ច​របស់​ខ្លួន​។ ដូច្នេះ ខ្ញុំគិត​ថា ទាក់ទង​នឹង​ទោស​កំហុសធំៗ យើង​ប្រើ​ច្បាប់​អ្នក​សារព័ត៌មាន​ ហើយ​ទាក់ទង​អំពើ​ខុសឆ្គង និងការ​តម្រង់​ទិស​ផ្សេងៗ ដែល​ច្បាប់​សារព័ត៌មាន​ចែង​មិន​អស់​ វាមាន​នៅក្នុង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។ សឹង​តែ​ថា ពីរ​នេះ​ វា​គ្រប់​គ្រាន់ហើយ​»។ 

លោកបន្ដថា លោក​មិន​បាន​ឃើញ​និយមន័យ​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»ថា តើ​វា​មានន័យ​ខ្ពស់​ជាង​ច្បាប់​សារព័ត៌មាន​ ឬក៏​វា​នៅ​ចន្លោះ​ច្បាប់​សារព័ត៌មាន និង​សីលធម៌​វិជ្ជា​ជីវៈសារព័ត៌មាន។ បើវា​នៅចន្លោះ វា​អាស្រ័យ​លើ​ឆន្ទះ​សង្គម​នោះទេ​ថា តើ​កម្ពុជា​ពិត​ជា​ត្រូវការ​​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»ទៀត​។ 

លោក ប៊ុនថង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា ច្បាប់​សារព័ត៌មាន និង​សីលធម៌​វិជ្ជា​ជីវៈសារព័ត៌មាន ពិត​ជា​គ្រប់​គ្រាន់ហើយ​។ លើសពីនេះ អ្នកសារព័ត៌មាន​ត្រូវ​តែ​គោរព​ច្បាប់​សារព័ត៌មាន​អន្ដរជាតិ​ទាំងក្នុង​កម្រិត​តំបន់ និង​អង្គការ​សហប្រជាជាតិ​»។ 

អ្នកស្រាវជ្រាវ​ទស្សនវិទ្យា​រូប​នេះ បាន​និយាយថា យ៉ាងណាមិញ ទាំង​​ច្បាប់​សារព័ត៌មាន និង​សីលធម៌​វិជ្ជា​ជីវៈសារព័ត៌មាន ដែល​មាន​រួច​ហើយ ក៏ដូចជា ​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន» គ្រាន់តែ​ទម្រង់​ទិស ឬចាប់​បង្ខំ​អ្នកសារព័ត៌មាន​បំពេញ​តួនាទី​ភារកិច្ច កាតព្វកិច្ច​របស់ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​គឺជារឿង​ដ៏​សមស្រប​បំផុត​។

ប៉ុន្ដែលោក​បាន​បន្ដថា ទាំង​ច្បាប់ និង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ត្រូវបាន​អនុវត្ដ​តឹងតែង​ពេក​ដល់​អ្នក​សារព័ត៌មាន​ លោក​យល់ថា វាមិន​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​សារព័ត៌មាន​ផ្សាយ​ពីការពិត​ សារព័ត៌មាន​នោះ​ដើរ​តួនាទី​ជា​អ្នក​រាយការណ៍​ ឬអ្នក​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម​ និង​ពាំនាំ​បញ្ហា​សង្គម​ទៅកាន់​ថ្នាក់​ដឹកនាំ​បាន​ដែរ។ 

យ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​ត្រូវ​គោរព​ច្បាប់​សារព័ត៌មាន វិជ្ជាជីវៈ​សារព័ត៌មាន ហើយបើ​ប្រទេស​មួយ​គ្មាន​ច្បាប់ ឬក៏​ជំនាញ​មួយ​គ្មាន​ក្រម​វិជ្ជាជីវៈ សារព័ត៌មាន​មិន​អាច​ក្លាយ​ជា​វិស័យ​មួយ​ដ៏​សំខាន់​ គួរ​ឱ្យ​ជឿ​ទុក​ចិត្ដ និង​ផ្ដល់​តម្លៃ​នោះទេ។ 

លោក​បាន​ថ្លែងថា៖ «សារព័ត៌មាន​នេះគឺជា​អាវុធ​មុខ​ពីរ ដោយ​មុខ​មួយ​គឺជា​អ្នក​ជូន​ដំណឹង ជូន​ព័ត៌មាន ជា​អ្នក​ចែក​រំលែក​ ជា​អ្នក​ផ្សព្វផ្សាយ ពាំនាំ​ពីលើ​ទៅក្រោម ពីក្រោម​ទៅលើ​ ឬក៏​ជា​អ្នក​បំភ្លឺ​សង្គម​នូវ​អ្វីដែល​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ ហើយ​អ្នក​សារព័ត៌មាន​។ ប៉ុន្ដែ​អ្នក​សារព័ត៌មាន​ខ្លះ​មិន​សូវមាន​វិជ្ជាជីវៈ​ដែល​ប្រមែប្រមូល​ព័ត៌មាន​មិន​ល្អិត​ល្អន់​ គ្រប់​ជ្រុង​ជ្រោយ ចេះតែ​ផ្សាយ​ទៅ ដោយ​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ។ អ្នក​សារព័ត៌មាន​ខ្លះ​ទៀត​លម្អៀង​ខ្លាំង​ទៅលើ​គណបក្ស​នយោបាយ​ ឬក្រុម​​ណាមួយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ខុស​»។ 

លោក មាស នី អ្នកស្រាវជ្រាវ​សង្គម​ឯករាជ្យ បាន​ឱ្យដឹងថា បើសិនជា​ការចងក្រង​នេះ មិនបាន​ពិនិត្យ​មើល​នូវ​អ្វីដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​សារព័ត៌មាន។ តើ​វា​យោង​ទៅតាម​រដ្ឋធម្មនុញ្ញ​ដើម​ដែរឬទេ? 

លោក​បាន​និយាយថា៖ «ការ​បង្កើត​អ្វី​ដែល​ថ្មី ច្រើនតែ​ធ្វើ​ឡើង​ដោយ​លម្អៀង និង​គោល​បំណង​ចង់​កំហិត​នៃ​សេរីភាព​សារព័ត៌មាន​ផង។ យើង​រង់ចាំ​មើលថា តើ​បំណង​នៃ​ការចង់បាន​ស្ដង់ដា​សារព័ត៌មាន​នេះ​បែប​មេច»។ 

យ៉ាងណាមិញ លោក​ទទួល​ស្គាល់ថា បើសិន​ជា​ «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន» ត្រូវបាន​បង្កើត​ និង​អនុវត្ដ​តាម​ត្រឹម​ត្រូវ​ វា​ពិតជា​អាច​កាត់​បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​ ពីព្រោះ​បច្ចុប្បន្ននេះ លើសពី​ព័ត៌មាន​ក្លែងក្លាយ​ ជូន​កាល​បញ្ហា​របស់​រដ្ឋ​មិន​ត្រូវបាន​លាត​ត្រដាងការ​ពិត​នោះទេ ទោះបីជា​វាមិន​មែនជា​ប្រភេទ​ព័ត៌មាន​ក្លែងក្លាយ​ ដោយសារ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​រាជរដ្ឋាភិបាល​។ 

លោក មាស នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​សម្រាប់​ខ្ញុំ បើ​គេ​និយាយ​អំពី​ស្ដង់ដា​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ទទួល​ស្គាល់​ដោយ​កម្រិត​ណា​មួយ ឬ​ស្ថាប័ន​ណាមួយ ហើយ​វា​ត្រូវតែមាន​ការ​ឆ្លុះ​បញ្ចាំង​ទៅលើ​រដ្ឋធម្មនុញ្ញ​ ជាពិសេស កុំ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃការ​បញ្ចេញ​មតិ​ ឬសេរីភាព​សារព័ត៌មាន​ ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្មនុញ្ញ​»។ 

លោក អស្នារិទ្ធ បាន​និយាយថា ក្រមសីលធម៌​សំដៅ​ដល់​គោលការណ៍​រួម ជា​មាគ៌ា​តម្រង់​ទិស​ការ​ប្រតិបត្តិការងារ ទង្វើ ឬសកម្ម​ភាព​ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច​តាម​គន្លង​ប្រតិបត្តិ​ស្តង់ដា​វិជ្ជាជីវៈ​អាជីព ដើម្បី​ធានា​ភាព​ត្រឹមត្រូវ ភាព​ស្របច្បាប់  និង​សុចរឹតភាព​ក្នុង​សង្គម។​ 

លោកបន្ដថា ក្នុង​ន័យនេះ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ វិធាន​សំខាន់ៗ និង​ជាស្តង់ដា​អប្បបរមា ដើម្បី​តម្រង់ទិស​លើ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​អនុលោមតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន  សំដៅ​លើកកម្ពស់​គុណ​តម្លៃ​គោលការណ៍​គ្រឹះ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន។

យោង​តាម​សេចក្ដី​ថ្លែងការណ៍ថា លោក​រដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា ក្រោយ​ធម្មនុញ្ញសារព័ត៌មាន​នេះ​ត្រូវ​ បាន​បង្កើត​ឡើង និងប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ អង្គភាព​សារព័ត៌មាន សមាគមសារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត អាច​យក​ធម្មនុញ្ញ​នេះជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ក្រមសីលធម៌​សម្រាប់​អង្គភាព សមាគម និង​ស្ថាប័ន​របស់​ខ្លួន​ផ្ទាល់ សម្រាប់​ឱ្យ​សមាជិក​គោរព និង​អនុវត្តតាម។ 

លោក​បន្ដថា ធម្មនុញ្ញនេះ​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​ វិធាន​សំខាន់ៗ និង​ជា​ស្តង់ដា​អប្បបរមា ដើម្បី​តម្រង់​ទិស លើ​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ដោយ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជាធរមាន៕